សំបកពោត ជាសំណល់ដែលគេបោះចោល ឬបងប្អូនកសិករតែងតែយកឱ្យគោស៊ីតែប៉ុណ្ណោះ ដោយឡែកហាងផ្កាមួយកន្លែងបានកែច្នៃសំបកពោតដែលគ្មានតម្លៃទៅជាផ្កាដ៏ស្រស់ស្អាត ជាពិសេសបានក្លាយជាអំណោយដ៏មានអត្ថន័យ និងមានប្រជាប្រិយភាពនាឱកាសបុណ្យនៃក្ដីស្រឡាញ់ផ្ទាល់តែម្ដង។
ផ្ទះផ្កាខ្មែរ ជាយីហោហាងលក់ផ្កាមួយកន្លែងដែលច្នៃពីសំបកពោតដោយផ្ទាល់ដៃទៅជាផ្កាច្រើនប្រភេទ ចម្រុះពណ៌ មានរាងរូវស្អាតមិនចាញ់ផ្កាស្រស់នោះទេ ហើយថែមទាំងមានអត្ថន័យ និងអាចរក្សាទុកបានយូរដោយមិនបារម្ភខ្លាចស្រពោនស្វិតដូចផ្កាស្រស់នោះឡើយ។
លោក វង្ស ហិរញ្ញនិយុទ្ធ សហស្ថាបនិកហាង ផ្ទះផ្កាខ្មែរ មានប្រាប់ AMS ថា នៅក្នុងឱកាសបុណ្យនៃក្ដីស្រឡាញ់ ឬគេតែងតែហៅថា valentine’s day មានបងប្អូនជាច្រើនបានងាកមកគាំទ្រផ្កាដែលច្នៃពីសំបកពោតនេះច្រើនគួរឱ្យកត់សម្គាល់ ពោលគឺមានកំណើនខ្លាំងជារៀងរាល់ឆ្នាំរហូតផលិតស្ទើរមិនទាន់តម្រូវការ។
លោកបន្ថែមថា អតិថិជនរបស់ផ្កាសំបកពោតមានគ្រប់វ័យ ជាពិសេសអតិថិជនវ័យកណ្ដាលដែលពួកគាត់និយមគាំទ្រផលិតផលក្នុងស្រុក ជាពិសេសផ្កាបរិស្ថានដែលច្នៃចេញពីសំបកពោតនេះតែម្ដង ហើយអតិថិជនទាំងនោះមានទាំងបងប្អូននៅរាជធានីភ្នំពេញ និងផ្ញើទៅតាមបណ្ដាខេត្តមួយចំនួនដូចជាបាត់ដំបង សៀមរាប រតនគិរី កំពង់ចាម និងខេត្តព្រះសីហនុជាដើម។
ស្ថាបនិកខាងលើរូបនេះក៏បន្ថែមទៀតថា ប្រភេទផ្កាដែលពេញនិយមខ្លាំងរួមមានដូចជាផ្កាសំបកពោតលាយបញ្ចូលគ្នាជាមួយស្លឹកត្នោត និងស្លឹកចាក ដែលធ្វើជាផ្កាកុលាប ផ្កាឈូករ័ត្ន និងផ្កាលីលីជាដើម។ សម្រាប់កំណើននៃការគាំទ្រនេះ ក៏ជាផ្នែកមួយជួយដល់ជីវភាពបងប្អូនដែលជាអ្នកផលិតក្នុងសហគមន៍ជាង ២០នាក់ និងសហការជាមួយបងប្អូនប្រមាណ ១០គ្រួសារទៀតផងដែរ។
គួរបញ្ជាក់ដែរថា ដើម្បីអាចទទួលបាននូវផ្កាសំបកពោតមួយទងៗគេត្រូវចំណាយពេល ២-៣នាទីចំពោះផ្កាដែលងាយកាច់ ផ្កាខ្លះចំណាយពេល២-៣ម៉ោង ហើយផ្កាខ្លះទៀតដូចជាផ្កាអ័រគីដេ និងផ្កាលីលីត្រូវចំណាយពេលដល់ទៅកន្លះថ្ងៃក៏មាន។ ដោយឡែកសម្រាប់តម្លៃរបស់ផ្កាច្នៃពីសំបកពោតនេះមានចាប់ពី ១-២០ដុល្លារ ពោលគឺអាស្រ័យលើម៉ូដផ្កា។
ចុងក្រោយ លោក វង្ស ហិរញ្ញនិយុទ្ធ ក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រផ្ការបស់ផ្ទះផ្កាខ្មែរ ហើយមានក្ដីត្រេកអរយ៉ាងក្រៃលែងដែលបងប្អូនខ្មែរយើងបានយល់ដឹងក៏ដូចជាគាំទ្រនូវផលិតក្នុងស្រុកធ្វើដោយដៃ ជាពិសេសគឺជាផលិតផលបរិស្ថានច្នៃចេញពីសំណល់ សំរាម ដែលអាចរក្សាទុកបានយូរ និងស្រស់ស្អាតមិនចាញ់ផ្កានាំចូល ឬផ្កាប្លាស្ទិកនោះទេ៕