ក្រុងក្វាងចូវ ៖ ការបង្ហាញវត្តមានលើកដំបូងនៃខ្សែភាពយន្តខ្នាតធំ ដែលជាផលិតកម្មរួមគ្នារវាងកម្ពុជា និងចិន មានចំណងជើងថា «The Angkor Code» (កូដអង្គរ) ផលិតដោយក្រុមហ៊ុន Soma Group និង Shinework Pictures នៅក្នុងពិព័រណ៍ភាពយន្តក្រុងក្វាងចូវ ឆ្នាំ២០២៥ (2025 Guangzhou Film Expo) គឺជាសមិទ្ធផលដ៏សំខាន់មួយក្នុងការរឹតចំណងមិត្តភាពឱ្យកាន់តែស៊ីជម្រៅរវាងកម្ពុជា និងចិន។ កិច្ចសហការនេះ មិនត្រឹមតែបង្ហាញពីភាពជាដៃគូដែលកំពុងរីកចម្រើនរវាងប្រជាជាតិទាំងពីរប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងដើរតួជាវេទិកាមួយ ដើម្បីបង្ហាញពីបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជា ទៅកាន់ទស្សនិកជនទូទាំងពិភពលោក ជាពិសេសនៅក្នុងប្រទេសចិន ដោយផ្តោតជាពិសេសទៅលើការទាក់ទាញយុវវ័យ ។

ពិព័រណ៍ភាពយន្តក្រុងក្វាងចូវ ដែលបានប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៩ ដល់ថ្ងៃទី២១ ខែធ្នូ ត្រូវបានរៀបចំឡើងដោយរដ្ឋបាលប្រជាជនក្រុងក្វាងចូវ ហើយព្រឹត្តិការណ៍នេះបានឆ្លុះបញ្ចាំងពីការប្តេជ្ញាចិត្តរបស់ប្រទេសចិន ក្នុងការជំរុញការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។ កាលពីខែឧសភាកន្លងទៅ ខេត្តក្វាងទុងបានដាក់ចេញនូវ «កញ្ចប់គោលនយោបាយ» ដ៏ទូលំទូលាយមួយ ដើម្បីពង្រឹងកិច្ចអភិវឌ្ឍឧស្សាហកម្មវប្បធម៌របស់ខ្លួន។ ក្នុងចំណោមគំនិតផ្តួចផ្តើមទាំងនោះ រួមមាន «គោលការណ៍ភាពយន្ត និងទូរទស្សន៍ចំនួន ១៥» ដែលមានគោលបំណងលើកកម្ពស់ទីផ្សារ តាមរយៈការគាំទ្រយ៉ាងពេញទំហឹងលើខ្សែសង្វាក់ឧស្សាហកម្មទាំងមូល។ នេះរាប់បញ្ចូលទាំងការវិនិយោគហិរញ្ញវត្ថុដ៏ច្រើនសន្ធឹកសន្ធាប់ ការបង្កើតមូលដ្ឋានទិន្នន័យគម្រោង និងការបង្កើនកិច្ចសហការរវាងតំបន់ក្វាងទុង ហុងកុង និងម៉ាកាវ។ វិធានការទាំងនេះ បានទាក់ទាញក្រុមហ៊ុនឈានមុខ និងគម្រោងប្រកបដោយគុណភាពខ្ពស់ជាច្រើន ដែលជួយឱ្យប្រព័ន្ធឧស្សាហកម្មភាពយន្តក្នុងតំបន់កាន់តែមានភាពសម្បូរបែប។
នៅក្នុងពិព័រណ៍ឆ្នាំនេះ ខ្សែភាពយន្ត «The Angkor Code» គឺជាគម្រោងភាពយន្តអន្តរជាតិសំខាន់មួយក្នុងចំណោមគម្រោងផ្សេងទៀត ដែលបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងក្នុងគោលបំណងលើកកម្ពស់ការនិទានរឿងបែបឆ្លងវប្បធម៌។ ដោយផ្អែកលើវិសាលភាពនៃអរិយធម៌ខ្មែរ ដែលល្បីល្បាញតាមរយៈប្រាសាទដ៏អស្ចារ្យ និងសារៈសំខាន់ជាប្រវត្តិសាស្ត្រ រឿង «The Angkor Code» សន្យាថា នឹងក្លាយជាខ្សែភាពយន្តផ្សងព្រេងដ៏រំភើបញាប់ញ័រ បញ្ជ្រាបចូលគ្នានូវរឿងរ៉ាវ និងវប្បធម៌នៃប្រទេសទាំងពីរ។ តាមរយៈសាច់រឿងដ៏ជក់ចិត្ត និងតួអង្គដែលយើងគ្រប់គ្នាអាចយល់អារម្មណ៍បាន ភាពយន្តនេះត្រូវបានផលិតឡើងយ៉ាងពិសេសដើម្បីទាក់ទាញយុវវ័យ ដោយលើកទឹកចិត្តពួកគេឱ្យស្វែងយល់ពីប្រភពដើមនៃវប្បធម៌របស់ខ្លួន និងបង្កើតឱ្យមានស្មារតីនៃភាពជាពលរដ្ឋ។ភាពយន្តនេះនឹងត្រូវថតនៅទីតាំងផ្ទាល់ក្នុងប្រទេសកម្ពុជា និងប្រទេសចិន ដោយប្រមូលផ្តុំនូវក្រុមការងារផលិតកម្រិតកំពូលពីប្រទេសទាំងពីរ ព្រមទាំងមានការចូលរួមពីអ្នកជំនាញលំដាប់អន្តរជាតិផងដែរ។ កិច្ចសហការនេះ មិនត្រឹមតែមានគោលបំណងបង្កើតស្នាដៃសោតទស្សន៍ដ៏អស្ចារ្យប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានគោលដៅបញ្ជ្រាបបញ្ញាញាណនៃបូព៌ាប្រទេស ចូលទៅក្នុងបច្ចេកទេសភាពយន្តទំនើប ដើម្បីផ្តល់នូវទស្សនវិស័យប្លែកគេ ដែលនឹងទាក់ទាញទស្សនិកជនទូទាំងសកលលោក។

លោកស្រី Iris Wang អគ្គនាយិកាក្រុមហ៊ុន Beijing Shinework Pictures និងជាអ្នកផលិតភាពយន្ត «The Angkor Code» រួមជាមួយកញ្ញា Kaliane Tea ប្រធានផ្នែកទីផ្សារនៃក្រុមហ៊ុន Soma Group ដែលមានទីតាំងនៅទីក្រុងភ្នំពេញ និងជាអ្នកផលិតភាពយន្តភាគីកម្ពុជា បានចូលរួមក្នុងពិធីចុះហត្ថលេខាដែលជាសក្ខីភាពភាពជាដៃគូដ៏សំខាន់នេះ។ កិច្ចខិតខំប្រឹងប្រែងរួមគ្នានៃភាគីទាំងពីរ ឆ្លុះបញ្ចាំងពីចក្ខុវិស័យរួម ក្នុងការដោះដូរវប្បធម៍។
លើសពីនេះ លោក ប៉ុក បូរក្ស ប្រធាននាយកដ្ឋានសិល្បៈភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈកម្ពុជា បានសង្កត់ធ្ងន់ក្នុងសុន្ទរកថានៅក្នុងពិព័រណ៍នេះថា វិស័យភាពយន្តគឺជាមធ្យោបាយដ៏សំខាន់សម្រាប់ការផ្លាស់ប្តូរវប្បធម៌។ លោកបានសម្តែងក្តីសង្ឃឹមថា កិច្ចសហការនេះនឹងបើកផ្លូវសម្រាប់គំនិតផ្តួចផ្តើមថ្មីៗបន្ថែមទៀត ក្នុងគោលបំណងបង្កើនការយល់ដឹង និងការឱ្យតម្លៃគ្នាទៅវិញទៅមករវាងប្រទេសចិន និងកម្ពុជា។ តាមរយៈការបង្ហាញពីវប្បធម៌ដ៏រស់រវើក ប្រវត្តិសាស្ត្រ និងមនុស្សជាតិ ខ្សែភាពយន្ត «The Angkor Code» នឹងក្លាយជាឱកាសល្អសម្រាប់ទស្សនិកជននៅក្នុងប្រទេសចិន ក៏ដូចជាទូទាំងសកលលោក ក្នុងការស្វែងយល់ពីខ្លឹមសារពិតនៃប្រទេសកម្ពុជា។

នៅពេលដែលយើងចាប់ផ្តើមការផ្លាស់ប្តូរវប្បធម៌តាមរយៈខ្សែភាពយន្តនេះ យើងមើលឃើញនូវអនាគតមួយ ដែលប្រជាជាតិយើងកាន់តែមានភាពជិតស្និទ្ធនឹងគ្នា តាមរយៈការចែករំលែករឿងរ៉ាវ និងបទពិសោធន៍រួមគ្នា។ ចំណងមិត្តភាពដែលបានបង្កើតឡើងតាមរយៈភាពយន្ត «The Angkor Code» គឺគ្រាន់ចំណុចចាប់ផ្តើមតែប៉ុណ្ណោះ។ វានឹងបើកទ្វារសម្រាប់កិច្ចសន្ទនា កិច្ចសហប្រតិបត្តិការ និងមិត្តភាពយូរអង្វែង ដែលនឹងធ្វើឱ្យវប្បធម៌នៃប្រទេសទាំងពីរកាន់តែសម្បូរបែប ព្រមទាំងជំរុញការយល់ដឹងឱ្យកាន់តែស៊ីជម្រៅក្នុងកម្រិតសកល។ យើងសង្ឃឹមថា ស្នាដៃនេះមិនត្រឹមតែផ្តល់នូវការកម្សាន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយអប់រំ និងផ្តល់ចំណេះដឹងដល់ទស្សនិកជន អំពីភាពស្រស់ស្អាត និងភាពស៊ីជម្រៅនៃប្រវត្តិសាស្ត្រ ក៏ដូចជាវប្បធម៌រៀងៗខ្លួនរបស់យើងផងដែរ។







វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content