ភ្នំពេញ ៖ ទំហំនៃបម្លាស់ប្តូរពាណិជ្ជកម្មរវាងបារាំង និងកម្ពុជា មានចំនួន១ ៣៦៣ លានអឺរ៉ូ កាលពីឆ្នាំ២០២៣។ បច្ចុប្បន្ន ប្រទេសបារាំងគឺជាដៃគូពាណិជ្ជកម្មទី២របស់កម្ពុជានៅអឺរ៉ុប បន្ទាប់ពីប្រទេសអាល្លឺម៉ង់។ នៅឆ្នាំ២០២៤នេះ ប្រទេសទាំងពីររំពឹងខ្ពស់ថាកំណើនពាណិជ្ជកម្មរវាងប្រទេសទាំងពីរ នឹងកើនឡើងគួរឱ្យកត់សម្គាល់។
នេះជាប្រសាសន៍លើកឡើងរបស់លោក ហ្សាក់ ប៉ឺឡេ ( Jacques PELLET ) ឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជានៅក្នុងសន្និសីទសារពត៌មានស្តីពីការរៀបចំវេទិកាធុរកិច្ចបារាំង-កម្ពុជានាព្រឹកថ្ងៃទី២៨ ខែមិថុនា ឆ្នាាំ២០២៤នៅស្ថានទូតបារាំងប្រចាំកម្ពុជា។
ការនាំទំនិញរបស់បារាំងមកកាន់កម្ពុជាកាលពីឆ្នាំ២០២៣ បានកើនឡើងយ៉ាងខ្លាំង ពោលគឺ ៣១% ធៀបនឹងឆ្នាំ២០២២ ជាពិសេសផលិតផលកសិ-អាហារ ឱសថ និងផលិតផលលោហៈ។ ចំណែកការនាំចេញរបស់កម្ពុជាទៅកាន់ប្រទេសបារាំងវិញមានទំហំទឹកប្រាក់ ១ ១៩២ លានអឺរ៉ូ កាលពីឆ្នាំ២០២៣ ជាពិសេសក្នុងវិស័យវាយនភ័ណ្ឌ ផលិតផលកសិ-អាហារ និងទោចក្រយាន។
លោកឯកអគ្គរដ្ឋទូតបារាំងបានឱ្យដឹងថា៖ ក្នុងទំហំទឹកប្រាក់ប្រមាណ៥៦០លានអឺរ៉ូ ការវិនិយោគរបស់បារាំងនៅកម្ពុជាក៏មានការកើនឡើងផងដែរ ជាពិសេសក្នុងវិស័យសំណង់ កសិ-ឧស្សាហកម្ម និងសេវា។ ក្រៅពីបុត្រសម្ព័ន្ធនៃក្រុមហ៊ុនបារាំងធំៗ វត្តមានដ៏ច្រើននៃក្រុមហ៊ុនក្នុងស្រុករបស់ជនជាតិបារាំងនៅកម្ពុជាដែលមានជាង៤០០ក្រុមហ៊ុនបង្ហាញឱ្យឃើញអំពីការវិនិយោគ ក៏ដូចជាវត្តមានរឹងមាំរបស់បារាំងនៅកម្ពុជា៕
លោក ហ្សាក់ ប៉ឺឡេ បានគូសបញ្ជាក់ថា៖
«តួលេខទាំងនេះឆ្លុះបញ្ចាំងឱ្យឃើញពីភាពរស់រវើកនៃទំនាក់ទំនងសេដ្ឋកិច្ចបារាំង-កម្ពុជា ដែលផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុននៃប្រទេសទាំងពីរ និងចូលរួមចំណែកក្នុងការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា»។
លោកឯកអគ្គរដ្ឋទូតបារាំងប្រចាំកម្ពុជានៅកម្ពុជា បានបង្ហាញក្តីសង្ឃឹមថា តាមរយៈវេទិកាធុរកិច្ចបារាំងកម្ពុជានាពេលខាងមុខនេះ ក្រុមហ៊ុនបារាំងជាច្រើន នឹងមកវិនិយោគទុននៅកម្ពុជា ដែលនឹងនាំកំណើនពាណិជ្ជកម្មនៃប្រទេសទាំងពីរ៕