ដើម Baobab ដែលគេស្គាល់ថាជាដើមឈើនៃជីវិត (Tree of Life) ជាប្រភេទដើមឈើដ៏កម្រមួយប្រភេទដែលលូតលាស់ភាគច្រើននៅតាមតំបន់អាហ្វ្រិក និងមានរូបរាងដូចគ្នាទៅនឹងធុងទឹកយ៉ាងដូច្នោះ ដែលអាចមានគុណប្រយោជន៍យ៉ាងលើសលប់សម្រាប់សេដ្ឋកិច្ច និងមនុស្សជាតិ។
គុណសម្បត្តិដ៏មហាសាលនៃដើមឈើ Baobab ដែលមានរូបរាងដូចជាធុងទឹក មិនត្រឹមតែអាចផ្តល់ជាជម្រកដល់មនុស្សនោះទេ វាក៏អាចស្តុកទុកទឹកបានយ៉ាងច្រើននៅរដូវភ្លៀងធ្លាក់ និងផ្តល់អត្ថប្រយោជន៍មកវិញនៅរដូវក្តៅផងដែរតាមរយៈផ្លែឈើដ៏មានជីជាតិរបស់វា ដែលសំបូរទៅដល់វិតាមីន និងជាតិសសៃ អាចជួយពង្រឹងភាពស៊ាំនៃរាង្គកាយ ជាជំនួយដល់ពោះវៀនបានយ៉ាងល្អទៀតផង។
យ៉ាងណាក៏ដោយ បើទោះបីជាវាបានផ្តល់នូវអត្ថប្រយោជន៍យ៉ាងច្រើនជូនពលរដ្ឋដែលរស់នៅក្នុងប្រទេសអាហ្វ្រិកក្តី ប៉ុន្តែវាមិនសូវគេស្គាល់ទូលំទូលាយនៅក្រៅតំបន់អាហ្វ្រិកឡើយ ពីព្រោះថាពលរដ្ឋក្នុងស្រុកមិនមានលទ្ធភាពក្នុងការនាំចេញ ឬការដាំដុះតាមបែបបច្ចេកទេសឲ្យបានត្រឹមត្រូវនោះទេ ដោយវាអាចលូតលាស់បានដោយខ្លួនឯងតាមបែបធម្មជាតិប៉ុណ្ណោះ។
ថ្វីត្បិតតែមិនបានអំណោយផលខ្លាំងក្នុងការនាំចេញ ប៉ុន្តែគេសង្កេតឃើញមានសហគមអាជីវកម្មតូចមួយក្នុងតំបន់ដែលមានឈ្មោះថា Aduna កំពុងខិតខំប្រឹងប្រែងយ៉ាងខ្លាំងក្នុងការកែច្នៃផ្លែឈើមួយប្រភេទនេះទៅជាអាហារដែលមានភាពល្បីល្បាញ និងនាំចេញទៅកាន់ទីផ្សារពិភពលោក។
ជាលទ្ធផលរបស់ Aduna សហគមជាច្រើនដែលស្ថិតនៅក្នុងតំបន់ដែលមានដើមឈើ Tree of Lifes បាននឹងទទួលបានផលប្រយោជន៍យ៉ាងច្រើនពីដើមឈើមួយប្រភេទនេះ ជាពិសេសស្ត្រីនៅក្នុងពេលរដូវក្តៅជារៀងរាល់ឆ្នាំដោយអាចរកចំណូលបានមួយចំណែកធំតាមរយៈដំណើរការផលិតផ្លែឈើ Baobab ទៅជាម្ស៉ៅអាហារដែលអាចនាំចេញបាន។
មកទល់ពេលនេះ មានពលរដ្ឋក្នុងសហគមប្រមូលផល Baobab ជាង៤០០០នាក់ហើយដែលអាចទទួលបានចំណូលដ៏មាននិរន្តរភាពជារៀងរាល់ឆ្នាំហើយថែមទាំងឈានទៅដល់ការដាំដុះដើមឈើថ្មីៗតាមបែបបច្ចេកទេសដល់ទៅ១៥០០០ដើមមកហើយដែរ។ ជាមួយគ្នានេះ បើតាមការរំពឹងទុកដោយអ្នកជំនាញគេជឿជាក់ថាទីផ្សាររបស់ Baobab នឹងអាចកើនឡើងទៅដល់១ពាន់លានដុល្លារចាក់ចូលទៅក្នុងសេដ្ឋកិច្ចរបស់អាហ្វ្រិក ហើយមិនត្រឹមតែប៉ុណ្ណោះថែមទាំងអាចជួយបង្កើនជីវភាពជូនពលរដ្ឋក្នុងទ្វិបនេះដល់១០លាននាក់នាពេលខាងមុខ៕