ភ្នំពេញ៖ ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍លើកទី ៤ ឆ្នាំ ២០២៦ ដែលផ្តោតសំខាន់លើការផ្សព្វផ្សាយពង្រីកការយល់ដឹងអំពីសមិទ្ធផល ការវិវត្តជឿនលឿន និងចក្ខុវិស័យផ្នែកវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍របស់កម្ពុជាសំដៅគាំទ្រការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ត្រូវបានប្រកាសបើកនាព្រឹកថ្ងៃទី ២៦ ខែមីនា ឆ្នាំ ២០២៦ ក្រោមប្រធានបទ «នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ – Innovation for National Advancement »ក្រោមអធិបតីភាព ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្រ្តី តំណាងដ៏ខ្ពង់ខ្ពស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ប្រារព្ធធ្វើរយៈពេល ៣ ថ្ងៃផ្តើមពីថ្ងៃទី ២៦ ដល់ទី ២៨ ខែមីនា នៅមណ្ឌលសន្និបាត និងពិព័រណ៍កោះពេជ្រ ដែលមានការតាំងពិព័រណ៍ស្នាដៃស្រាវជ្រាវបច្ចេកវិទ្យាថ្មីៗ និងផលិតផលនវានុវត្តន៍ជាង ២០០ ស្តង់មកពីក្រសួង ស្ថាប័ន និងវិស័យឯកជនព្រមទាំងកិច្ចពិភាក្សា និងការផ្លាស់ប្តូរចំណេះដឹងអំពីបញ្ញាសិប្បនិម្មិត ប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍ និងសហគ្រិនភាពនិងមានការចូលរួមពីថ្នាក់ដឹកនាំរាជរដ្ឋាភិបាល សមាជិករដ្ឋសភានិងព្រឹទ្ធសភា អ្នកស្រាវជ្រាវ តំណាងវិស័យឯកជន និងដៃគូអភិវឌ្ឍន៍ ដើម្បីរួមគ្នាពង្រឹងប្រព័ន្ធនវានុវត្តន៍ជាតិ។
នេះក៏ជាវេទិកាសម្រាប់វិស័យឯកជន ពិសេសសហគ្រាសធុនតូច និងមធ្យម ក្នុងការស្វែងរកបច្ចេកវិទ្យាថ្មីៗ បង្កើតភាពជាដៃគូ កែលម្អខ្សែច្រវាក់ផលិតកម្ម និងលើកកម្ពស់សមត្ថភាពផលិត ដើម្បីបំពេញតាមតម្រូវការទីផ្សារ និងស្តង់ដាអន្តរជាតិ។

ឯកឧត្តម វង្សី វិស្សុត ឧបនាយករដ្ឋមន្ត្រីប្រចាំការ រដ្ឋមន្ត្រីទទួលបន្ទុកទីស្ដីការគណៈរដ្ឋមន្ត្រីនិងជាតំណាងសម្ដេចធិបតីនាយករដ្ឋមន្ត្រី បានលើកឡើងថា៖
“ប្រធានបទឆ្នាំនេះ៖ នវានុវត្តន៍ដើម្បីវឌ្ឍនភាពជាតិ គឺពិតជាមានសារៈសំខាន់យ៉ាងខ្លាំងក្នុងការអភិវឌ្ឍរបស់យើងនៅក្នុងរបត់ថ្មីនៃការអភិវឌ្ឍ។ វាមិនមែនគ្រាន់តែជាការបង្ហាញពីទស្សនៈវិស័យនៃការអភិវឌ្ឍន៍របស់កម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែជាការបញ្ជាក់អំពីការប្តេជ្ញាចិត្តយ៉ាងមោះមុតរបស់រាជរដ្ឋាភិបាលក្នុងការប្រែក្លាយរចនាសម្ព័ន្ធសេដ្ឋកិច្ច ឱ្យឆ្ពោះទៅរកម៉ូដែលសេដ្ឋកិច្ចកិច្ចមួយ ដែលផ្អែកលើចំណេះដឹង បច្ចេកវិទ្យា និងការច្នៃប្រឌិត។”
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានបន្តថា វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ មិនមែនជាវិស័យដាច់ដោយឡែកទេ ប៉ុន្តែជាវិស័យយុទ្ធសាស្ត្រគន្លឹះដែលគាំទ្រគ្រប់វិស័យផ្សេងទៀត។ គ្រប់ស្ថាប័ន ទាំងក្នុងវិស័យសាធារណៈ និងឯកជន រួមទាំងសហគ្រាសធុនមីក្រូ តូចនិងមធ្យម សុទ្ធតែមានឱកាសចាប់យកសក្ដានុពលដ៏ខ្លាំងក្លារបស់វិទ្យាសាស្ត្រ បច្ចេកវិទ្យានិងនវានុវត្តន៍ ដើម្បីជំរុញកំណើននិងអភិវឌ្ឍស្ថាប័នរបស់ខ្លួន។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានគូសបញ្ជាក់ថា ក្នុងបរិបទសកលនិងតំបន់ ដែលបាននិងកំពុងវិវត្តយ៉ាងឆាប់រហ័ស និងពិបាកប៉ាន់ស្មានបាន ប្រទេសណាដែលមានលទ្ធភាពបង្កើតនិងអនុវត្តនវានុវត្តន៍បាន ប្រទេសនោះនឹងមានសមត្ថភាពប្រកួតប្រជែងខ្ពស់ និងការធានាបាននូវការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចប្រកបដោយប្រសិទ្ធភាពនិងចីរភាព ជាពិសេសការកំណត់អនាគតរបស់ខ្លួន។ ជាក់ស្ដែង ប្រទេសអភិវឌ្ឍន៍ជឿនលឿនជាច្រើន បាននិងកំពុងបង្កើនការវិនិយោគយ៉ាងខ្លាំងលើបច្ចេកវិទ្យាឈានមុខទំនើបៗ ដោយយល់ឃើញពីភាពចាំបាច់ទាំងនេះ។
ឯកឧត្តមឧបនាយករដ្ឋមន្ត្រី បានស្នើឱ្យគ្រប់តួអង្គក្នុងប្រព័ន្ធនវានុវត្តន៍ជាតិ បង្កើនសមត្ថភាពបច្ចេកវិទ្យាចាំបាច់ ពិសេសហេដ្ឋារចនាសម្ព័ន្ធឌីជីថល ថាមពល ប្រព័ន្ធស្បៀងអាហារ សុខាភិបាល និងការពារជាតិ ដោយបញ្ជាក់ថា៖ “នៅក្នុងបរិបទដែលសណ្ដាប់ធ្នាប់ពិភពលោកត្រូវបានគំរាមកំហែង អធិបតេយ្យភាពបច្ចេកវិទ្យា គឺជាអធិបតេយ្យភាពជាតិ។
ឯកឧត្តមក៏បានលើកឡើងពីភាពចាំបាច់នៃការបង្កើនការវិនិយោគលើការស្រាវជ្រាវនិងអភិវឌ្ឍន៍ (R&D) ដោយតម្រង់ទិសការស្រាវជ្រាវឱ្យស្របតាមតម្រូវការជាតិ និងជំរុញនវានុវត្តន៍ ដោយយកប្រជាជនជាស្នូល ខណៈប្រទេសជឿនលឿនជាច្រើន វិនិយោគប្រមាណ ២ ភាគរយ ទៅ ៣ ភាគរយ នៃផលិតផលក្នុងស្រុកសរុបលើការស្រាវជ្រាវនិងអភិវឌ្ឍន៍។រាជរដ្ឋាភិបាលកម្ពុជាបានបង្កើតមូលនិធិស្រាវជ្រាវជាតិ និងកំពុងពង្រឹងកិច្ចសហការរវាងស្ថាប័នជាតិ ស្ថាប័នសិក្សាស្រាវជ្រាវ និងវិស័យឯកជន ដើម្បីប្រែក្លាយលទ្ធផលស្រាវជ្រាវសម្រាប់ពាណិជ្ជូបនីយកម្ម និងលើកកម្ពស់ការផលិតដែលមានតម្លៃបន្ថែមខ្ពស់។
ថ្លែងក្នុងពិធីបើកទិវាជាតិ ឯកឧត្តមបណ្ឌិត ញឹម ខេមរា រដ្ឋលេខាធិការប្រចាំការ នៃក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា៖
“ការវិនិយោគលើវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាគន្លឹះសំខាន់ក្នុងការកសាងសមត្ថភាពជាតិ និងលើកកម្ពស់ភាពប្រកួតប្រជែងរបស់កម្ពុជា នៅក្នុងតំបន់ និងពិភពលោក។”
ឯកឧត្តមបានបន្ថែមថា រាជរដ្ឋាភិបាលក៏កំពុងជំរុញការចាប់យកបច្ចេកវិទ្យាថ្មីៗ ជាពិសេសបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត (AI) ដើម្បីបង្កើនផលិតភាព និងប្រសិទ្ធភាពសេវាសាធារណៈ ដោយផ្តោតលើការប្រើប្រាស់បច្ចេកវិទ្យាប្រកបដោយក្រមសីលធម៌ បរិយាបន្ន និងការទទួលខុសត្រូវ។
ទិវាជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ គឺជាព្រឹត្តិការណ៍ប្រចាំឆ្នាំ ដែលគាំទ្រការលើកកម្ពស់នវានុវត្តន៍ និងពិពិធកម្មសេដ្ឋកិច្ច ឆ្ពោះទៅការចាកចេញពីឋានៈជាប្រទេសដែលមានការអភិវឌ្ឍតិចតួច និងចក្ខុវិស័យកម្ពុជា ឆ្នាំ ២០៥០៕




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content