ភ្នំពេញ ៖ ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័តស្តង់ដារអន្តរជាតិចំនួន ២១ ជាស្តង់ដារកម្ពុជានៅក្នុងកិច្ចប្រជុំលើកទី៣១ របស់ខ្លួននៅថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៥ ។ ស្តង់ដារអន្តរជាតិ ISO, IEC និង ISO/IEC ទាំង២១ គ្របដណ្តប់លើផ្នែកសារធាតុ និងផលិតផលគីមី ផ្នែកប្រព័ន្ធគ្រប់គ្រងថាមពល ផលិតផលអគ្គិសនី និងអេឡិចត្រូនិក គ្រឿងបន្លាស់រថយន្ត គ្រឿងសម្អាង ផលិតផលសង្ហារឹមធ្វើពីឫស្សី និងផ្នែកវាយនភ័ណ្ឌ។

ឯកឧត្ដម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បចេ្ចកវិទ្យា និងនវានុវត្តន៍ និងជាប្រធានក្រុមប្រឹក្សាស្ដង់ដារជាតិបានលើកឡើងថា៖
«ស្តង់ដារទាំងនេះគឺជាមូលដ្ឋានគ្រឹះដ៏សំខាន់សម្រាប់វឌ្ឍនភាព និងពង្រឹងអធិបតេយ្យភាពផលិតកម្មរបស់កម្ពុជា ខណៈដែលកម្លាំងសាមគ្គីជាតិដ៏រឹងមាំ និងចលនាគាំទ្រផលិតផលក្នុងស្រុកដ៏ក្លៀវក្លាកំពុងគាំទ្រដល់ការផលិតក្នុងស្រុក។ តាមរយៈការអនុលោមតាមស្តង់ដារទាំងនេះ ធុរកិច្ចកម្ពុជាអាចធ្វើសមាហរណកម្មចូលទៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក និងសកល។ ទន្ទឹមនឹងនោះចូលរួមការពារសុខភាពសាធារណៈ លើកកម្ពស់សុវត្ថិភាពសម្រាប់អ្នកប្រើប្រាស់ និងភាពប្រកួតប្រជែងនៃឧស្សាហកម្មរបស់យើង»។
ទន្ទឹមនឹងការពិនិត្យ និងអនុម័តស្តង់ដារ ក្រុមប្រឹក្សាជាតិក៏បានអនុម័តបង្កើតគណៈកម្មាធិការជាតិថ្មីចំនួន៣ ដើម្បីសម្របសម្រួល និងលើកកម្ពស់ការចូលរួមរបស់កម្ពុជានៅក្នុងសកម្មភាពស្តង់ដារូបនីយកម្មអន្តរជាតិ នៅក្រោមក្របខ័ណ្ឌស្ថាប័នស្តង់ដារអន្តរជាតិ ដូចជា ISO, IEC និង Codex ។ ការកែសម្រួលនេះស្របពេលដែលប្រទេសកម្ពុជាកំពុងរៀបចំចូលជាសមាជិកពេញសិទ្ធិរបស់អង្គការស្តង់ដារអន្តរជាតិ ISO និងជាសមាជិកសហការ (associate member) របស់អង្គការ IEC ត្រឹមឆ្នាំ២០២៦ ខាងមុខ។
គួរជម្រាបថា កាលពីចុងខែធ្នូ ឆ្នាំ២០២៤ ក្រុមប្រឹក្សាស្តង់ដារជាតិបានអនុម័តស្តង់ដារកម្ពុជា (CS) ចំនួន ៣៦ ។ ស្តង់ដារជាតិ មានសារៈសំខាន់បំផុតក្នុងក្របខ័ណ្ឌនៃការនាំចេញ តាមរយៈការលើកកម្ពស់គុណភាព ការជំរុញផលិតកម្ម និងផលិតភាព។ ប៉ុន្តែ អាជីវកម្មមួយចំនួននៅតែយល់ថា ស្តង់ដារ ជាបន្ទុក ដូច្នេះ បេសកកម្មរបស់ក្រុមប្រឹក្សាគឺត្រូវអភិវឌ្ឍស្តង់ដារជាតិសំខាន់ៗឱ្យបានច្រើន ដើម្បីគាំទ្រផលិតផលកម្ពុជា៕









វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content