បរទេស៖ កោះតៃវ៉ាន់ប្រកាសពីការហាមឃាត់កម្មវិធីប្រព័ន្ធផ្សព្វផ្សាយសង្គមដ៏ពេញនិយមរបស់ចិន RedNote ឬ Xiaohongshu រយៈពេលមួយឆ្នាំ ដោយសារព្រួយបារម្ភពីការបោកប្រាស់តាមរយៈការទិញទំនិញតាមអ៊ីនធឺណិត ។នេះបើយោងតាមការរាយការណ៍ពី BBC។

កាលពីថ្ងៃព្រហស្បតិ៍ ការិយាល័យស៊ើបអង្កេតឧក្រិដ្ឋកម្មរបស់កោះតែវ៉ាន់បញ្ជាក់ពីការរកឃើញករណីក្លែងបន្លំជាង ១ ៧០០ ករណីនៅលើកម្មវិធី RedNote ឬ Xiaohongshu ចាប់តាំងពីឆ្នាំ ២០២៤ ជាមួយនឹងការខាតបង់សរុបមានតម្លៃជាង ២៤៧ លានដុល្លារតៃវ៉ាន់ (៧,៩9 លានដុល្លារអាម៉េរិក)។ ទន្ទឹមនឹងនេះ ក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតនៅក្នុងកោះតៃវ៉ាន់ត្រូវបានបញ្ជាឱ្យបិទការចូលប្រើកម្មវិធីចិនមួយនេះ ដោយសារប៉ះពាល់ដល់អ្នកប្រើប្រាស់ក្នុងស្រុកយ៉ាងហោចណាស់ ៣ លាននាក់។ BBC ប្រចាំការនៅកោះតៃវ៉ាន់ អះអាងដែរថា អ្នកប្រើប្រាស់ជាច្រើនមិនអាចចូលប្រើប្រាស់កម្មវិធីនេះបានទៀតទេ។ បន្ថែមពីនេះ កម្មវិធីនេះបង្ហោះសារបញ្ជាក់ថា វាមិនអាចដំណើរបានទេ ដោយសារមានការរឹតបន្តឹងសុវត្ថិភាព។
សារព័ត៌មានរបស់កោះតៃវ៉ាន់ រាយការណ៍ថា RedNote ឬ Xiaohongshu កំពុងត្រូវបានហាមឃាត់ជុំវិញករណីក្លែងបន្លំជាច្រើន និង ខកខានមិនបានបំពេញតាមស្តង់ដារសុវត្ថិភាពទិន្នន័យឲ្យបានត្រឹមត្រូវ ដែលធ្វើឱ្យអ្នកប្រើប្រាស់ប្រឈមនឹងហានិភ័យ។ មិនត្រឹមតែប៉ុណ្ណោះ RedNote មិនមានការិយាល័យក្នុងកោះតៃវ៉ាន់ទេ ដែលជាហេតុធ្វើឲ្យខកខានមិនបានឆ្លើយតបទៅនឹងសំណើរបស់និយតករស្នើសុំឲ្យកម្មវិធីនេះដាក់ផែនការកែលម្អវិធានការសន្តិសុខតាមអ៊ីនធឺណិត។
ទន្ទឹមនឹងនេះ ការហាមឃាត់ជាបណ្តោះអាសន្នរបស់កោះតៃវ៉ាន់កើតឡើង ដោយសារមានការព្រួយបារម្ភកាន់តែខ្លាំងឡើងលើការប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គមរបស់ទីក្រុងប៉េកាំង ដែលផ្សព្វផ្សាយទស្សនៈវិជ្ជមាន ឬ លម្អៀងទៅរកប្រទេសចិន និងការផ្សព្វផ្សាយព័ត៌មានមិនពិត។ មិនត្រឹមតែប៉ុណ្ណោះ ទីក្រុងប៉េកាំងតែងតែចាត់ទុកកោះតៃវ៉ាន់ជាខេត្តបំបែកខ្លួន និង ទាមទារឲ្យកោះមួយនេះត្រលប់ទៅស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចិនដីគោកវិញ។

គួរឲ្យបញ្ជាក់ដែរថា កម្មវិធី RedNote ឬ Xiaohongshu គឺជាវេទិកាបង្ហោះវិដេអូស្រដៀងនឹង TikTok ប៉ុន្តែមានមុខងារលក់ ឬ ទិញទំនិញភ្ជាប់មកជាមួយ។ Xiaohongshu បើកដំណើរការក្នុងឆ្នាំ ២០១៣ មានអ្នកប្រើប្រាស់រាប់រយលាននាក់នៅទូទាំងពិភពលោក ជាពិសេសមានប្រជាប្រិយភាពនៅអាស៊ី។ នៅឆ្នាំ ២០២៥ នេះផងដែរ អ្នកប្រើប្រាស់របស់កម្មវិធីនេះកើនឡើងខ្លាំង ដោយសារអ្នកប្រើប្រាស់នៅអាម៉េរិកបានស្វែងរកជម្រើសកម្មវិធីជំនួស TikTok បន្ទាប់ពីរដ្ឋបាល Trump គំរាមបិទដំណើរការនៅក្នុងអាម៉េរិក៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content