បរទេស៖ យោងតាមប្រភពព័ត៌មានពី The Guardian បានរាយការណ៍ថា ប្រធានាធិបតីសហរដ្ឋអាម៉េរិក Donald Trump បានគំរាមយកពន្ធ ២៥% លើ iPhones ប្រសិនបើវាមិនត្រូវបានផលិតនៅក្នុងសហរដ្ឋអាម៉េរិក ដែលជាការបង្កើនសម្ពាធលើក្រុមហ៊ុនយក្សមួយនេះលើផលិតផលរបស់ខ្លួននៅក្នុងប្រទេស។ ការបង្ហោះសារគំរាមរបស់ Trump នៅលើវេទិការ Truth Social បានធ្វើឲ្យតម្លៃភាគហ៊ុនររបស់ក្រុមហ៊ុន Apple ធ្លាក់ចុះប្រហែល ៧០ ពាន់លានដុល្លារ។

នៅលើការបង្ហោះនោះ Trump បានសរសេរថា ៖
«ខ្ញុំបានជូនដំណឹងដល់ Tim Cook ពី Apple ជាយូរមកហើយថា ខ្ញុំរំពឹងថា iPhone ដែលដាក់លក់នៅសហរដ្ឋអាម៉េរិក គឺត្រូវបានផលិតនៅក្នុងសហរដ្ឋអាម៉េរិក មិនមែននៅចូលពីប្រទេសឥណ្ឌា ឬកន្លែងផ្សេងទៀតនោះទេ។ Apple នឹងត្រូវបង់ពន្ធយ៉ាងហោចណាស់ ២៥% ទៅលើ iPhone ដែលនាំចូលមកចែកចាយនៅក្នុងអាម៉េរិក»។
យ៉ាងណាមិញ មិនមែនមានតែ Apple នោះទេ ប៉ុន្តែ Trump នឹងដាក់ពន្ធ ២៥% លើក្រុមហ៊ុន Samsung និងក្រុមហ៊ុនផលិតទូរស័ព្ទផ្សេងទៀតដែលផលិតទូរស័ព្ទនៅខាងក្រៅសហរដ្ឋអាម៉េរិក។ Trump បានបញ្ជាក់ថា នៅពេលដែលពួកគេសាងសង់រោងចក្រនៅអាម៉េរិក នឹងមិនមានការយកពន្ធទេ។
កាលពីខែមុន អ្នកវិនិយោគ Apple បានបង្ហាញពីការព្រួយបារម្ភជាមួយនឹងការដំឡើងពន្ធរបស់ Trump លើទំនិញចិនរហូតដល់ ១៤៥% ដោយសារផ្នែកភាគច្រើននៃ iPhone ត្រូវបានផ្គុំឡើងនៅក្នុងប្រទេសចិន ប៉ុន្តែប៉ុន្មានថ្ងៃក្រោយមក រដ្ឋបាលបានប្រកាសពីការលើកលែងសម្រាប់ស្មាតហ្វូន និងកុំព្យូទ័រ។ ក្រោយមក Apple គ្រោងនឹងប្តូរការដំឡើង iPhone ទាំងអស់សម្រាប់ទីផ្សារសហរដ្ឋអាម៉េរិកទៅកាន់ប្រទេសឥណ្ឌា ក្នុងគោលបំណងចៀសវាងពីផលប៉ះពាល់នៃសង្គ្រាមពាណិជ្ជកម្មអាម៉េរិក-ចិន។ ទោះជាយ៉ាងណាក្តី Trump មិនសប្បាយចិត្តចំពោះដំណឹងមួយនេះ ជាមួយនឹងការគំរាមយកពន្ធ ២៥% លើ iPhone ដែលនាំចូលទៅក្នុងអាម៉េរិក ដោយសារលោកចង់ឲ្យ Apple ផលិតនៅក្នុងស្រុករបស់ខ្លួន។

ទន្ទឹមនឹងនេះ អ្នកវិភាគបានព្រមានថា ការផ្លាស់ប្តូរទីតាំងផលិត iPhone ទៅកាន់សហរដ្ឋអាម៉េរិកនឹងមានតម្លៃថ្លៃដើមខ្ពស់ ដោយសារកង្វះគ្រឿងបរិក្ខារ និងខ្វះកម្លាំងការងារដែលអាចបត់បែនដូចនៅក្នុងប្រទេសចិន។ មិនត្រឹមតែប៉ុណ្ណោះ វានឹងធ្វើឱ្យ Apple ចំណាយអស់យ៉ាងហោចណាស់ប្រហែល ៣០ ពាន់លានដុល្លារ និងរយៈពេល៣ឆ្នាំ គ្រាន់តែផ្លាស់ទីត្រឹមតែ ១០% នៃខ្សែសង្វាក់ផ្គត់ផ្គង់របស់ពួកគេទៅកាន់អាម៉េរិក។ លើសពីនេះ គេព្យាករណ៍ថា iPhone ដែលផលិតនៅសហរដ្ឋអាម៉េរិកនឹងមានតម្លៃថ្លៃជាងពេលនេះដល់ទៅ ៣ ដង ឬ មានតម្លៃ ៣ ៥០០ ដុល្លារ ខណៈដែលបច្ចុប្បន្នវាមានតម្លៃត្រឹមតែជាង១០០០ដុល្លារក្នុងមួយគ្រឿងប៉ុណ្ណោះ៕




វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content