អាហ្សង់ទីន ត្រូវបានគេមើលឃើញថាគឺជាប្រទេសដែលបានធ្លាក់ចូលក្នុងស្ថានភាពអាក្រក់ខ្លាំងជាងគេក្នុងតំបន់អាមេរិកឡាទីនបើទោះបីធ្លាប់មានឈ្មោះជាប្រទេសដែលមានភាពចម្រុងចម្រើនខ្លាំងជាងគេកន្លងមកលើគ្រប់វិស័យក៏ដោយ ជាក់ស្តែងនៅពេលនេះពលរដ្ឋប្រមាណ១ ភាគ ៣ កំពុងរស់នៅប្រឈមមុខទៅនឹងបញ្ហាអស្ថិរភាពស្បៀងអាហារ។

នៅក្នុងឯកសារស្រាវជ្រាវមួយដែលធ្វើឡើងដោយទូរទស្សន៍ CNN ដោយផ្តោតសំខាន់ទៅលើជីវិតពលរដ្ឋអាហ្សង់ទីនរាប់រយគ្រួសារកំពុងប្រាស្រ័យទាំងស្រុងទៅលើការស់នៅលើគំនរសំរាម និងសំណង់អាណាធិបតេយ្យមួយកន្លែងក្នុងទីក្រុង Cordoba ហើយសកម្មភាពនេះហាក់ដូចជាមានស្ថានភាពកាន់តែអាក្រក់ឡើងក្នុងពេលដែលកំពុងមានវិបត្តិធំៗ ដូចជា បញ្ហាកូវីដ បញ្ហាអតិផរណា បញ្ហាបម្រែបម្រួលអាកាសធាតុ និងបញ្ហានៅអ៊ុយក្រែន ដែលកំពុងរុញច្រានឲ្យសេដ្ឋកិច្ចអាហ្សង់ទីនពិបាកនឹងងើបឡើងវិញ។

ទីក្រុង Cordoba ជាទីក្រុងដែលមានពលរដ្ឋរស់នៅក្នុងជីវភាពក្រីក្រជាងគេបំផុតរបស់ប្រទេសអាហ្សង់ទីន ហើយក៏ជាទីក្រុងដែលមានប្រជាពលរដ្ឋច្រើនជាងពាក់កណ្តាលរស់នៅក្រោមបន្ទាប់ភាពក្រីក្រ ខណៈដែលតំបន់នៃគំនរសំរាមដ៏ធំល្វឹងល្វើយមួយកន្លែងបានក្លាយទៅជាទីជម្រក និងប្រភពចំណូលចាំបាច់ប្រចាំថ្ងៃសម្រាប់ពលរដ្ឋរាប់ពាន់នាក់កំពុងអាស្រ័យផល។
ពួកគេរស់នៅក្នុងសំណង់អាណាធិបតេយ្យដែលផ្ទះតូចខ្លះមានសមាជិករស់នៅដល់ទៅ៦នាក់ ហើយអ្វីដែល CNN បានផ្តោតសំខាន់នោះគឺគំនរសំរាមដែលជាទីជម្រក និងជាប្រភពចំណូលប្រចាំថ្ងៃរបស់គេដែលពោរពេញទៅដោយភាពប្រថុយប្រថាននឹងគ្រោះថ្នាក់បំផុតចំពោះសុខភាព។
នៅក្នុងចំណោមពលរដ្ឋដែលកំពុងរស់នៅក្នុងតំបន់ដែលប្រឈមនឹងហានិភ័យទៅលើសុខភាពនោះ ក្មេងតូចៗជាច្រើនត្រូវបានឪពុកម្តាយទុកចោលឱ្យនៅជាមួយនឹងបងប្អូន ខណៈដែលមនុស្សចាស់ និងវ័យជំទង់ត្រូវបង្ខំចិត្តទៅធ្វើការនៅលើគំនរសំរាមមួយកន្លែងក្នុងទីក្រុងដែលជាទូទៅមានសំរាមរាប់រយតោនត្រូវបានយកមកចាក់ចោលនៅទីនេះជារៀងរាល់ថ្ងៃ។
គ្រប់ពេលដែលរថយន្តដឹកសំរាមបានមកដល់ទីតាំងចាក់សំរាមមនុស្សវ័យចំណាស់ វ័យជំទង់ទាំងនោះនាំគ្នាដណ្តើមយកថង់សំរាមឲ្យបានមុនគេ ពីព្រោះវាគឺជាឱកាសដែលពួកគេអាចស្វែងរកវត្ថុមានតម្លៃបានច្រើន ហើយភាគច្រើនគឺជាកាកសំណល់ដែលជាវត្ថុធាតុដើមសម្រាប់កែច្នៃឡើងវិញ និងខ្លះទៀតជាអាហារដែលអាចយកមកទទួលទានបាន។ នេះបើយោងតាមសំដីដែលក្រុមក្មេងជំទង់បានបញ្ជាក់ប្រាប់ទៅកាន់ក្រុមការងាររបស់ CNN។
ពួកគេបន្តថា ការងារនេះគឺពិតជាលំបាកខ្លាំងណាស់ដោយត្រូវងើបឡើងតាំងតែពីព្រឹកព្រលឹមដើររើសសំរាមដែលពោរពេញទៅដោយភាពកខ្វក់ ហើយពេលខ្លះត្រូវមុតដៃ មុតជើង ដោយសារតែអំបែង និងកាកសំណល់រឹង ប៉ុន្តែចំណូលដែលពួកគេទទួលបានក្នុងមួយសប្តាហ៍មានត្រឹមតែប៉ុន្មានប៉េសូ (Peso) ប៉ុណ្ណោះ។
ក្រុមមនុស្សជំទង់ទាំងនោះបានឱ្យដឹងថែមទៀតថា មិនត្រឹមតែពិបាកក្នុងការស្វែងរកចំណូលប៉ុណ្ណោះទេ ពលរដ្ឋភាគច្រើនដែលបានធ្វើដំណើរមកដល់ទីតាំងចាក់សំរាមនេះគឺមិនមានផ្ទះរស់នៅសមរម្យឡើយដោយពួកគេចាំបាច់ត្រូវស្វែងរកវត្ថុធាតុដើមដូចជាឈើ និងដែកកំណាត់ៗយកមករៀបចំ និងសាងសង់ផ្ទះដោយខ្លួនឯងបន្តិចម្តងៗទម្រាំមានកន្លែងស្នាក់នៅមួយសមរម្យនឹងគេ។
ទោះបីជាយ៉ាងណាក្តី បញ្ហាបៃកាកសំណល់បានកើតឡើងនៅស្ទើរគ្រប់បណ្តាប្រទេសទាំងអស់លើពិភពលោក មិនថាជាប្រទេសអភិវឌ្ឍ និងកំពុងអភិវឌ្ឍ ឬប្រទេសក្រីក្រនោះទេ គឺតែងកើតមានដូចគ្នា។ គួរបញ្ជាក់ផងដែរថា គំនរសំរាម នៅតែជាបញ្ហាក្នុងការគ្រប់គ្រង រួមតាំងការបែងចែកកាកសំណល់ផងដែរ បើទោះបីជាប្រទេសដែលមានបច្ចេកវិទ្យាទំនើបយ៉ាងណាក៏ដោយ។ ជាក់ស្តែង ផ្អែកតាមទិន្នន័យកាលពីឆ្នាំ២០១៩ ដែលបង្ហាញដោយបណ្ដាញផ្សព្វផ្សាយ Statista បានបញ្ជាក់ថា Las Vegas ដែលជាទីក្រុងមួយស្ថិតនៅក្នុងរដ្ឋណេវ៉ាដា (Nevada) សហរដ្ឋអាមេរិក ក៏មានគំនរសំរាមធំជាងគេបំផុតលើពិភពលោកផងដែរ (Apex Regional Landfill) ដែលមានទំហំរហូតទៅដល់ប្រមាណជា៨៩០ហិកតា និងមានកាកសំណល់សរុបដល់ទៅ៥០លានតោន ហើយបើយើងពិនិត្យទៅលើទិន្នន័យរបស់អង្គការអន្តរជាតិបានបង្ហាញថា គំនរសំរាមគឺមានវត្តមាននៅគ្រប់ទីកន្លែង រាប់ចាប់ពីតំបន់អាហ្វ្រិកទៅដល់អាមេរិកឡាទីនក៏ដូចគ្នា ដែលសូម្បីតែនៅតំបន់អឺរ៉ុបក៏មានដូចគ្នា៕

អ្នកសារព័ត៌មានអន្តរជាតិ
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
“សង្រ្កាន្តអម្រឹត ឆ្នាំ២០២៦” ផ្សារភ្ជាប់នឹងការគោរពដឹងគុណវីរៈកងទ័ពជួរមុខ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 12/04/2026
នាព្រឹកថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៦ គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ អម្រឹត បានរៀបចំ “កម្មវិធីសង្រ្កាន្តអម្រឹត” នៅស្នាក់ការកណ្តាលរបស់គ្រឹះស្ថាន ដោយមានការចូលរួមពីគណៈគ្រប់គ្រង បុគ្គលិក និងក្រុមគ្រួសារបុគ្គលិក សរុបប្រមាណជាង ៥០០ នាក់
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ




វិថីហិរញ្ញវត្ថុ




















Account
Security
Favourite Content