ក្រចេះ ៖ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤នេះ សម្រេចបានវឌ្ឍភាពការងារ៣២ភាគរយហើយ ។ នេះបើតាមរបាយការណ៍របស់ក្រសួងសាធារណការ និងដឹកជញ្ជូន កាលពីពេលថ្មីៗនេះ។
យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនឱ្យដឹងថា គិតត្រឹមដំណាច់ខែមីនា ឆ្នាំ២០២៤ គម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ខេត្តក្រចេះ សម្រេចវឌ្ឍនភាពការងារសាងសង់តួស្ពានបាន ៤៥,៥ភាគយ ខណៈដែលការងារសាងសង់ផ្លូវតភ្ជាប់សម្រេចបាន ២៣ភាគរយហើយ។ ជារួមគម្រោងជារូបវ័ន្តទាំងមូលសម្រេចបាន ៣២ភាគរយ ដែលតួលេខនេះបានបង្ហាញឱ្យឃើញពីការវិវត្តក្នុងទិសដៅវិជ្ជមានចំពោះការអនុវត្តគម្រោងការងារខាងលើ ដែលគ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៦។

ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នៅតែសំណូមពរឱ្យក្រុមហ៊ុនសាងសង់ជំរុញការអនុវត្តការងារទៅតាមប្រតិទិនការងារដែលបានកំណត់ឱ្យបានច្បាស់លាស់ ពីព្រោះខណៈនេះជារដូវប្រាំងដែលជាពេលវេលាអំណោយផលដល់ការងារសាងសង់មុននឹងរដូវវស្សាចូលមកដល់នាពេលខាងមុខ ។
ស្ពានឆ្លងទន្លេមេគង្គព្រែកប្រសព្វខេត្តក្រចេះ ត្រូវបានបើកការដ្ឋានសាងសង់កាលពីដើមឆ្នាំ ២០២៣កន្លងទៅ ក្រោមអធិបតីភាពសម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី និងឯកឧត្តម វ៉ាង វិនធាន ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិន។ ស្ពាននេះ មានប្រវែងប្រមាណជាង១៧០០ម៉ែត្រ និងគ្រោងចំណាយទឹកប្រាក់សាងសង់អស់ប្រមាណ ១១៤លានដុល្លារអាមេរិក ។
ស្ពាននេះ គឺជាស្ពានតភ្ជាប់ដ៏មានសារសំខាន់រវាងប្រជាជនក្នុងស្រុកចិត្របុរី និងស្រុកព្រែកប្រសព្វក្នុងខេត្តក្រចេះ និងតភ្ជាប់ទៅកាន់បណ្ដាខេត្តផ្សេងទៀតដែលនៅជាប់នឹងខេត្តក្រចេះ ។ ក្រៅពីសាងសង់ស្ពាន រាជរដ្ឋាភិបាលក៏បានសង់ផ្លូវប្រវែងជាង ៣១គីឡូម៉ែត្រតភ្ជាប់ទៅកាន់ស្ពានមួយនេះ ដែលជាការសម្រួលដល់ការធ្វើដំណើរការរបស់ពលរដ្ឋ ។

កាលពីពេលថ្មីៗនេះដែរ ក្រុមហ៊ុនរបស់ប្រទេសថៃជាច្រើនក៏បានចុះទៅសិក្សាស្វែងរកឱកាសវិនិយោគនៅក្នុងទឹកដីនៃខេត្តក្រចេះផងដែរ ដើម្បីផ្សារភ្ជាប់រវាងទំនាក់ទំនងពាណិជ្ជកម្មរវាងកម្ពុជា និងថែ ហើយរំពឹងថានៅពេលឆាប់ៗនេះ វិនិយោគិនក្នុង និងក្រៅប្រទេសជាច្រើនទៀតនឹងចុះទៅសិក្សាស្វែងរកការវិនិយោគនៅក្នុងខេត្តក្រចេះកាន់តែច្រើនឡើងថែមទៀត ៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content