សំបកពោត បើនៅជនបទគេអាចយកទៅឱ្យគោស៊ី តែបើនៅទីក្រុងហាក់បីដូចជាសំរាមដែលសល់ពីផ្លែពោតគឺពុំមានតម្លៃអ្វីឡើយ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍នៅពេលនេះ គឺក្រោមគំនិតច្នៃប្រឌិត និងចូលរួមក្នុងការថែរក្សាបរិស្ថាន កាត់បន្ថយសំរាម យុវជនចំនួនពីរនាក់បានសហការគ្នាកែច្នៃសំបកពោតដែលគេបោះបង់ចោលទៅជាផ្កាដ៏ស្រស់ស្អាត និងអាចលក់បានក្នុងតម្លៃល្អថែមទៀតផង។

ផ្ទះផ្កាខ្មែរ ជាយីហោហាងលក់ផ្កាមួយកន្លែងដែលច្នៃពីសំបកពោតដោយផ្ទាល់ដៃទៅជាផ្កាច្រើនប្រភេទ ចម្រុះពណ៌ រាងរូវស្អាតមិនចាញ់ផ្កាស្រស់ ថែមទាំងមានអត្ថន័យ និងអាចរក្សាទុកបានយូរដោយមិនបារម្ភខ្លាចស្រពោនស្វិតដូចផ្កាស្រស់ទេ។
ក្រោមកិច្ចសហការគ្នារបស់យុវជនទាំង២នាក់ ផ្ទះផ្កាខ្មែរត្រូវបានបង្កើតឡើងដោយស្ថាបនិកម្នាក់ជាអ្នកជំនាញ និងម្នាក់ទៀតជាអ្នកគ្រប់គ្រងការលក់។

លោក វង្ស ហិរញ្ញនិយុទ្ធ សហស្ថាបនិកហាង ផ្ទះផ្កាខ្មែរ មានប្រាប់ AMS ថា ៖
“ផ្ទះផ្កាខ្មែរ ដែលមានទីតាំងនៅម្ដុំបឹងកេងកង រាជធានីភ្នំពេញ បង្កើតឡើងជាការចៃដន្យបំផុតដោយសារខ្ញុំពុំមែនជាអ្នកជំនាញខាងផ្កាពិតប្រាកដទេ តែខ្ញុំមានមិត្តភក្ដិម្នាក់ដែលគាត់ជាអ្នកធ្វើផ្កា ហើយខ្ញុំជាអ្នកផុសលក់តាមប្រព័ន្ធហ្វេសប៊ុក ខ្ញុំឃើញថាមានកាគាំទ្រច្រើន យើងក៏បានបង្កើតផ្ទះផ្កាខ្មែរនេះឡើង”

លោកបន្តថា ៖
“ចំណុចពិសេសរបស់ផ្កាពោតនេះគឺជាផ្កាដែលយើងច្នៃដោយដៃផ្ទាល់ ហើយវត្ថុធាតុដើមជាកាកសំណល់ ហើយក៏បានចូលរួមចំណែកក្នុងការថែរក្សាបរិស្ថានផងដែរ ដោយសារយើងយកផ្កាក្រៀមដែលគេបោះចោលមករៀបផ្គុំជាបាច់ផ្កា កន្ត្រកផ្កា ថូផ្កា ក៏ដូចជាប្រអប់កាដូអនុស្សាវរីយ៍ដ៏ស្រស់ស្អាត និងអាចរក្សាទុកបានយូរផងដែរ”

ជាមួយគ្នានេះដែរ លោក ភិន ពៅ ដែលជាសហស្ថានិកម្នាក់ និងជាអ្នកជំនាញរបស់ ផ្ទះផ្កាខ្មែរ បានលើកឡើងផងដែរថា សំបកពោតស្ងួតអាចបត់ជាផ្កាកុលាប ផ្លាលីលី ផ្កាអ័រគីដេផ្កាឈូករ័ត្ន ផ្កាទុយលីបជាដើម។ សំបកពោតដែលជាវត្ថុធាតុដើមនេះបានប្រមូលយកមកពីផ្សារ ក៏ដូចជាបងប្អូនអ្នកលក់ពោតខ្លះទៀតយកមកឱ្យដល់កន្លែងតែម្ដង។
លោកបានរៀបរាប់ថា ៖
“បន្ទាប់ពីបានសំបកពោតមក គេត្រូវហាលវាឱ្យស្ងួត បន្ទាប់មកគេត្រូវយកវាទៅស្ងោរពណ៌ផ្សេងតាមតម្រូវការ។ ការស្ងោរពណ៌នេះទៀតសោត ក៏ត្រូវការការយកចិត្តទុកដាក់ខ្ពស់ទាំងបរិមាណពណ៌ក្នុងលាយ ក៏ដូចជាកម្ដៅនៅពេលស្ងោរផងដែរ។ បន្ទាប់ពីស្ងោររួច គេយកសំបកពោតទៅហាល ២ទៅ៣ថ្ងៃសិន ទើបអាចយកទៅអ៊ុត កៀប ដើម្បីធ្វើជាស្រទាប់ៗ ទើបយកមកកាច់ផ្គុំផ្កាផ្សេងៗតាមតម្រូវការ។ ដោយសារត្រូវការហាលថ្ងៃច្រើនបែបនេះទើបគេញាប់ដៃញាប់ជើងសម្រុកហាលសំបកពោតទុកនៅរដូវប្រាំងចៀសវាងខ្វះសំបកពោតនៅរដូវវស្សា”
ចំពោះរយៈពេលផលិតវិញ ដើម្បីអាចទទួលបាននូវផ្កាសំបកពោតមួយទងៗគេត្រូវចំណាយពេល ២-៣នាទីចំពោះផ្កាដែលងាយកាច់ ផ្កាខ្លះចំណាយពេល២-៣ម៉ោង ហើយផ្កាខ្លះទៀតដូចជាផ្កាអ័រគីដេ និងផ្កាលីលីចំណាយពេលដល់ទៅកន្លះថ្ងៃក៏មាន។ ដោយឡែកសម្រាប់តម្លៃរបស់ផ្កាច្នៃពីសំបកពោតនេះមានចាប់ពី ១-២០ដុល្លារ ពោលគឺអាស្រ័យលើម៉ូដផ្កា។
លោក លោក វង្ស ហិរញ្ញនិយុទ្ធ បានរំឮកដែរថា ហាង ផ្ទះផ្កាខ្មែរ បង្កើតដំបូងនៅឆ្នាំ២០២១ គឺចាប់ផ្ដើមពីទុនតិចតួចប្រមាណ ១០-២០ ម៉ឺនរៀល ដោយសារគ្រាន់តែធ្វើផ្កាលក់នៅតាមរបងសាលាប៉ុណ្ណោះ រហូតដល់បច្ចុប្បន្នបានបង្កើតចេញជាហាងដែលត្រូវរ៉ាប់រងចំណាយលើការជួលទីតាំង ថ្លៃឈ្នួលបុគ្គលិក ក៏ដូចជាថ្លៃទឹក ភ្លើងផងដែរ។
ទាក់ទងទៅនឹងបញ្ហាប្រឈមដែលគេជួបប្រទះធំជាងគេនោះគេគឺ ការផលិត ដោយសារការធ្វើផ្កាមួយទងៗត្រូវការការផ្ចិតផ្ចង់ និងដាក់អារម្មណ៍ខ្លាំង ប្រសិនបើអារម្មណ៍មិនល្អ ឬក៏មិនសប្បាយចិត្តនោះពុំអាចផលិតផ្កាបានស្អាតនោះឡើយ។ មួយវិញទៀត នៅរដូវភ្លៀងក៏ចោទជាបញ្ហាផងដែរ ដោយសារសំបកពោតត្រូវការហាលថ្ងៃ តែបើពេលហាលវាត្រូវទឹកភ្លៀងសំបកពោតសើមនោះវាអាចនឹងដុះផ្សិតខូចពុំអាចផលិតបានឡើយ។
ជាចុងក្រោយ ស្ថាបនិករូបនេះ បានលើកទឹកចិត្តអ្នកដែលចង់កែច្នៃផ្កាដូចពួកគាត់ ត្រូវតាំងចិត្តធ្វើអស់ពីចិត្ត នោះលទ្ធផលនឹងអាចបាននូវអ្វីដែលចង់បាន។ ជាមួយគ្នានេះ លោកក៏សូមថ្លែងអំណរគុណដល់អតិថិជនដែលតែងតែគាំទ្រផ្កាសំបកពោត ហើយនៅថ្ងៃមុខលោកចង់ឃើញវត្តមានផ្កាពោតមានដាក់តាំងនៅគ្រប់ទីកន្លែង។ មួយវិញទៀត លោកក៏ចង់ចែករំលែកជំនាញកាច់ផ្កាសំបកពោតនេះដល់អ្នកដែលមានបំណងចង់រៀន ដែលជាផ្នែកមួយជួយផ្តល់ជំនាញដល់អ្នកជំនាន់ក្រោយ ដែលអាចរកបានចំណូលពីជំនាញនេះផងដែរ៕

ជីវប្រវត្តិ: ជានិស្សិតនៃសាលកវិទ្យាល័យភូមិន្ទភ្នំពេញ ដេប៉ាតឺម៉ង់ប្រព័ន្ធផ្សព្វផ្សាយ និងសារគមនាគមន៍។ បច្ចុប្បន្ន ជាអ្នករាយការណ៍ព័ត៌មាននៅ AMS Economy ។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
រកឃើញយន្តហោះចម្បាំងជប៉ុន សម័យសង្គ្រាមលោកលើកទី ២ ក្រោយបាត់ខ្លួនអស់ ៨១ ឆ្នាំ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
យន្តហោះចម្បាំងមួយគ្រឿង ដែលធ្លាប់ត្រូវបានប្រើប្រាស់អំឡុងសម័យសង្គ្រាមលោកលើកទី ២ ដោយកងទ័ពជើងទឹកអធិរាជជប៉ុន ឬ Imperial Navy ត្រូវបានគេរកឃើញ បន្ទាប់ពីវាបានដេកលង់លក់នៅក្រោមបាតសមុទ្រអស់រយៈពេល ៨១ ឆ្នាំ
៥ឆ្នាំទៀត ចិននឹងមានឡានតាក់ស៊ីគ្មានមនុស្សបើករហូតដល់ ៤លានគ្រឿង
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
៥ឆ្នាំទៀត ឬនៅឆ្នាំ២០៣០ ប្រទេសចិនបានកំណត់គោលដៅដាក់ដំណើរការឡានតាក់ស៊ីគ្មានមនុស្សបើក ឬបើកបរដោយស្វ័យប្រវត្តិរហូតដល់ ៣០០ ០០០គ្រឿង នៅតាមបណ្តាទីក្រុងធំៗចំនួន៤
ចិន ជោគជ័យសាកល្បងហោះហើរយន្តហោះគ្មានមនុស្សបើកធំបំផុតក្នុងលោក
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ចិន កាន់តែវិវឌ្ឍរីកចម្រើនថែមមួយកម្រិតទៀត ស្របពេលដែលមហាយក្សនៅអាស៊ីមួយនេះ បានទទួលជោគជ័យក្នុងការសាកល្បងហោះហើរយន្តហោះដ្រូនដឹកជញ្ជូនធំជាងគេបំផុតរបស់ពិភពលោក
៣ ខែដំបូង កូរ៉េខាងជើង បាញ់តេស្តមីស៊ីល ១៣ គ្រាប់ ខណៈ លោក គីម ជុងអ៊ុន ថាមកពីវិបត្តិភូមិសាស្ត្រនយោបាយ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/04/2026
ត្រឹមរយៈពេល ៣ ខែដំបូងនៃឆ្នាំ២០២៦ នេះ ប្រទេសកូរ៉េខាងជើងបានបាញ់សាកល្បងមីស៊ីលផ្លោងរបស់ខ្លួនចំនួន ៣ លើក និងមានមីស៊ីលសរុបចំនួន ១៣ គ្រាប់
រោងចក្រ Newbustar (crossleader) ជារោងចក្រទីពីរ ដែលមានសិទ្ធិលក់ ចែកចាយ និងផលិតសំបកកង់ឡាននៅខ្មែរ
ព្រឹត្តិការណ៍, អត្ថបទពាណិជ្ជកម្ម
• 10/04/2026
ស្របពេលគ្រប់ទំនិញឡើងថ្លៃស្ទើរគ្រប់មុខដោយសារតែប្រេងឥន្ធន:ឡើងថ្លៃធ្វើឱ្យប៉ះពាល់ដល់ទីផ្សារទំនិញទូទាំងសកលលោក។ ទោះជាយ៉ាងណាក្តីអ្វីដែលល្អសម្រាប់កម្ពុជាត្រូវបានទទួលកាដូពិសេសមុនចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរខាងមុខនេះបែរជាមានវត្តមានសំបកកង់ខ្មែរមួយម៉ាកទៀត ហើយជារោងចក្រទីពីរ ផងដែរដែលមានសិទ្ធិលក់ និងចែកចាយសំបកកង់ឡានផលិតនៅខ្មែរ លើទឹកដីថ្មីនៃខេត្តក្រចេះ ក្រោមការផលិតដោយរោងចក្រឈ្មោះ Newbustar ផលិតសំបកកង់ឡានម៉ាក (crossleader)។




វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content