ភ្នំពេញ ៖ ជាផ្នែកមួយនៃវិស័យអចលនទ្រព្យ សណ្ឋាគារ និងភោជនីយដ្ឋាននៅក្នុងឆ្នាំ២០២៤នេះ ត្រូវបានរំពឹងថានឹងមានភាពល្អប្រសើរ ខណៈដែលធនាគារជាតិនៃកម្ពុជាបានធ្វើការប៉ានស្មានថា វិស័យសណ្ឋាគារ និងភោជនីយដ្ឋានក្នុងឆ្នាំ២០២៤នេះ អាចនឹងរីកចម្រើនប្រហាក់ប្រហែលនឹងឆ្នាំ២០២៣ដែរ ។
យោងតាមការព្យាករដដែលនេះបានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២៤ រំពឹងកើនឡើង ៦,៤ភាគរយ គាំទ្រដោយវិស័យសំខាន់ៗ រួមមានឧស្សាហកម្មកម្មន្តសាលមិនមែនកាត់ដេរ ពាណិជ្ជកម្ម អចលនទ្រព្យ និងហិរញ្ញវត្ថុ កសិកម្ម កាត់ដេរ សំណង់ ក្នុងនោះវិស័យសណ្ឋាគារ និងភោជនីយដ្ឋានក៏ជាវិស័យសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចកម្ពុជាឆ្នាំ ២០២៤នេះដែរ ។
ការរំពឹងពីការកើនឡើងនៃវិស័យសណ្ឋាគារ និងភោជនីយដ្ឋានដោយផ្អែកលើកំណើនភ្ញៀវទេសចរក្នុងស្រុក និងមកពីខាងក្រៅប្រទេស ក្នុងនោះការដាក់ឱ្យដំណើរការនូវអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ដែលជាអាកាសយានដ្ឋានធំជាងគេនាពេលបច្ចុប្បន្ន អនុញ្ញាតឱ្យយន្តហោះមកពីប្រទេសគោលដៅសំខាន់ចុះចតបាន ដោយមិនចាំបាច់ផ្ទេរជើងហោះហើរដូចមុនទៀតឡើយ ។
បើតាមរបាយការណ៍របស់ក្រសួងទេសចរណ៍បានបង្ហាញផងដែរថា ក្នុងឆ្នាំ២០២៣កន្លងទៅចំនួនភ្ញៀវទេសចរអន្តរជាតិចូលមកកម្ពុជារយៈពេលពេញមួយឆ្នាំ មានចំនួន៥,៤៥លាននាក់ ចំណែកភ្ញៀវទេសចរក្នុងស្រុកពេញមួយឆ្នាំមានរហូតដល់១៨លានាក់ដោយភ្ញៀវទេសចរក្នុងស្រុកម្នាក់ជាមធ្យមចំណាយលើការស្នាក់នៅ និងហូបចុកកក្នុងម្នាក់៥០ដុល្លារអាមេរិក។ កំណើនភ្ញៀវទេសចរជាតិ និងអន្តរជាតិនៅពេលនោះបានធ្វើឱ្យតម្រូវការសណ្ឋាគារ ផ្ទះសំណាក់ និងភោជនីយដ្ឋានមានកំណើនជាងឆ្នាំមុនៗ។
ប្រតិបត្តិករទេសចរណ៍នៅតំបន់ទេសចរណ៍មួយចំនួនក្នុងប្រទេសកម្ពុជា ដូចជា នៅសៀមរាប ព្រះសីហនុ និងមណ្ឌលគីរី ជាដើម បានបង្ហាញពីភាពសប្បាយរីករាយក្នុងការស្វាគមន៍ភ្ញៀវទេសចរជាតិ និងអន្តរជាតិ ខណៈអាជីវកម្មសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួនតូចទៀតនៅមិនទាន់ដំណើរការទាំងស្រុងនៅឡើយ ។
ទោះបីជាយ៉ាងណាក្ដី រាជរដ្ឋាភិបាលកម្ពុជានៅតែបន្តលើកលែងពន្ធលើអាជីវកម្មទេសចរណ៍មួយចំនួនទៀតដែលរងផលប៉ះពាល់ពីវិបត្តិសេដ្ឋកិច្ច ដើម្បីលើកទឹកចិត្តឱ្យវិនិយោគក្នុងការជំរុញការធ្វើអាជីវកម្មបន្ថែម ដោយរំពឹងថាកំណើនសណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន អាហារដ្ឋាន មានការកើនឡើងខ្ពស់ជាងឆ្នាំ២០២៣កន្លងទៅ ៕