កែប ៖ ថ្លែងចេញពីខេត្តកែប ឯកឧត្តម សាយ សំអាល់ ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានបញ្ជាក់ថា ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ប្ដេជ្ញាបញ្ចប់បញ្ហាដីធ្លីនៅទូទាំងប្រទេស បង្កើតបរិយកាសគ្មានវិវាទ ជាពិសេសសម្រាប់ខេត្តកែប នឹងបង្កើតផលិតផលទេសចរណ៍ថ្មីៗដើម្បីទាក់ទាញទេសចរឱ្យកាន់តែច្រើន ជួយលើកកម្ពស់កម្រិតជីវភាពរបស់ពលរដ្ឋឱ្យកាន់តែប្រសើរឡើង ។
ក្នុងពិធីចែកវិញ្ញាបនបត្រសំគាល់ម្ចាស់អចលនវត្ថុបង្ហើយទូទាំងខេត្តកែប ដែលបានធ្វើឡើងនៅសាលាស្រុកដំណាក់ចង្អើរ ក្នុងខេត្តកែប នាព្រឹកថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ ឯកឧត្តម សាយ សំអាល់ បានបញ្ជាក់ថា ក្រសួងប្ដេជ្ញាថា នឹងបញ្ចប់បញ្ហាដីធ្លីនៅទូទាំងប្រទេស និងបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា។ លើសពីនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ បានគូសបញ្ជាក់ថាពីផែនការរៀបចំឆ្នេរទាំងអស់នៅក្នុងខេត្តកែប និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកលំហែកំសាន្តក្នុងខេត្តកែប ក្នុងគោលដៅធ្វើយ៉ាងណាជួយឱ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកែបកាន់តែប្រសើរជាងមុន។

ឯកឧត្តមឧបនាយករដ្ឋមន្រ្តី បានបញ្ជាក់ថា យុទ្ធនាការចុះបញ្ជីដីធ្លីបង្ហើយ គឺមានសារៈសំខាន់និងមានអត្ថន័យជាប្រវត្តិសាស្ត្រ ហើយក្នុងនាមក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់ ឯកឧត្តមប្ដេជ្ញានឹងបញ្ចប់បញ្ហាដីធ្លីនៅទូទាំងប្រទេសនិងបង្កើតបរិយាកាសគ្មានវិវាទនៅកម្ពុជា។ ក្បាលដីដែលត្រូវចុះបញ្ជីនៅទូទាំងប្រទេសសរុបមាន ១៤ លានក្បាលដី ។ ជាយុទ្ធសាស្ត្រ ការចុះបញ្ជីដីធ្លីនេះគឺបានបញ្ចប់វិវាទដីធ្លីរាប់ម៉ឺនករណី ហើយបច្ចុប្បន្នវិវាទដីធ្លី គឺថយចុះនៅសល់ប្រមាណត្រឹមតែ ១៥០ ករណីប៉ុណ្ណោះ ។

ឯកឧត្តមបន្ថែមថា អមជាមួយនឹងការចុះបញ្ជីដីធ្លីបង្ហើយនេះ ក្រសួង បាននិងកំពុងអនុវត្តកិច្ចការមួយចំនួនទៀតដើម្បីបង្កើតបរិយាកាសគ្មានវិវាទសម្រាប់សង្គមជាតិ នោះគឺត្រូវដោះស្រាយបញ្ចប់វិវាទដីធ្លីដែលនៅសេសសល់ប្រមាណត្រឹមតែ ១៥០ករណីទៀតប៉ុណ្ណោះ, ដោះស្រាយសម្របសម្រួលបញ្ហានៃការប្រើប្រាស់ដីនៅក្នុងតំបន់បេតិកភណ្ឌពិភពលោកអង្គរនៃខេត្តសៀមរាបឱ្យមានភាពចុះសម្រុងគ្នា, ដោះស្រាយសម្របសម្រួលបញ្ហាក្នុងតំបន់បឹងទន្លេសាប, ការផ្ដល់សេវាគាប់ចិត្តជូនប្រជាពលរដ្ឋតាមរយៈប្រព័ន្ធឌីជីថលដែលងាយស្រួលប្រើប្រាស់គ្រប់ពេលវេលានិងគ្រប់ទីកន្លែង, ដោះស្រាយបញ្ហាបុរីមានវិវាទដែលនៅសេសសល់ និងជួយសម្របសម្រួលអត្រាការប្រាក់កម្ចីជាមួយធនាគារសម្រាប់អតិថិជនរបស់បុរី ដែលជាមន្ត្រីរាជការនិងកងកម្លាំងប្រដាប់អាវុធឱ្យទទួលបានលក្ខខណ្ឌដោយឡែកមួយដើម្បីទទួលបានអត្រាការប្រាក់សមរម្យសម្រាប់ទិញផ្ទះ ។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានកត់សម្គាល់ថា គោលនយោបាយចុះបញ្ជីដីធ្លីដែលផ្ដួចផ្ដើមឡើងដោយសម្ដេចតេជោ ហ៊ុន សែន គឺប្រៀបដូចទៅនឹងឪពុកបានចែកទ្រព្យអោយកូន ហើយសម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត ដែលជានាយករដ្ឋមន្ត្រីបន្តវេន គឺជាអ្នកធានាផ្ដល់សុវត្ថិភាពក្នុងការកាន់កាប់អចលនទ្រព្យស្របច្បាប់ជូនប្រជាពលរដ្ឋ។
ជាមួយនេះឯកឧត្តម បានផ្ដាំផ្ញើដល់ប្រជាពលរដ្ឋឱ្យថែរក្សាសុខភាពអោយបានល្អ និងបានជំរុញដល់កងកម្លាំងនិងអាជ្ញាធរខេត្តកែបឱ្យធានាបាននូវសន្តិសុខសុវត្ថិភាពសំរាប់ប្រជាពលរដ្ឋនិងភ្ញៀវទេសចរណ៍ដែលមកលេងកម្សាន្តនៅខេត្តកែបពីព្រោះខេត្តកែបនិងខេត្តកំពត គឺជាគោលដៅទេសចរណ៍ទី២ បន្ទាប់ពីខេត្តសៀមរាប។ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានគូសបញ្ជាក់ថា នៅក្នុងអាណត្តិទី៧ នេះប្រហែលជាយើងអាចរៀបចំឆ្នេរទាំងអស់នៅក្នុងខេត្តកែបបានចប់សព្វគ្រប់និងបង្កើតផលិតផលទេសចរណ៍ថ្មីៗ ដើម្បីទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកលំហែកំសាន្តក្នុងខេត្តកែបបានកាន់តែច្រើនជារៀងរាល់ថ្ងៃ ក្នុងគោលដៅធ្វើយ៉ាងណាជួយឱ្យជីវភាពរបស់ប្រជាពលរដ្ឋក្នុងខេត្តកែបកាន់តែប្រសើរជាងមុន ៕














វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content