នៅដើមខែសីហាថ្មីៗនេះ រាជរដ្ឋាភិបាលបានចាប់អនុវត្តនូវកម្មវិធីឧបត្ថម្ភសាច់ប្រាក់ជូនស្ត្រីមានផ្ទៃពោះ និងកុមារក្រោមអាយុ២ឆ្នាំ ដោយបានកំណត់ទំហំទឹកប្រាក់៤៣លានដុល្លារអាមេរិកសម្រាប់ចំណាយក្នុងកម្មវិធីនេះ។
ស្ត្រីដែលមានបណ្ណសមធម៌ ជាមន្រ្តីរាជការ មន្រ្តីកម្មសិក្សា មន្រ្តីជាប់កិច្ចសន្យា និងកម្មករនិយោជិតជាសមាជិក ប.ស.ស. នឹងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលតាំងតែពីមាន ផ្ទៃពោះ រហូតដល់សម្រាលកូនហើយ។
ឯកឧត្តមបណ្ឌិត ហេង ផាន់ណារិទ្ធ អគ្គនាយករង និងជាអ្នកនាំពាក្យនៃបេឡាជាតិសន្តិសុខសង្គម (ប.ស.ស) បានប្រសាសន៍ថា តាមរយៈកម្មវិធីនេះស្ត្រីមានផ្ទៃពោះដែលស្ថិតក្នុងក្រុមគោលដៅ អាចទទួលបានប្រាក់ឧបត្ថម្ភគ្រប់គ្រាន់ក្នុងការពិនិត្យសុខភាពក្នុងអំឡុងពេលមានផ្ទៃពោះ ពេលសម្រាល និងក្រោយសម្រាល។
ឯកឧត្តមបានបន្ថែមថា៖
«ស្ត្រីអាចពិនិត្យសុខភាពមុនសម្រាលបាន៤ដង ទៅពិនិត្យម្ដងបាន៨ម៉ឺនរៀល ហើយនៅពេលដល់ថ្ងៃសម្រាល ពីមុនកូនមួយទទួលបានតែ ៤០ម៉ឺនរៀលទេ និងប្រាក់ឧបត្ថម្ភពីសម្ដេច ៥លានរៀល តែឥឡូវនេះ កូនមួយទទួលបាន ៨០ម៉ឺនរៀល កូន២ ១លាន២សែន បូកជាមួួយប្រាក់ឧបត្ថម្ភរបស់សម្ដេចតេជោទៀត»។
ឯកឧត្តមបន្តគូសបញ្ជាក់ថា៖
«ក្រោយពេលសម្រាលទៀត អាចទៅពិនិត្យសុខភាពចំនួន៣ដង រហូតដល់កូនអាយុ២ឆ្នាំ ក្នុងនោះម្ដាយអាចទៅពិនិត្យសុខភាពបាន៣ដង និងអាចនាំកូនទៅចាក់វ៉ាក់សាំងបាន៧ដង ព្រមទាំងទទួលបានប្រាក់ឧបត្ថម្ភពីរដ្ឋាភិបាលក្នុងមួយលើកៗ ៨ម៉ឺនរៀលដែរ»។
ទន្ទឹមគ្នានេះ ឯកឱត្តម ចន ណារិទ្ធិ អនុរដ្ឋលេខាធិការនៃក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុនិងជាអគ្គលេខាធិការក្រុមប្រឹក្សាជាតិគាំពារសង្គមកម្ពុជាបានឱ្យដឹងថា គោលបំណងនៃកម្មវិធី គឺនៅពេលដែលនិយាយពីកិច្ចគាំពាសង្គមនេះ ការសម្រាលបន្ទុក ការលើកកម្ពស់ជីវភាពគឺសំខាន់ហើយ ប៉ុន្តែសារៈសំខាន់មួយទៀតដែលកម្មវិធីនេះចូលរួមចំណែក នោះគឺការអភិវឌ្ឍមូលធនមនុស្ស ព្រោះថាការអភិវឌ្ឍមូលធនមនុស្សមិនត្រឹមតែផ្ដោតលើការបណ្ដុះបណ្ដាលនោះទេ ប៉ុន្តែក៏ត្រូវពឹងផ្អែកផងដែរលើសមត្ថភាពស្រូបយកនូវចំណេះដឹងនានា។
ឯកឧត្តមបន្តទៀតថា ៖
«សមត្ថភាពនៃការស្រូបយកនេះវាផ្ដើមចេញពីដំណាក់កាលដំបូង ១០០០ថ្ងៃដំបូង ដែលជាដំណាក់កាលដ៏សំខាន់នៃការលូតលាស់ និងស្មារតីរបស់កុមារ»។
ដោយឡែក សម្រាប់និតិវិធីក្នុងការស្នើសុំ អ្នកនាំពាក្យរូបនេះបានពន្យល់ថា ស្ត្រីទាំងនោះត្រូវស្ថិតនៅក្នុងក្រុមគោលដៅ មានន័យថាពួកគេត្រូវមានប័ណ្ណសំគាល់ ដូចជាស្ត្រីមកពីគ្រួសារក្រីក្រ ស្ត្រីជាសមាជិក ប.ស.ស និងស្ត្រីដែលជាមន្ត្រីរាជការ។ បន្ទាប់មកទៀតគឺពួកគេត្រូវចុះឈ្មោះ ដើម្បីបញ្ជាក់ថាពួកគេចាប់ផ្ដើមមានផ្ទៃពោះ រីឯនិតិវិធីក្នុងការទទួលប្រាក់ គឺការផ្ដល់ដោយប្រើប្រាស់ប្រព័ន្ធធនាគារវីង។
គួរបញ្ជាក់ថា កម្មវិធីនេះចាប់អនុវត្តតាំងពីឆ្នាំ ២០១៩ មកម្លេះ ដែលវាជាកម្មវិធីគាំពាសង្គម ហើយជាជំនួយសង្គមមុនគេបំផុតដែលចាប់ផ្ដើមអនុវត្តក្នុងវិសាលភាពទូទាំងប្រទេស។ ប៉ុន្តែកាលណោះគឺអនុវត្តតែទៅលើស្ត្រីដែលមកពីគ្រួសារក្រីក្រដែលមានប័ណ្ឌសមធម៌ប៉ុណ្ណោះ។
ដោយឡែក ការពង្រីកវិសាលភាពរបស់រាជរដ្ឋាភិបាលទៅលើមនុស្សពីរក្រុមទៀត គឺទើបតែបាន ចាប់អនុវត្តនៅដើមខែសីហានេះប៉ុណ្ណោះ៕