ភ្នំពេញ ៖ នៅក្នុងឆមាសទី១ឆ្នាំ២០២៤នេះ ក្រឡេកទៅមើលការទិញលក់ និងតម្លៃដីធ្លីនៅតាមបណ្ដាខេត្តជាប់មាត់សមុទ្រនៃព្រះរាជាណាចក្រកម្ពុជា ដែលជាតំបន់មានសក្ដានុពលទាក់ទាញការវិនិយោគមួយក្នុងប្រទេសកម្ពុជាហាក់មិនទាន់មានការប្រែប្រួលនៅឡើយទេ ដោយសកម្មភាពទិញលក់ និងតម្លៃដីធ្លីហាក់នៅទ្រឹងទោះបីជាគម្រោងព្រែកជីកហ្វូណនតេជោពីភ្នំពេញទៅកាន់សមុទ្រនឹងបើកការដ្ឋានសាងសង់នៅរយៈពេល២ខែខាងមុខនេះក្ដី ។

លោក ហ៊ុម តូ អ្នកជំនាញអចលនទ្រព្យមួយរូបប្រចាំខេត្តព្រះសីហនុ បានមានប្រសាសន៍ថា រហូតមកដល់ពាក់កណ្ដាលឆ្នាំ២០២៤នេះ ការទិញលក់ដីធ្លីក៏ដូចជាតម្លៃដីនៅក្នុងខេត្តព្រះសីហនុនៅមិនទាន់មានការប្រែប្រួលនៅឡើយ ដោយមិនទាន់មានវិនិយោគិនថ្មីៗណាចូលមករកដីសម្រាប់អភិវឌ្ឍន៍នៅឡើយ ប៉ុន្តែនៅឆ្នាំ២០២៤នេះ ឃើញថាមានអ្នកវិនិយោគមួយចំនួនចូលមកបន្តការវិនិយោគលើអគារចាស់ៗដែលជាប់គាំងនាពេលកន្លងមកធ្វើឱ្យសកម្មភាពនៃការសាងសង់នៅក្នុងខេត្តព្រះសីហនុមានកំណើនឡើងជាងឆ្នាំមុនៗ ។
លោកបន្តថា តាមរយៈគម្រោងមួយចំនួនដែលបានដាក់ដំណើរការ និងគម្រោងមួយចំនួនទៀតកំពុងសាងសង់ និងគ្រោងអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុនឹងធ្វើឱ្យខេត្តនៃតំបន់ឆ្នេរមួយនេះ កាន់តែមានសក្ដានុពល និងទាក់ទាញអ្នកវិនិយោគទាំងក្នុងនិងក្រៅប្រទេសចូលមកក្នុងខេត្តព្រះសីហនុបន្ថែមទៀត ។
លោកបន្ថែមថា បច្ចុប្បន្ននេះដីនៅក្នុងខេត្តព្រះសីហនុដែលមានតម្លៃខ្ពស់បំផុតគឺនៅតាមបណ្ដោយផ្លូវឯករាជ្យ ពីព្រោះទីនោះជាតំបន់ដែលមានការអភិវឌ្ឍខ្លាំង និងជាតំបន់ ពាណិជ្ជកម្មចម្រុះ ដែលអ្នកវិនិយោគអាចទិញ ហើយសាងសង់អគារខ្ពស់ៗបាន ។

លោក ជិន ណារិន ភ្នាក់ងារអចលនទ្រព្យប្រចាំខេត្តកំពត ក៏បានឱ្យដឹងដែរថា សម្រាប់រយៈពេលប្រមាណ ៦ខែ ឆ្នាំ ២០២៤នេះ នៅខេត្តកំពត ក៏មិនទាន់មានការប្រែប្រួលឬសកម្មភាពទិញលក់ដីធ្លីខ្លាំងដែរ ហេតុនេះហើយទើបធ្វើឱ្យតម្លៃដីធ្លីក្នុងខេត្តកំពតនៅទ្រឹង តែសម្រាប់អ្នកដែលចង់លក់ដីបន្ទាន់ ក៏បានទម្លាក់ថ្លៃក្រោមទីផ្សារ ដើម្បីយកលុយមកដោះស្រាយបញ្ហាចំពោះមុខ ។
លោកបន្តថា នៅពេលឆាប់ៗខាងមុខនេះ ខេត្តកំពតនឹងទាក់ទាញកាន់តែខ្លាំង ព្រោះកំពង់ផែទឹកជ្រៅមួយបានដាក់ដំណើរការ គម្រោងអភិវឌ្ឍន៍របស់រដ្ឋបាលខេត្តកំពតមួយចំនួនក៏បានដាក់ដំណើរ និងមួយចំនួនទៀតក៏កំពុងអភិវឌ្ឍន៍ និងគ្រោងដាក់ដំណើរការនៅពេលឆាប់ៗនេះដែរ ។
លោក លឹម រដ្ឋា ភ្នាក់ងារប្រចាំខេត្តកែប ក៏បានបញ្ជាក់ថា ការទិញលក់ដីធ្លីនៅក្នុងខេត្តកែប គឺមានតែដីទំហំតូចៗ និងមានតម្លៃតិចតួចប៉ុណ្ណោះ សម្រាប់ដីធំៗនៅមិនទាន់មានការទិញលក់ច្រើននោះទេ ហើយតម្លៃដីវិញក៏មិនទាន់មានកំណើនខ្ពស់ជាងឆ្នាំមុនៗដែរ ៕




វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content