បរទេស ៖ ថ្មីៗនេះ ប្រធានធនាគារជាតិនៃប្រទេសឆេក ហៅកាត់ថា CNB លោក Ales Michl បានប្រកាសថា លោកបានដាក់សំណើទៅកាន់ក្រុមប្រឹក្សារួចរាល់ហើយក្នុងការវិនិយោគលុយមួយចំនួនធំទៅលើទីផ្សារលុយឌីជីថល(គ្រីបតូ)។
ដកស្រង់សម្ដីដោយកាសែត The Financial Times កាលពីសប្តាហ៍កន្លងទៅនេះបានចេញផ្សាយថា ធនាគារជាតិនៃប្រទេសឆេក មានបំណងវិនិយោគទៅលើលុយ Bitcoin ក្នុងទំហំរហូតទៅដល់៥ភាគរយនៃទុនបម្រុងរបស់ធនាគារនាពេលបច្ចុប្បន្នដែលស្មើនឹងប្រមាណជាង១៤៥ពាន់លានដុល្លារ។
កាសែត Financial Times (FT) បានបង្ហាញភាពជឿជាក់ថា ការវិនិយោគនេះនឹងអាចកើតឡើង ហើយវានឹងក្លាយទៅជាការចាប់ផ្តើមដ៏សំខាន់សម្រាប់ CNB ហើយក៏អាចធ្វើឲ្យខ្លួនក្លាយទៅជាធនាគារកណ្តាលដំបូងគេនៅក្នុងតំបន់អឺរ៉ុបដែលនឹងវិនិយោគទៅលើលុយឌីជីថលផងដែរ។
FT ដដែលក៏បានរៀបរាប់ដែរថា ជាទូទៅធនាគារកណ្តាលរបស់អឺរ៉ុបតែងតែប្រើប្រាស់ទ្រព្យអកម្មនៃទុនបម្រុងរបស់ខ្លួននៅក្នុងរតនាគាជាតិរបស់អាមេរិក ខ្លះទៀតទិញយកបណ្ណបំណុល និងខ្លះទៀតទិញភាគហ៊ុន ប៉ុន្តែមិនមានធនាគារណាដែលបានវិនិយោគ ឬតម្កល់លុយនៅក្នុងទ្រព្យអកម្មដែលជាលុយឌីជីថលនោះឡើយ។
គួរឲ្យដឹងដែរថា លុយគ្រីបតូជាច្រើន ជាពិសេស Bitcoin បានហក់ឡើងដល់តម្លៃខ្ពស់បំផុតកាលពីមករា ដើមឆ្នាំ២០២៥ បន្ទាប់ពីការឡើងកាន់តំណែងជាផ្លូវការរបស់លោកប្រធានាធិបតីអាមេរិក Donald Trump ។ កាលពីឆ្នាំ២០២៤ តម្លៃលុយ Bitcoin បានកើនឡើងក្នុងអត្រាដល់ទៅ១០០ភាគរយ ឬទ្វេដងភ្លាមៗ បន្ទាប់ពីនិយ័តករអាមេរិកបានប្រកាសអនុញ្ញាតឲ្យ Bitcoin អាចដាក់បញ្ចូលទៅក្នុងបញ្ជីផលិតផលដែលអាចជួញដូរបានរបស់ខ្លួននៅក្នុងប្រព័ន្ធ Exchange-trade product ឬហៅថា ETP៕