បរទេស៖ យោងតាមប្រភពព័ត៌មានពី CNBC បានរាយការណ៍ថា ចិនកំពុងចាប់អារម្មណ៍លើអាមេរិកឡាទីន ខណៈដែលខ្លួនបានក្លាយជាដៃគូពាណិជ្ជកម្មធំបំផុតទី ២ របស់អាមេរិកឡាទីននៅឆ្នាំ២០២១ បើទោះបីជានៅឆ្ងាយពីគ្នារាប់ពាន់គីឡូម៉ែត្រក៏ដោយ។

នៅក្នុងឆ្នាំ២០២១ ពាណិជ្ជកម្មរវាងចិន និងអាមេរិកឡាទីនមានតម្លៃជិត ៤៥០ ពាន់លានដុល្លារ កើនឡើងពី ១២ ពាន់លានដុល្លារ ឬ ជិត ៤០ ដងពីឆ្នាំ២០០០ ។ ក្នុងរយៈពេល ១០ ឆ្នាំចុងក្រោយនេះ ប្រធានាធិបតីចិន Xi Jinping បានជួបប្រជុំគ្នាជាមួយប្រធានាធិបតីវេណេស៊ុយអេឡា Nicolás Maduro យ៉ាងហោចណាស់ ៥ ដង និងបានជជែកគ្នាជាមួយនឹងប្រទេសអាមេរិកឡាទីនជាច្រើនទៀត។
លោកស្រី Margaret Myers ប្រធានកម្មវិធីអាស៊ី និងអាមេរិកឡាទីននៅ Think Tank Inter-American Dialogue បាននិយាយថា ចិនកំពុងសម្លឹងឃើញសណ្តែកសៀងនៅអាមេរិកឡាទីនជាសំខាន់ ដើម្បីដោះស្រាយបញ្ហាប្រឈមផ្នែកសន្តិសុខស្បៀងនៅក្នុងប្រទេសរបស់ខ្លួន។ លើសពីនេះ តំបន់នេះក៏ដើរតួយ៉ាងសំខាន់ក្នុងការធានាដល់សន្តិសុខថាមពលដ៏ទូលំទូលាយសម្រាប់ចិន ហើយនោះជាហេតុផលមួយដែលចិនមានទំនាក់ទំនងជាមួយអាមេរិកឡាទីនបើទោះបីជាមានបញ្ហាប្រឈមជាច្រើននៅទីនោះក៏ដោយ។

មិនត្រឹមតែប៉ុណ្ណោះ ចិនក៏បានវិនិយោគដោយផ្ទាល់នៅក្នុងវិស័យសំខាន់ៗតាមរយៈការវិនិយោគ ការរួមបញ្ចូលគ្នា និងការទិញយកជាដើម។ នៅក្នុងចន្លោះឆ្នាំ២០០៥ និងឆ្នាំ២០២០ ចិនបានបណ្តាក់ទុនច្រើនជាង ១៣០ ពាន់លានដុល្លារនៅក្នុងតំបន់ឡាទីនរួមមាន ការវិនិយោគ ៦០ ពាន់លានដុល្លារនៅក្នុងប្រទេសប្រេស៊ីល ២៧ ពាន់លានដុល្លារនៅក្នុងប្រទេសប៉េរូ, ២៧ ពាន់លានដុល្លារនៅក្នុងប្រទេសឈីលី និងការវិនិយោគផ្ទាល់របស់ចិន ១២ ពាន់លានដុល្លារនៅក្នុងអាហ្សង់ទីន។
យោងតាមប្រភពដដែល បានបង្ហាញថា ចាប់ពីឆ្នាំ២០០០ ដល់ឆ្នាំ២០១០ ការវិនិយោគរបស់ចិននៅអាមេរិកឡាទីនភាគច្រើនចូលទៅក្នុងឧស្សាហកម្មនិស្សារណកម្មរួមមាន វិស័យរុករករ៉េ និងប្រេង។ បន្ថែមពីនេះ ការចាប់ផ្តើមគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវរបស់ចិននៅឆ្នាំ២០១៣ តំបន់នេះបានទទួលប្រាក់កម្ចីមួយចំនួនធំពីធនាគារគោលនយោបាយរបស់ចិនក្នុងការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ។ ក្រៅពីគម្រោងហេដ្ឋារចនាសម្ព័ន្ធ ចិនក៏បានវិនិយោគខាងផ្នែកនយោបាយដែលរសើបនៅក្នុងតំបន់ដូចជាទូរគមនាគមន៍ ថាមពលនុយក្លេអ៊ែរ និងអវកាសផងដែរ។

Roberto Garcia Moritan អតីតអនុរដ្ឋមន្ត្រីការបរទេសអាហ្សង់ទីន បាននិយាយថា ចិនមានស្ថានីយអវកាសនៅអាហ្សង់ទីន ដែលមានបុគ្គលិកយោធាចិនផងដែរ។ ដូច្នេះហើយ ភាគីទាំងពីរកំពុងឈានចូលក្នុងដំណាក់កាលថ្មីនៃទំនាក់ទំនងចិន-អាមេរិកឡាទីន។ ក្រៅពីពាណិជ្ជកម្ម និងទំនិញ វិស័យបច្ចេកវិទ្យាក៏កំពុងក្លាយជាវត្តមានក៏សំខាន់ខ្លាំងនៅក្នុងទំនាក់ទំនងនេះផងដែរ។ ទោះជាយ៉ាងណាក្តី ទីក្រុងប៉េកាំងបានអំពាវនាវក្នុងរបាយការណ៍ប្រព័ន្ធផ្សព្វផ្សាយមុនៗថា ស្ថានីយអវកាសរបស់ខ្លួននៅក្នុងប្រទេសអាហ្សង់ទីនគឺសម្រាប់តែការប្រើប្រាស់លក្ខណៈស៊ីវិលតែប៉ុណ្ណោះ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content