បរទេស ៖ គុយបា ទើបតែទទួលបានជំនួយអង្ករ ១ ៥០០០ តោនពីប្រទេសចិនជាលើកដំបូងចាប់តាំងពីមានសម្ពាធសេដ្ឋកិច្ចពីអាម៉េរិក នេះបើយោងតាមសេចក្ដីរាយការណ៍ពី DW ។
ប្រធានាធិបតីគុយបា លោក Miguel Diaz-Canel បានបង្ហោះសារមួយនៅលើបណ្តាញទំនាក់ទំនងសង្គមថា ៖ «កាយវិការសាមគ្គីភាពដ៏ថ្លៃថ្នូរនេះនឹងទៅដល់អ្នកប្រើប្រាស់រាប់លាននាក់គ្រប់ខេត្តទាំងអស់ រួមជាមួយនឹងស្ថាប័នសុខាភិបាល និងការអប់រំរបស់យើងផងដែរ។ ទំនាក់ទំនងមិត្តភាពដ៏ស្មោះស្ម័គ្រ និងកិច្ចសហប្រតិបត្តិការរវាងគុយបា និងចិន គឺកាន់តែជិតស្និទ្ធក្នុងគ្រាដ៏សំខាន់នេះ»។
ឯកអគ្គរដ្ឋទូតចិន លោក Hua Xin បាននិយាយនៅលើកញ្ចក់ទូរទស្សន៍គុយបាថា នេះគឺជាជំនួយស្បៀងអាហារដ៏ធំបំផុតពីប្រទេសចិនទៅកាន់គុយបាក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ គួរបញ្ជាក់ដែរថា នេះគឺជាការដឹកជញ្ជូនស្បៀងលើកទី១ ជាមួយចំនួនអង្ករ ៦០ ០០០ តោន តបតាមការសន្យារបស់ទីក្រុងប៉េកាំងថានឹងជួយសម្រួលស្ថានភាពសេដ្ឋកិច្ចដ៏អាក្រក់នៅក្នុងគុយបា ចាប់តាំងពីអាម៉េរិកចាប់ខ្លួនអតីតប្រធានាធិបតីវេណេស៊ុយអេឡា លោក Nicolas Maduro និងបញ្ឈប់ការនាំចេញប្រេងពីវេណេហ្ស៊ុយអេឡាទៅកាន់គុយបា។
ចាប់តាំងពីខែមករា រហូតមកដល់ពេលនេះ ស្ថានភាពកង្វះខាតថាមពលនៅក្នុងប្រទេសគុយបាកាន់តែធ្ងន់ធ្ងរខ្លាំងទៅ ដោយជួបប្រទះនឹងការដាច់ចរន្តអគ្គិសនីដល់ទៅ ៧០ ភាគរយនៃទឹកដីទាំងមូល ខណៈដែលកន្លែងមួយចំនួននៅក្នុងរដ្ឋធានីហាវ៉ាណាបានដាច់ភ្លើងយ៉ាងហោចណាស់ ២២ ម៉ោង ឬ យូរជាងនេះ។ រដ្ឋាភិបាលទីក្រុងហាវ៉ាណាបានចាត់ទុកថា ការកាត់ផ្តាច់ប្រេងរបស់អាម៉េរិកនាពេលបច្ចុប្បន្នគឺជាអំពើប្រល័យពូជសាសន៍ ហើយទីក្រុងវ៉ាស៊ីនតោនកំពុងផ្តាច់ដង្ហើមគុយបា។ គុយបា ត្រូវការប្រេងប្រហែល ១ សែនបារ៉ែលក្នុងមួយថ្ងៃ ដើម្បីបំពេញតម្រូវការថាមពលជាប្រចាំ ប៉ុន្តែការផ្គត់ផ្គង់ដោយផលិតកម្មក្នុងស្រុកអាចផ្តល់បានត្រឹមតែប្រមាណ ៤ ម៉ឹនបារ៉ែលប៉ុណ្ណោះ។ ។
ទោះជាយ៉ាងណាក្តី រដ្ឋបាលរបស់ប្រធានាធិបតីអាម៉េរិក លោក Donald Trump នៅតែបន្តបង្កើនសម្ពាធនយោបាយលើគុយបា ខណៈដែលជនជាតិអាម៉េរិកមានដើមកំណើតនៅគុយបាជាច្រើនបានអំពាវនាវឱ្យមានការផ្លាស់ប្តូររបបដឹកនាំនៅក្នុងប្រទេសកំណើតរបស់ពួកគេ។ យ៉ាងណាមិញ ការបណ្តេញលោក Diaz-Canel ចេញ ទំនងមិនងាយស្រួលដូចប្រតិបត្តិការចាប់ខ្លួនលោក Maduro នោះទេក្រោមមូលហេតុធំៗចំនួន២ ដូចជា៖ គុយបាមិនទាន់រកឃើញអ្នកជំនួសច្បាស់លាស់នោះទេ និង ប្រព័ន្ធសន្តិសុខរបស់គុយបារឹងមាំ ដែលអាចកម្ទេចរាល់អំណាចប្រឆាំងណាមួយដែលចង់ផ្តួលរលំរដ្ឋាភិបាល។ លើសពីនេះ កម្លាំងយោធាគុយបាមានសាមគ្គីភាព និងមានមនោគមវិជ្ជាជ្រួតជ្រាបខ្លាំងជាងយោធាវេណេស៊ុយអេឡា ដែលធ្វើឱ្យពួកគេត្រៀមខ្លួនរួចជាស្រេចដើម្បីប្រឆាំងនឹងការជ្រៀតជ្រែកពីបរទេស។ មិនត្រឹមតែប៉ុណ្ណោះ គុយបាមានភាពជឿនលឿនខ្លាំងខាងផ្នែកចារកម្ម និងការស៊ើបការណ៍សម្ងាត់ បន្ទាប់ពីកិច្ចសហប្រតិបត្តិការជាច្រើនឆ្នាំជាមួយសហភាពសូវៀតក្នុងអំឡុងសង្គ្រាមត្រជាក់ និងថ្មីៗនេះជាមួយប្រទេសចិន៕




វិថីហិរញ្ញវត្ថុ































































Account
Security
Favourite Content