ភ្នំពេញ ៖ ក្នុងនាមជាធុរកិច្ចបរិយាបន្នដែលមានបទពិសោធន៍អស់រយៈពេលជាច្រើនឆ្នាំមកហើយនោះ ក្រុមហ៊ុន Uniqlo របស់ជប៉ុន នៅតែជាក្រុមហ៊ុនដែលអាចផ្តល់ជាគំរូភាពសម្រាប់ដល់អាជីវកម្មថ្មីៗជំនាន់ក្រោយដែលមានបំណងចង់ក្លាយទៅជាអាជីវកម្មគំរូ និងចូលរួមចំណែកដល់ការរីកចម្រើនរបស់ប្រជាជាតិប្រកបដោយនិរន្តភាព។
មកទល់សព្វថ្ងៃនេះ Uniqlo ដែលជាក្រុមហ៊ុនអ្នកជំនាញឌីសាញ និងលក់សម្លៀកបំពាក់តម្លៃសមរម្យនៅតែបន្តរបៀបធ្វើការរបស់ខ្លួនតាមរយៈផ្តល់ឳកាសជាអាទិភាពសម្រាប់បុគ្គលិកដែលជាជនមានពិការភាព ហើយគំនិតផ្តួចផ្តើមនេះគឺបានកើតឡើងតាំងតែពីឆ្នា២០០១មកម្ល៉េះ ពោលគឺធ្វើយ៉ាងណាគ្រប់សាខារបស់ខ្លួនចាំបាច់មានបុគ្គលិកដែលមានពិការភាពយ៉ាងហោចណាស់ម្នាក់។
បន្ថែមពីលើការផ្តល់ឳកាសការងារសម្រាប់ជនពិការដែលមានជីវភាពលំបាកហើយនោះ ក្រុមហ៊ុននេះក៏បានរៀបចំថ្នាក់គ្រប់គ្រងហាងនីមួយៗឲ្យបានច្បាស់លាស់ផងដែរថាបុគ្គលិកពិការភាពនឹងអាចទទួលបានការហាត់ការជាមុនឲ្យបានត្រឹមត្រូវ និងសមរម្យដើម្បីអាចទាញយកសក្តានុពលឲ្យបានខ្លាំងបំផុតពីបុគ្គលិកទាំងនោះ។
ដើម្បីបញ្ជាក់អំពីការប្តេជ្ញាចិត្តចំពោះជនពិការ និងសង្គមជាតិនោះ Uniqlo ក៏បានចូលរួមជាមួយនឹងThe Valuable 500 ដែលចលនាតស៊ូមតិដែលមានក្រុមហ៊ុនសរុបជាសមាជិក៥០០ក្នុងការទាមទារឲ្យបញ្ចប់រាល់ការរើសអើងទាំងស្រុងសម្រាប់ជនពិការ ហើយអនុញ្ញាតឲ្យពួកគេទទួលបានសិទ្ធិក្នុងការធ្វើការងារដូចទៅនឹងមនុស្សធម្មតាដែរ។
គេជឿជាក់ថា Uniqlo គឺជាធុរកិច្ចបរិយាបន្នដែលអនុវត្តឈរលើគោលការណ៍ដែលផ្តល់ប្រយោជន៍សម្រាប់មនុស្សគ្រប់គ្នាដែលពាក់ព័ន្ធទាំងអស់ ហើយក្នុងនោះបុគ្គលិកដែលជាជនពិការនឹងអាចទទួលបានឳកាសក្នុងការកសាងបទពិសោធហើយនោះគឺជាភាពជោគជ័យបំផុតរបស់ក្រុមហ៊ុន។
គួរឲ្យដឹងដែរថា ក្រុមហ៊ុន Uniqlo ជាយីហោដ៏ល្បីមួយនៅជប៉ុន និងមានប្រវត្តិអាជីវកម្មតាំងតែពីឆ្នាំ១៩៤៩មកម្ល៉េះ។ វាជាក្រុមហ៊ុនជំនាញក្នុងការឌីសាញផ្តោតលើការច្នៃប្រឌិតកាន់តែល្អប្រសើរឡើងទាំងគុណភាព និងគុណតម្លៃ ហើយមានលក្ខណៈចម្រុះខ្លាំងតាំងតែពីសម្លៀកបំពាក់សម្រាប់នៅផ្ទះ នៅកន្លែងធ្វើការ និងចូលរួមកម្មវិធីនានា។
សូមរំលឹកដែរថា ធុរកិច្ចបរិយាប័ន្ន គឺជាអាជីវកម្មឈរលើគោលការណ៍ធុរកិច្ច ដែលបង្កើតដំណោះស្រាយជាប្រព័ន្ធ មានភាពច្នៃប្រតិដ្ឋ និងមានទ្រង់ទ្រាយធំ ដែលឆ្លើយតបទៅនឹងបញ្ហាប្រឈមពាក់ព័ន្ធរបស់ប្រជាជនក្រីក្រ និងប្រជាជនមានចំណូលទាប (BoP និង B40)។ បន្ទាត់អាជីវកម្មបរិយាប័ន្ន ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់ប្រាក់ចំណូលខ្ពស់គួរសម និងបង្កើននូវស្តង់ដារជីវភាពរស់នៅប្រសើរជាងមុនដល់ក្រុមមនុស្សដែលមានចំណូលទាបនៅបាតពីរ៉ាមីត ៤០% និងក្រុមមនុស្សដែលងាយរងគ្រោះ៕