សៀមរាប ៖ កម្ពុជាបាននិងកំពុងរៀបចំធ្វើជាម្ចាស់ផ្ទះលើកទី ១ នៃវេទិកាថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី ១១ ដែលស្ដីអំពី3R និងសេដ្ឋកិច្ចចក្រា ពីថ្ងៃទី ៨ ដល់ទី ថ្ងៃ ១០ ខែមករា ឆ្នាំ២០២៣។ វេទិកានេះផ្ដោតសំខាន់លើការគ្រប់គ្រងសំណល់រឹង ខណៈដែលសំរាមនៅលើភពផែនដីចេះតែកើនឡើងពីមួយឆ្នាំ ទៅមួយឆ្នាំ។
នៅក្នុងវេទិកានេះ សមាជិកទាំងអស់បានជួបជុំគ្នាដើម្បីពិភាក្សាពាក់ព័ន្ធនឹងគោលនយោបាយ ផ្ដល់ការគាំទ្រទៅលើការអនុវត្តគម្រោង 3R ចែករំលែកចំណេះដឹង ព័ត៌មាន និងបទពិសោធន៍ល្អៗដល់ប្រទេសជាសមាជិកផ្សេងទៀតផងដែរ។ (3R គឺគោលការណ៍ កាត់បន្ថយ (Reduce) ប្រើប្រាស់ឡើងវិញ (Reuse) និងកែច្នៃឡើងវិញ (Recycle))។
ឯកឧត្តម នេត្រ ភ័ក្ត្រា អ្នកនាំពាក្យនៃក្រសួងបរិស្ថាន បានឱ្យដឹងថា សំណល់រឹងជាច្រើន ក្នុងនោះមាន ផ្លាស្ទីកផងដែរ ត្រូវបានបោះចោលនៅលើផ្ទៃដី និងផ្ទៃទឹក ដែលវាបង្កជាហានិភ័យជាច្រើនដល់ការរស់នៅរបស់ជីវិតលើផែនដី។ បើសិនជាមិនមានវិធានការទប់ស្កាត់លើបញ្ហានេះទេ សំណល់នៅលើពិភពលោកនឹងអាចកើនឡើងដល់ ៣៤ ពាន់លានតោន ដែលចំនួននេះជាចំនួនដ៏ច្រើនលើសលប់ ពោលគឺច្រើនជាងចំនួនត្រីក្នុងមហាសមុទ្រទៅទៀត។
ឯកឧត្តមបានបន្តថា កាលណាកាកសំណល់សល់កាន់តែច្រើន នោះវានឹងផ្ដល់ផលប៉ះពាល់កាន់តែច្រើនដល់សុខភាព ប៉ះពាល់ដល់បរិស្ថាន ក៏ដូចជាសេដ្ឋកិច្ច។ ការប៉ះពាល់ដល់សុខភាព គឺតាមរយៈម្ហូបអាហារ និងសម្ភារៈប្រើប្រាស់ ប៉ះពាល់ដល់បរិស្ថាននៅពេលដែលសំណល់ផ្លាស្ទីកត្រូវបានបោះចោល និងរលាយក្នុងដី ក្នុងទឹក និងដុតជាផ្សែងទៅក្នុងអាកាសជាដើម។ ហើយដើម្បីដោះស្រាយបញ្ហាទាំងនេះ រដ្ឋាភិបាលត្រូវចំណាយថវិកាជាតិអស់ជាច្រើនផងដែរ ដែលនេះជាការខាតបង់ផ្នែកសេដ្ឋកិច្ច។
គួរបញ្ជាក់ថា ថ្នាក់តំបន់អាស៊ី និងប៉ាស៊ីហ្វិកលើកទី ១១ ស្ដីអំពី3R និងសេដ្ឋកិច្ចចក្រាដែលមានកម្ពុជាជាម្ចាស់ផ្ទះ មានប្រទេសចូលរួមចំនួន ៣៩ ប្រទេស នៅក្នុងអាស៊ី និងប៉ាស៊ីហ្វីក ដែលសរុបទៅអាចមានអ្នកចូលរួមចន្លោះពី ៤០០ ទៅ ៥០០ នាក់។ វេទិកានេះត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០០៩ នៅទីក្រុងតូក្យូ ប្រទេសជប៉ុន៕




វិថីហិរញ្ញវត្ថុ


































































Account
Security
Favourite Content