កែប ៖ ការបង្កើតអាណាចក្រផ្កាថ្មនៅក្នុងខេត្តកែប នឹងធ្វើឱ្យប្រជាពលរដ្ឋនៅក្នុងខេត្តកែបមានការងារធ្វើមានប្រាក់ចំណូល និងជាកន្លែងដែលជនបរទេសអាចចាត់ទុកខេត្តកែបជាផ្ទះរបស់ខ្លួនផងដែរ។ នេះបើតាមប្រសាសន៍ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ថ្លែងក្នុងពិធីសម្ពោធស្នាដៃសិល្បៈរូបសំណាកផ្កាថ្ម កាលពីល្ងាចថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥ ក្នុងគម្រោងឆ្នេរសមុទ្រគំរូរបស់រីសតថ្ងៃបាំងឆ័ត្រ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានលើកឡើង ថាគណៈកម្មការឆ្នេរបានកំណត់ថា តំបន់ឆ្នេរសមុទ្រកម្ពុជាគឺជារបៀងសេដ្ឋកិច្ចរបស់កម្ពុជា ដូច្នេះយើងត្រូវរួមគ្នារៀបចំឱ្យស្របតាមសក្តានុពលនៃតំបន់នីមួយៗ ដើម្បីប្រែក្លាយតំបន់ឆ្នេរសមុទ្រកម្ពុជាឱ្យទៅជារបៀងសេដ្ឋកិច្ចយ៉ាងពិតប្រាកដ ងាយស្រួលសម្រាប់ប្រជាពលរដ្ឋរស់នៅ បង្កើនសេដ្ឋកិច្ចគ្រួសារ និងសេដ្ឋកិច្ចជាតិ។
ជាមួយគ្នានេះ ឯកឧត្តម ក៏បានកោតសរសើរដល់ស្ថាបត្យករដែលមានទេពកោសល្យសិល្បៈក្នុងការរៀបចំកែច្នៃ និងសាងសង់អាណាចក្រផ្កាថ្មឱ្យលេចចេញជារូបរាងឡើងដ៏គួរអោយទាក់ទាញ ដែលអាចធ្វើឱ្យខេត្តកែបក្លាយជាសហគមន៍ប្រជាជាតិចម្រុះជាតិសាសន៍មកស្នាក់នៅលម្ហែកម្សាន្ត និងអាចចាត់ទុកទីនេះថាជាផ្ទះរបស់ខ្លួនបាន ដែលនេះជាប្រការល្អមួយសម្រាប់កម្ពុជា ហើយនេះគឺជាផ្លែផ្កានៃសន្តិភាព។

ឯកឧត្តម បានថ្លែងថា ៖
«សង្គមដែលស្រឡាញ់សិល្បៈ គឺជាសង្គមរីកចម្រើន ហើយយើងចង់ឃើញកម្ពុជាសម្បូរទៅដោយស្ថាបត្យករដែលមានទេពកោសល្យសិល្បៈបែបនេះក្នុងការកែច្នៃការសាងសង់អគារដែលមិនត្រឹមតែមានគុណភាពរឹងមាំប៉ុណ្ណោះទេ តែថែមទាំងមានសោភ័ណភាពល្អប្រណីតផងដែរ»។
ឯកឧត្តមបានថ្លែងអំណរគុណដល់ស្ថាបនិកអាណាចក្រផ្កាថ្មដែលបានចូលរួមកសាងសង្គមជាតិថ្មីរបស់កម្ពុជា ដែលនេះពិតជាបានបង្ហាញនូវគុណធម៌ចំពោះវីរភាពរបស់អ្នកជំនាន់មុនដែលបានខិតខំប្រឹងប្រែងនាំយកសន្តិភាពមកឱ្យកម្ពុជា ។

លោក Jeff Moons ម្ចាស់ក្រុមហ៊ុនថ្ងៃបាំងឆ័ត្រ បានឱ្យដឹងថា អាណាចក្រផ្កាថ្មមានកម្ពស់ ៥,៧ ម៉ែត្រ រចនាឡើងពីថ្មភ្នំ និងឆ្លុះបញ្ចាំងពីភាពស្រស់ស្អាតនៃបរិស្ថានឆ្នេរសមុទ្រ ដែលបង្ហាញពីតម្រូវការចាំបាច់សម្រាប់ការអភិរក្ស។ ស្នាដៃសិល្បៈនេះរំលេចឱ្យឃើញពីការទទួលខុសត្រូវក្នុងការការពារធនធានសមុទ្រ ផ្កាថ្ម និងប្រព័ន្ធអេកូឡូស៊ីរបស់ខេត្តកែប សម្រាប់មនុស្សជំនាន់ក្រោយ។ លោកសង្ឃឹមថាអាណាចក្រផ្កាថ្មនឹងទាក់ទាញភ្ញៀវទេសចរណ៍មកពីគ្រប់ទិសទីក្នុងប្រទេសកម្ពុជា និងមកពីក្រៅប្រទេសផងដែរ។ អាណាចក្រផ្កាថ្មនេះ មិនគ្រាន់តែជាស្នាដៃសិល្បៈប៉ុណ្ណោះទេតែជាការកែលម្អសម្រាប់គាំទ្រដល់ជីវៈចម្រុះនៅបាតសមុទ្រ និងការអភិវឌ្ឍន៍ឆ្នេរសមុទ្ររបស់ខេត្តកែប ឱ្យកាន់តែមានសោភ័ណភាពបន្ថែមទៀត ។

គួរកត់សម្គាល់ថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ រាជរដ្ឋាភិបាលបានចំណាយថវិកាជាច្រើនអភិវឌ្ឍន៍តំបន់ឆ្នេរ ដូចជា ហេដ្ឋារចនាសម្ព័ន្ធ សមិទ្ធផលទេសចរណ៍នៅក្នុងខេត្តកែប កំពត ព្រះសីហនុ និងខេត្តកោះកុងជាដើម ។ ដោយឡែក ខេត្តកែប ក៏ឃើញថាមានសមិទ្ធផលជាច្រើនបានសាងសង់រួចរាល់ ដូចជា ផ្លូវថ្មីប្របឆ្នេរអង្កោល ឆ្នេរសមុទ្រក្រុងកែប និងឆ្នេរថ្មី ដែលរដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបើកការដ្ឋានចាប់ផ្ដើមសាងសង់កាលពីថ្ងៃទី២២ ខែមករា ឆ្នាំ២០២៥នេះ ជាដើម ។
ទន្ទឹមនឹងនោះដែរ ផ្លូវជិះកង់តាមឆ្នេរសមុទ្រកាត់តាមខេត្តទាំងបួនជាប់សមុទ្រក៏គ្រោងនឹងសាងសង់ ដើម្បីទាក់ទាញទេសចរជាតិ និងអន្តរជាតិដែលនឹងក្លាយជាសមិទ្ធផលថ្មីមួយសម្រាប់ទេសចរក្នុងតំបន់ឆ្នេរ ៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content