ភ្នំពេញ ៖ នៅថ្ងៃឈប់សម្រាកចុងឆ្នាំខាងមុខនេះគឺជាឱកាសដ៏ល្អបំផុតសម្រាប់បណ្តាប្រតិបត្តិករលក់អចលនទ្រព្យ ជាពិសេសនៅតាមតំបន់សក្ដានុពលទេសចរណ៍ និងសេដ្ឋកិច្ចសំខាន់ៗដូចជា ខេត្តកណ្តាល កំពង់ស្ពឺ កំពត កែប សៀមរាប កំពង់ចាម និងខេត្តមណ្ឌលគីរី ជាដើម។
អគ្គនាយកក្រុមហ៊ុនអចលនទ្រព្យ Show Up Real Estate លោក អ៊ិន ណាង បានមានប្រសាសន៍ប្រាប់ AMS ថា ការទិញ-លក់អចលនទ្រព្យគ្រប់ផ្នែក ជាពិសេសផ្នែកទីផ្សារដីធ្លី និងផ្ទះលំហែរនៅតាមខេត្តគោលដៅទេសចរណ៍គឺមានឱកាសច្រើននៅថ្ងៃឈប់សម្រាកដែលប្រជាជនខ្មែរក្នុងស្រុកចេញកម្សាន្តច្រើន និងឆ្លៀតចូលមើលគម្រោង។
លោកបានបន្តថា ៖
“នៅថ្ងៃឈប់សម្រាក ជាពិសេសនៅថ្ងៃឆ្លងឆ្នាំ សម្រាប់អ្នកដែលមានធនធានសមរម្យ ពួកគេនឹងចេញដើរកម្សាន្តនៅតាមខេត្តគោលដៅទេសចរណ៍នានា ហើយពួកគេក៏អាចចូលមើលគម្រោងអភិវឌ្ឍន៍ដែលត្រូវឆ្លងកាត ឬស្ថិតនៅក្បែរតំបន់ដែលពួកគេចូលទៅលេង ដូច្នេះ វាជាឱកាសល្អសម្រាប់បណ្តាប្រតិបត្តិករក្នុងវិស័យមួយនេះដែលអាចបង្ហាញពីចំណុចពិសេស ចំណុចទាក់ទាញរបស់គម្រោងទៅដល់អតិថិជនគោលដៅ ហើយរហូតអាចមានឱកាសលក់ចេញបានសម្រេចក្នុងឱកាសមួយនេះតែម្ដង”
លោក អ៊ិន ណាង បានបន្តថា ៖
“ភាគច្រើនអ្នកដែលចេញដើរលេងកម្សាន្តគឺជាអ្នកមានធនធានសមល្មម អាចទិញគម្រោងតូចៗដែលកំពុងដាក់លក់បាន ដូចជាគម្រោងដីឡូតិ៍ដែលមានតម្លៃត្រឹមជាង២ម៉ឺនដុល្លារចុះក្រោម ហើយបើសម្រាប់ផ្ទះលំហែរអាចមានតម្លៃត្រឹម៤ម៉ឺនដុល្លារចុះក្រោម ដូច្នេះហើយបានជាក្រុមអ្នកលក់ ឬប្រតិបត្តិករអចលនទ្រព្យចាត់ទុកពួកគាត់ជាអតិថិជនគោលដៅ ហើយបើចំពោះអ្នកដែលមានធនធានច្រើន ឬអ្នកវិនិយោគខ្នាតធំវិញ ពួកគេមិនសូវចាប់អារម្មណ៍ទៅលើគម្រោងដែលមានការអភិវឌ្ឍន៍រួចរាល់ទៅហើយនោះទេ”
ជាមួយនឹងការលើកឡើងខាងលើនេះ លោក អ៊ិន ណាង ដែលជាអ្នកវិនិយោគ និងអភិវឌ្ឍន៍នៅក្នុងផ្នែកដីឡូតិ៍ និងលំនៅដ្ឋានតម្លៃសមរម្យបានបញ្ជាក់ថា ខេត្តដែលមានសក្ដានុពលនៅពេលបច្ចុប្បន្ននេះ រួមមានខេត្តកំពត កំពង់ស្ពឺ កណ្តាល កែប សៀមរាប កោះកុង និងខេត្តកណ្តាល ដោយឡែកសម្រាប់ទីផ្សារអចលនទ្រព្យក្រុងព្រះសីហនុ ហាក់នៅស្ងៀមបន្តិច ខណៈដែលតម្លៃបានឡើងខ្ពស់រួចទៅហើយ ដែលនឹងត្រូវរង់ចាំពេលវេលា ១ ឬ២ ឆ្នាំទៀត ទើបអាចមានសកម្មភាពទីផ្សារឡើងវិញ៕
ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជន
បទយកការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 16/10/2024
Khmer Insider ជាកម្មវិធីវីដេអូឯកសារមួយដែលបង្កើតឡើងដើម្បីបំផុសគំនិតយុវជនឲ្យក្លាហានចាប់យកក្តីស្រមៃ ឬចាប់អារម្មណ៍លើការបង្កើតអាជីវកម្មថ្មីៗជាមួយគំនិត ទុន និងឱកាសទីផ្សារផ្សេងៗ