បរទេស៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា ក្រុមហ៊ុនផលិតមាសរបស់រដ្ឋាភិបាលចិន Shandong Gold Mining បានប្រកាសថា ម្ចាស់ភាគហ៊ុនធំបំផុតរបស់ខ្លួនបានរកឃើញធនធានមាស ២០០ តោនបន្ថែមទៀតនៅឯអណ្តូងរ៉ែមាស Xiling ក្នុងខេត្ត Shandong ភាគខាងកើតប្រទេសចិនកាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ។
មិនត្រឹមតែប៉ុណ្ណោះ ការរកឃើញនេះបានបន្ថែមនូវទុនបម្រុងមាសសរុបនៅក្នុងអណ្តូងរ៉ែដល់ទៅ ៥៨០ តោន ដែលធ្វើឱ្យវាក្លាយជាកន្លែងស្តុកមាសដ៏ធំបំផុតរបស់ប្រទេសជាមួយនឹងតម្លៃសេដ្ឋកិច្ចប៉ាន់ស្មានចំនួន ២០០ ពាន់លានយ័ន (២៨,៥ ពាន់លានដុល្លារ)។ អណ្តូងរ៉ែមាស Xiling នេះលាតសន្ធឹងលើប្រវែងជិត ២ ០០០ ម៉ែត្រ និងទទឹងជាង ២ ០០០ ម៉ែត្រ ជាមួយនឹងកម្ពស់អតិបរមាគឺ ៦២,៣៥ ម៉ែត្រ។ អត្រារ៉ែមាសជាមធ្យមគឺ ៤,២៦ ក្រាមនៃមាសក្នុងមួយតោន ហើយកន្លែងស្តុកមាសនេះត្រូវបានគេប៉ាន់ស្មានថាអាចផលិតរ៉ែមាសបាន ១ ម៉ឺនតោនក្នុងមួយថ្ងៃសម្រាប់ ៣០ ឆ្នាំខាងមុខទៀត។ ស្របពេលនេះដែរ លោក Feng Tao អគ្គនាយករងនៃក្រុមហ៊ុន Shandong Gold Group បាននិយាយថា ពួកគេបានខួងជាង ១៨០ រន្ធ ហើយក្នុងមួយរន្ធៗមានជម្រៅ ៤ ០០៦ ម៉ែត្រ ដែលស្របទៅតាមគំរូខួងនៅក្នុងប្រទេសចិន។
កាលពីខែមីនាកន្លងទៅនេះ ចិនបានរាយការណ៍ពីការរកឃើញនៃអណ្តូងរ៉ែមាសដ៏ធំមួយ ដែលមានទុនបម្រុងជាមាសជិត ៥០ តោន រួមទាំងមានតម្លៃប៉ាន់ស្មានប្រហែល ៣ ពាន់លានដុល្លារ។ ការរកឃើញនេះស្ថិតនៅ Rushan ដែលមានទីតាំងនៅខេត្ត Shandong ផងដែរ។ តំបន់ភាគឦសាននៃខេត្ត Shandong គឺជាកន្លែងស្តុកទុករ៉ែមាសដ៏ធំបំផុតរបស់ប្រទេសចិន ជាមួយនឹងទិន្នផលមាសដ៏ធំបំផុតទូទាំងប្រទេស។ គួរឲ្យបញ្ជាក់ផងដែរថា នៅក្នុងត្រីមាសទីមួយនៅក្នុងឆ្នាំនេះ ប្រទេសចិនបានផលិតមាសឆៅចំនួន ៨៤,៩៧ តោន ដែលកើនឡើងបាន ១,៨៨ ភាគរយ បើធៀបនឹងឆ្នាំមុន។ ទន្ទឹមនឹងនេះ ទិន្នផលមាសរបស់ចិនបានកើនឡើងដល់ជាង ២៩១ តោន ឬ កើនឡើងពី ១២ ភាគរយពីឆ្នាំមុន៕