ហ្វីលីពីន៖ កម្ពុជា- ហ្វីលីពីន បានជួបពិភាក្សាទ្វេភាគីលើវិស័យកសិកម្ម ហើយជាលទ្ធផលទទួលបាននូវឯកភាពគ្នាក្នុងកិច្ចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាឱ្យកាន់តែរឹងមាំបន្ថែមទៀត ដើម្បីជំរុញការរីកចម្រើនក្នុងវិស័យកសិកម្ម សំដៅចូលរួមចំណែកលើកកម្ពស់កំណើនសេដ្ឋកិច្ច និងការអភិវឌ្ឍនៃប្រទេសទាំង២ ឱ្យមានចីរភាព។
ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ នាឱកាសដឹកនាំគណៈប្រតិភូក្រសួងក្នុងដំណើរទស្សនកិច្ចអមសម្តេចធិបតី ហ៊ុន ម៉ាណែត នៅប្រទេសហ្វីលីពីន បានសម្តែងការគួរសម និងកិច្ចជំនួបទ្វេភាគីលើវិស័យកសិកម្មជាមួយ ឯកឧត្តម Francisco P.Tiu Laurel Jr. រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន ដោយប្រទេសទាំងពីរអាចពង្រឹងកិច្ចសហប្រតិបត្តិការជាមួយគ្នាកាន់តែរឹងមាំបន្ថែមទៀត ជំរុញការរីកចម្រើនក្នុងវិស័យកសិកម្ម សំដៅចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍឱ្យមានចីរភាព។
ឯកឧត្តម ឌិត ទីណា បានគូសបញ្ជាក់ថា៖
«ការធ្វើកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ ធ្វើឡើងក្នុងគោលបំណងបំពេញតម្រូវការឱ្យគ្នាទៅវិញទៅមក មិនមែនជាការប្រកួតប្រជែងគ្នានោះទេ ហើយសំដៅចូលរួមចំណែកលើកកម្ពស់សេដ្ឋកិច្ច និងការអភិវឌ្ឍ»។
ឯកឧត្តម Francisco រដ្ឋមន្ត្រីក្រសួងកសិកម្មនៃសាធារណរដ្ឋហ្វីលីពីន មានប្រសាសន៍ថា ប្រទេសហ្វីលីពីន មានតម្រូវការលើផលិតផលកសិកម្មជាច្រើនពីប្រទេសកម្ពុជា ដើម្បីឆ្លើយតបទៅនឹងតម្រូវការនៃកំណើនប្រជាជនហ្វីលីពីន ដែលកើនជាង១០លាននាក់ក្នុងមួយឆ្នាំ។
ឯកឧត្តម Francisco បានលើកឡើងថា សាធារណរដ្ឋហ្វីលីពីនមានតម្រូវការដូចជាអង្ករ សាច់ជ្រូក សាច់គោ មាន់ ត្រី និងបន្លែផ្លែឈើជាច្រើន។ លើសពីនេះភាគីហ្វីលីពីន ក៏នឹងពិនិត្យមើលលើលទ្ធភាពក្នុងការវិនិយោគលើរោងម៉ាស៊ីនកិនស្រូវ និងការធ្វើវារីវប្បកម្មផងដែរ។
សូមបញ្ជាក់ជូនថា គោលបំណងនៃកិច្ចជំនួបនេះគឺដើម្បីជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យកសិកម្មដោយផ្តោតលើចំណុចសំខាន់ចំនួន០២ រួមមានការធានាសន្តិសុខស្បៀង និងការធ្វើកសិ-ពាណិជ្ជកម្មរវាងប្រទេសទាំងពីរ។
ក្នុងជំនួបនេះផងដែរ ឯកឧត្តមរដ្ឋមន្ត្រីទាំងពីរ បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម និងកសិពាណិជ្ជកម្ម រវាងរាជរដ្ឋាភិបាលនៃព្រះរាជាណាចក្រកម្ពុជា និងរដ្ឋាភិបាលនៃសាធារណរដ្ឋហ្វីលីពីនផងដែរ។
សូមបញ្ជាក់ដែរថា តាមរយៈ ក្រសួងពាណិជ្ជកម្ម មានក្រុមហ៊ុនហ្វីលីពីនចំនួន ២៧ បាន និងកំពុងចរចាជាមួយក្រុមហ៊ុននាំចេញអង្ករកម្ពុជាចំនួន៦ ដើម្បីធ្វើការនាំចេញអង្ករពីកម្ពុជាទៅកាន់ប្រទេសហ្វីលីពីន។ កាលពីឆ្នាំ២០២៤កន្លងទៅ កម្ពុជា – ហ្វីលីពីន បានឯកភាពគ្នាលើការធ្វើពាណិជ្ជកម្ម ដែលជាលទ្ធផលកម្ពុជាបាននាំចេញអង្ករទៅកាន់ប្រទេសហ្វីលីពីន សម្រេចបានចំនួនពី ២៦៥០ តោន។ នេះបើតាមក្រសួងពាណិជ្ជកម្មកម្ពុជា៕