បរទេស៖ វៀតណាមរកចំណូលបានជិត ១ ពាន់លានដុល្លារពីការនាំចេញទុរេនទៅកាន់ប្រទេសចិន ខណៈដែលកំពុងពង្រីកខ្លួនទៅកាន់ទីផ្សារបរទេសផ្សេងទៀតផងដែរ។ នេះបើយោងតាមការរាយការណ៍ពី Vietnam Express។
ការនាំចូលទុរេនពីវៀតណាមរបស់ប្រទេសចិនកើនឡើងរហូតដល់ ៤៣ ភាគរយស្មើនឹងទំហំទឹកប្រាក់ ៩៨៨ លានដុល្លារនៅក្នុងឆមាសទីមួយនៃឆ្នាំ ២០២៦។
យោងតាមអគ្គនាយកដ្ឋានគយវៀតណាម បានឱ្យដឹងថា ទុរេនមានចំណែកជាង ៤៨ ភាគរយនៃការនាំចេញផ្លែឈើ និងបន្លែសរុបរបស់វៀតណាមទៅកាន់ប្រទេសចិន។
ជារួម នៅក្នុងឆមាសទីមួយនៃឆ្នាំនេះ ចិននាំចូលបន្លែ និងផ្លែឈើពីវៀតណាមក្នុងទំហំទឹកប្រាក់សរុប ២,០៤ ពាន់លានដុល្លារអាមេរិក ដែលជាកើនឡើងជិត ២៥ ភាគរយពីរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។
លោក Dang Phuc Nguyen អគ្គលេខាធិការនៃសមាគមផ្លែឈើ និងបន្លែវៀតណាម លើកឡើងថា កំណើននៃការនាំចេញទុរេនអាចនឹងបន្តកើនឡើងយ៉ាងខ្លាំងនៅក្នុងឆមាសទីពីរនៃឆ្នាំនេះ។ តំបន់ខ្ពង់រាបកណ្តាល ដែលជាតំបន់ដាំទុរេនធំជាងគេរបស់ប្រទេសទើបតែបានឈានចូលដល់រដូវប្រមូលផលខ្ពស់បំផុតនាពេលថ្មីៗនេះ។
លោកបានឱ្យដឹងទៀតថា ប្រសិនបើវៀតណាមបន្តរក្សាបាននូវល្បឿននៃការនាំចេញទុរេនបច្ចុប្បន្ន កំណើនដ៏រឹងមាំនេះត្រូវបានរំពឹងថានឹងបន្តកើនឡើងបន្ថែមទៀត។
ក្រៅពីទីផ្សារចិន វៀតណាមក៏កំពុងពង្រីកខ្លួននាំចេញទុរេនទៅកាន់ទីផ្សារផ្សេងទៀតផងដែរ។ កាលពីខែកក្កដាកន្លងទៅនេះ ឥណ្ឌាបានអនុញ្ញាតឱ្យនាំចូលទុរេនស្រស់ពីវៀតណាម ដែលជាការបើកទ្វារពីទីផ្សារថ្មីមួយមានប្រជាជនសរុបជាង ១,៤ ពាន់លាននាក់។
ទោះជាយ៉ាងណាក្ដី លោក Dang Phuc Nguyen គូសបញ្ជាក់ថា ចំនួនប្រជាជនច្រើនមិនមែនមានន័យថាទុរេននឹងលក់ដាច់ភ្លាមៗនោះទេ ដោយសារវាគឺជាផ្លែឈើប្លែកខុសគ្នាសម្រាប់អតិថិជនឥណ្ឌាភាគច្រើន ហើយការផ្លាស់ប្តូរទម្លាប់នៃការហូបចុក និង ការរៀបចំប្រព័ន្ធចែកចាយទាមទារពេលវេលា។
នៅដំណាក់កាលដំបូង តម្រូវការទុរេនអាចមាននៅតាមបណ្តាក្រុងធំៗ ហាងលក់ផ្លែឈើនាំចូល បណ្ដាញហាងរាយលំដាប់ខ្ពស់ សណ្ឋាគារ ភោជនីយដ្ឋាន និងប្រព័ន្ធពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce)។
ដោយឡែក ផលិតផលទុរេនក្លាសេ ទុរេនក្រៀម ឬផលិតផលកែច្នៃផ្សេងៗអាចជាជម្រើសមួយសម្រាប់ក្រុមអ្នកនាំចេញវៀតណាមក្នុងការស្ទង់មើលទីផ្សារនៅបរទេស ព្រមទាំងជួយកាត់បន្ថយសម្ពាធនៃការលក់ផ្លែឈើស្រស់ ក្នុងកំឡុងពេលសម្បូរផលផងដែរ៕




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content