អង់តាកទិក ដែលមានផ្ទៃក្រឡាដល់ទៅ១៤លានគីឡូម៉ែត្រការ៉េត្រូវបានគេស្កាល់ថាគឺជាទ្វីបធំបំផុតទី៥ របស់ពិភពលោកគិតជាផ្ទៃដីបន្ទាប់ពី អាស៊ី អាហ៊្វ្រិក អាមេរិកខាងជើង និងអាមេរិកខាងត្បូង។ ទ្វីបនេះស្ថិតនៅភាគខាងត្បូងបំផុតនៃផែនដីគឺជាតំបន់ដែលស្ទើរតែគ្មានមនុស្សរស់នៅនោះឡើយដោយសារតែអាកាសធាតុដ៏សែនត្រជាក់ខ្លាំងពេក ប៉ុន្តែអាចមានតែក្រុមការងារស្រាវជ្រាវរបស់បណ្តាប្រទេសមួយចំនួនប៉ុណ្ណោះ។

ថ្មីៗនេះក្រុមអ្នកវិទ្យាសាស្ត្ររបស់ប្រទេសរុស្ស៊ី និងជាក្រុមអ្នកស្រាវជ្រាវនៅតំបន់ប៉ូលបានរកឃើញនូវវិធីសាស្ត្រដ៏ជោគជ័យមួយដែលអាចដោះស្រាយការផ្គត់ផ្គង់ចំណីអាហារសម្រាប់អ្នករស់នៅក្នុងតំបន់ដែលមានអាកាសធាតុត្រជាក់ជាងគេបំផុតរបស់ពិភពលោកនេះបាន។
វិទ្យាសា្ថនស្រាវជ្រាវតំបន់អាក់ទិក និងអង់តាទិករបស់រុស្ស៊ីហៅកាត់ថា AARI បានធ្វើការប្រកាសគួរឲ្យភ្ញាក់ផ្អើលមួយកាលពីដើមសប្តាហ៍មកនេះថាដំណាំផ្លែឪឡឹកមួយចំនួនបានទទួលជោគជ័យក្នុងការលូតលាស់នៅក្នុងមន្ទីរពិសោធន៍របស់ខ្លួនដែលស្ថិតនៅក្នុងស្ថានីយ៍ Vostok ក្នុងទ្វីបអង់តាទិកគឺជាប្រវត្តិសាស្ត្រដែលមិនធ្លាប់មានឡើយចំពោះដំណាំប្រភេទនេះ។

គម្រោងការពិសោធន៍ដែលជាគម្រោងសហការរួមគ្នារវាង AARI និងវិទ្យាស្ថានស្រាវជ្រាវ Agrophysical និងវិទ្យាស្ថានបញ្ហាជីវវេជ្ជសាស្ត្រនៃបណ្ឌិត្យសភាវិទ្យាសាស្ត្ររុស្ស៊ី។ ដំណើរការដំបូងចាប់តាំងតែពីខែមេសា ខណៈដែលផ្កាឪឡឹកចាប់ផ្តើមលេចពន្លកឡើងនៅខែឧសភាហើយដំណើរការសរុបដើម្បីទទួលបានផ្លែឪឡឹកដែលក្រុមអ្នកវិទ្យាសាស្ត្របានរងចាំគឺមានរហូតទៅដល់១០៣ថ្ងៃ។
ទោះបីជាប្រើប្រាស់ពេលវេលាយូរក្តី ប៉ុន្តែទិន្នផលដែលទទួលបានជាឪឡឹកដែលមានរសជាតិនិងក្លិនដូចទៅនឹងពូជឪឡឹកដើមស្ទើរតែទាំងស្រុងដែលវាជាកត្តាត្រួសត្រាយផ្លូវយ៉ាងសំខាន់មួយសម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រដើម្បីអាចបន្តធ្វើការសាកល្បងដាំដុះបន្លែផ្លែឈើផ្សេងទៀតដូចជាស្តប៊ឺរីប៊្លូបឺរីនិងប្លេកប៊ឺរីផងដែរ។

គួរឲ្យដឹងដែរថា គម្រោងពិសោធន៍របស់ក្រុមអ្នកវិទ្យាសាស្ត្ររុស្ស៊ី ដែលមានឈ្មោះថា Plants ត្រូវបានដាក់ឱ្យដំណើរការនៅ Vostok តាំងក្នុងខែកុម្ភៈ ឆ្នាំ២០២០ដោយចាប់តាំងពីពេលនោះមក អ្នកវិទ្យាសាស្ត្របានជោគជ័យនូវការដាំដុះបន្លែចំនួនដល់ទៅ៨០ប្រភេទរួចមកហើយ រួមមាន ប៉េងប៉ោះ ម្ទេស ជីអង្កាម ស្ពៃខ្មៅ បៃតង និងផ្សេងៗទៀត៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content