បរទេស៖ រុស្ស៊ីបានប្រកាសផែនការវិនិយោគទឹកប្រាក់ជាង ៨ ពាន់លានដុល្លារអាម៉េរិក ដើម្បីសាងសង់មជ្ឈមណ្ឌលឧស្សាហកម្មរ៉ែ និងលោហធាតុដ៏ធំមួយនៅតំបន់ចុងបូព៌ារបស់ខ្លួន ក្នុងគោលបំណងពង្រឹងការផលិតដែកថែបក្នុងស្រុក និងពង្រីកការនាំចេញទៅកាន់ទីផ្សារអន្តរជាតិ ជាពិសេសនៅតំបន់អាស៊ី។
យោងតាមការចេញផ្សាយរបស់សារព័ត៌មានរុស្ស៊ី RT គម្រោងនេះមានទំហំវិនិយោគជាង ៦៦៧ ប៊ីលានរូពី ឬស្មើនឹងប្រមាណ ៨ ពាន់លានដុល្លារអាម៉េរិក ដោយផ្តោតលើទីផ្សារដែលមានតម្រូវការខ្ពស់ រួមមានប្រទេសចិន ឥណ្ឌា និងឥណ្ឌូនេស៊ី។
នាយករដ្ឋមន្ត្រីរុស្ស៊ី លោក Mikhail Mishustin បានចុះហត្ថលេខាលើអនុក្រឹត្យពង្រីកតំបន់អភិវឌ្ឍន៍ជឿនលឿន Khabarovsk ដើម្បីបញ្ចូលគម្រោងឧស្សាហកម្មដ៏ធំនេះ។ គម្រោងនេះនឹងប្រើប្រាស់ប្រភពរ៉ែដែកនៅទីតាំង Milkanskoye ក្នុងតំបន់ Tuguro-Chumikansky ដែលជាតំបន់ដាច់ស្រយាលសម្បូរទៅដោយធនធានរ៉ែ ដើម្បីអភិវឌ្ឍទៅជាមជ្ឈមណ្ឌលផលិតកម្ម និងនាំចេញដ៏សំខាន់។
ក្រោមលក្ខខណ្ឌនៃតំបន់សេដ្ឋកិច្ចពិសេស ក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង LLC Milkan នឹងទទួលបានការលើកទឹកចិត្តផ្នែកពន្ធដារ នីតិវិធីរដ្ឋបាលសាមញ្ញ និងក្របខ័ណ្ឌតំបន់គយសេរី ដើម្បីកាត់បន្ថយឧបសគ្គក្នុងការវិនិយោគ។ តាមអាជ្ញាធរតំបន់ ក្រុមហ៊ុននេះនឹងទទួលខុសត្រូវលើការចំណាយសាងសង់ហេដ្ឋារចនាសម្ព័ន្ធចាំបាច់ដោយខ្លួនឯង ដោយមិនពឹងផ្អែកលើថវិកាផ្ទាល់ពីរដ្ឋាភិបាលឡើយ។
តាមការព្យាករណ៍ នៅពេលសាងសង់រួចរាល់ មជ្ឈមណ្ឌលឧស្សាហកម្មនេះនឹងមានសមត្ថភាពកែច្នៃរ៉ែដែករហូតដល់ ៥៤ លានតោនក្នុងមួយឆ្នាំ និងផលិតគ្រាប់ដែកថែបគុណភាពខ្ពស់ប្រមាណ ១៦ លានតោន ដែលជាវត្ថុធាតុដើមសំខាន់សម្រាប់ឧស្សាហកម្មផលិតដែកថែបទំនើប។
គម្រោងនេះត្រូវបានកំណត់គោលដៅឱ្យឈានដល់សមត្ថភាពប្រតិបត្តិការពេញលេញនៅឆ្នាំ ២០៣២។ ដើម្បីភ្ជាប់តំបន់ផលិតរ៉ែដែលស្ថិតនៅដាច់ស្រយាលទៅកាន់ទីផ្សារអន្តរជាតិ ផែនការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្ដុភាររួមមាន ការសាងសង់ផ្លូវដែកថ្មីប្រវែងប្រមាណ ១៨០ គីឡូម៉ែត្រ ការដំឡើងប្រព័ន្ធខ្សែពានស្វ័យប្រវត្តិ និងការសាងសង់កំពង់ផែសមុទ្រផ្ទាល់ខ្លួន។
គួរឱ្យដឹងថា គម្រោងនេះក៏ជាផ្នែកមួយនៃកញ្ចប់គំនិតផ្តួចផ្តើមសេដ្ឋកិច្ចរួមគ្នា ដែលស្ថិតក្រោមការតាមដានរបស់គណៈកម្មាធិការអន្តររដ្ឋាភិបាលរុស្ស៊ី-ចិន ស្តីពីកិច្ចសហប្រតិបត្តិការវិនិយោគផងដែរ។
ក្រៅពីការពង្រីកសមត្ថភាពផលិតកម្ម និងការនាំចេញ គម្រោងនេះត្រូវបានព្យាករណ៍ថានឹងបង្កើតការងារប្រមាណ ៣,២០០ កន្លែងជាអចិន្ត្រៃយ៍នៅក្នុងតំបន់ និងការងារបណ្ដោះអាសន្នជាង ៥,០០០ កន្លែងក្នុងអំឡុងពេលសាងសង់រយៈពេលច្រើនឆ្នាំ។
បច្ចុប្បន្ន តំបន់អភិវឌ្ឍន៍ជឿនលឿន Khabarovsk មានក្រុមហ៊ុនចុះបញ្ជីប្រមាណ ១៣០ ក្រុមហ៊ុន ដែលកំពុងចូលរួមជំរុញសកម្មភាពសេដ្ឋកិច្ចក្នុងតំបន់ និងពង្រឹងទំនាក់ទំនងពាណិជ្ជកម្មជាមួយដៃគូនៅតំបន់អាស៊ីប៉ាស៊ីហ្វិក៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content