បរទេស ៖ យោងទៅតាមប្រភពព័ត៌មានពីរ៉យទ័របានរាយការណ៍ថា សហភាពអឺរ៉ុបគ្រោងនឹងរឹតបន្តឹងបន្ថែមលើសេដ្ឋកិច្ចរបស់រុស្ស៊ីតាមរយៈការដាក់ទណ្ឌកម្មទៅលើក្រុមហ៊ុនចិនដែលធ្វើពាណិជ្ជកម្មជាមួយនឹងទីក្រុងម៉ូស្គូ។
កាលពីពេលថ្មីៗនេះ អាជីវកម្មចិនចំនួន ៧ ត្រូវបានដាក់បញ្ចូលឈ្មោះទៅក្នុងវិធានការណ៍ថ្មីនៃការរឹតបន្តឹងដែលសមាជិកសហភាពអឺរ៉ុបនឹងពិភាក្សាក្នុងសប្តាហ៍នេះ។ ជាមួយគ្នានេះ ដើម្បីអនុវត្តការរឹតបន្តឹងនេះចូលជាធរមាន ទណ្ឌកម្មថ្មីចាំបាច់ត្រូវអនុម័តជាឯកច្ឆ័ន្ទពីរដ្ឋសមាជិកសហភាពអឺរ៉ុបទាំង ២៧។

យោងទៅតាមប្រភពពី Financial Times បានឲ្យដឹងថា បញ្ជីនេះរួមមានក្រុមហ៊ុនចិនដីគោកចំនួន ២ គឺ 3HC Semiconductors និង King-Pai Technology និង ៥ ក្រុមហ៊ុនមកពីហុងកុងរួមមាន ក្រុមហ៊ុន Sinno Electronics, Sigma Technology, Asia Pacific Links, Tordan Industry និង Alpha Trading Investments ដែលភាគច្រើនគឺជាក្រុមហ៊ុនបច្ចេកវិទ្យា។ ជាមួយគ្នានេះ មានគេបានរាយការណ៍ថា អាជីវកម្មទាំងនេះត្រូវបានចោទប្រកាន់ពីបទលក់ឧបករណ៍ដែលអាចប្រើប្រាស់ក្នុងការផលិតអាវុធទៅឲ្យទីក្រុងម៉ូស្គូ។ មិនត្រឹមតែប៉ុណ្ណោះ ក្រុមហ៊ុនមួយចំនួនក្នុងចំណោមក្រុមហ៊ុនទាំងនេះត្រូវបានសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មរួចហើយ។

ស្របពេលនេះផងដែរ គណៈកម្មាការអឺរ៉ុបជឿថា វាមានភាពសមស្របក្នុងការកំណត់គោលដៅលើអង្គភាពមួយចំនួននៅក្នុងប្រទេសទី ៣ ដែលពាក់ព័ន្ធនឹងការគេចវេសពីការរឹតបន្តឹងពាណិជ្ជកម្មដែលប្រឆាំងនឹងប្រទេសរុស្ស៊ី។ ទោះជាយ៉ាងណាក្តី គេបានកត់សម្គាល់ឃើញថា សហភាពអឺរ៉ុបបានជៀសវាងការផ្តោតគោលដៅលើប្រទេសចិន ដោយលើកហេតុផលថា មិនមានភស្តុតាងណាមួយដែលថាទីក្រុងប៉េកាំងកំពុងផ្តល់អាវុធដោយផ្ទាល់ដល់ទីក្រុងម៉ូស្គូនោះទេ។

រហូតមកដល់ពេលនេះផងដែរ សហភាពអឺរ៉ុបបានដាក់ទណ្ឌកម្មសេដ្ឋកិច្ចដល់ជុំទី ១០ ក្នុងការប្រឆាំងនឹងរុស្ស៊ីជុំវិញប្រតិបត្តិការយោធារបស់ខ្លួននៅអ៊ុយក្រែន។ កាលពីខែមុនកន្លងទៅនេះ ប្រធានការទូតរបស់សហភាពអឺរ៉ុបលោក Josep Borrell បានទទួលស្គាល់ថា ប្លុកអឺរ៉ុបស្ទើរតែអស់ជម្រើសរបស់ខ្លួនសម្រាប់វិធានការដាក់ទណ្ឌកម្មប្រឆាំងនឹងទីក្រុងម៉ូស្គូ។ ចាប់តាំងពីពេលនោះមក សមាជិកសភារបស់សហភាពអឺរ៉ុបកំពុងពិចារណាកំណត់គោលដៅប្រទេសទីបីដែលនាំចេញទំនិញទៅកាន់ប្រទេសរុស្ស៊ី ដែលធ្វើឲ្យទីក្រុងម៉ូស្គូជៀសផុតពីការរឹតបន្តឹងពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក្តី ចិនបានដាក់ស្នើសុំដំណោះស្រាយការទូតចំពោះជម្លោះអ៊ុយក្រែនផងដែរ ហើយបានស្នើផែនការសន្តិភាពចំនួន ១២ ចំណុចកាលពីខែកុម្ភៈកន្លងទៅនេះ ដោយអំពាវនាវឱ្យភាគីនីមួយៗយកចិត្តទុកដាក់លើបញ្ហាសន្តិសុខ។ ជាការឆ្លើយតប កាលពីសប្តាហ៍មុនកន្លងទៅនេះ លោក Josep Borrell បានច្រានចោលសំណើរបស់ទីក្រុងប៉េកាំងថា វាគឺជាការគិតតែប៉ុណ្ណោះ ហើយផែនការសន្តិភាពណាមួយគឺចាំបាច់ត្រូវតែផ្អែកលើការទាមទាររបស់ទីក្រុងគីវ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content