ភ្នំពេញ ៖ បន្ទាប់ពីកម្ពុជាបានបើកប្រទេសឡើងវិញពេញលេញ រួមជាមួយការដាក់ចេញវិធានការដ៏មានប្រសិទ្ធភាពរបស់រាជរដ្ឋាភិបាលក្នុងការចាក់វ៉ាក់សាំងប្រឆាំងនឹងជំងឺកូវីដ១៩ ជូនប្រជាជនទូទាំងប្រទេស ដែលជំរុញឱ្យមានសកម្មភាពសេដ្ឋកិច្ចប្រសើរឡើងវិញ សេដ្ឋកិច្ចកម្ពុជាតាមរយៈព្យាករណ៍របស់ធនាគារជាតិនៃកម្ពុជា រំពឹងថាកើនឡើងក្នុងឆ្នាំ២០២២នេះ ប្រសើរជាងឆ្នាំ២០២១។

ថ្លែងក្នុងពិធីបើកសិក្ខាសាលា ស្តីពី “ការផ្សព្វផ្សាយរបាយការណ៍ស្ថិរភាពហិរញ្ញវត្ថុឆ្នាំ២០២១” កាលពីថ្ងៃចុងសប្ដាហ៍កន្លងទៅនេះ លោកជំទាវបណ្ឌិត ជា សិរី ឧបការីទេសាភិបាល និងជាអគ្គនាយកបច្ចេកទេសធនាគារជាតិនៃកម្ពុជា បានលើកឡើងថា សេដ្ឋកិច្ចកម្ពុជាត្រូវបានរំពឹងថានឹងកើនឡើងក្នុងរង្វង់ ៥% នៅឆ្នាំ២០២២ ដែលគាំទ្រជាចម្បងដោយការនាំចេញនៃផលិតផលកម្មន្តសាល កសិកម្ម ការដឹកជញ្ជូន ទូរគមនាគមន៍ និងភាពប្រសើរឡើងនៃលំហូរវិនិយោគ និងប្រាក់បង្វែររបស់ពលករពីក្រៅប្រទេស។

លោកជំទាវបានថ្លែងថា ៖
“បច្ចុប្បន្ន កម្ពុជាបានបើកប្រទេសឡើងវិញ ដោយមិនមានការរឹតបន្តឹងក្នុងការធ្វើដំណើរទៀតទេ ដោយសារអត្រាចាក់វ៉ាក់សាំងខ្ពស់ និងមិនមានករណីឆ្លងថ្មីគួរឱ្យព្រួយបារម្ភណ៍។ ចំពោះសកម្មភាពពាណិជ្ជកម្មនិងការវិនិយោគ កម្ពុជារំពឹងថានឹងទទួលបានអត្ថប្រយោជន៍បន្ថែមពីកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចគ្រប់ជ្រុងជ្រោយក្នុងតំបន់ (RCEP) កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី និងការដាក់ឱ្យប្រើប្រាស់ច្បាប់ថ្មីស្តីពីការវិនិយោគ“
លោកជំទាវបានលើកឡើងថា យ៉ាងណាមិញ ការរាលដាលនៃជំងឺកូវីដ-១៩ នៅមិនទាន់បញ្ចប់នៅឡើយទេ ហើយហានិភ័យនៃវីរុសបំប្លែងខ្លួនថ្មីដែលអាចមានភាពធ្ងន់ធ្ងរ ហើយការរីករាលដាលលឿននៅតែបន្តមាន។ លើសពីនេះ សង្គ្រាមរុស្ស៊ី-អ៊ុយក្រែន និងវិធានការបិទខ្ចប់របស់ប្រទេសចិន បាន និងកំពុងដាក់សម្ពាធលើកំណើនសេដ្ឋកិច្ចពិភពលោក។ អតិផរណាមានកម្រិតខ្ពស់រួចទៅហើយដោយសារអតុល្យភាពនៃតម្រូវការនិងការផ្គត់ផ្គង់ ដែលបង្កឡើងដោយការរាលដាលនៃជំងឺកូវីដ-១៩ និងឥទ្ធិពលនៃសង្គ្រាមរុស្ស៊ី-អ៊ុយក្រែន កំពុងបានកើនឡើងបន្ថែមទៀត។ ស្ថានភាពនេះ បានជំរុញឱ្យធនាគារកណ្តាលក្នុងប្រទេសអភិវឌ្ឍន៍ ដំឡើងអត្រាការប្រាក់គោលដើម្បីទប់ស្កាត់កំណើតអតិផរណា ដែលការណ៍នេះអាចបណ្ដាលឱ្យសេដ្ឋកិច្ចប្រទេសកំពុងលូតលាស់និងកំពុងអភិវឌ្ឍន៍ប្រឈមនឹងការរឹតបន្តឹងនៃស្ថានភាពហិរញ្ញវត្ថុ លំហូរចេញមូលធន និងសម្ពាធលើអត្រាប្តូរប្រាក់។
លោកជំទាវ ជា សិរី បានថ្លែងដូច្នេះថា ៖
“ស្ថិតក្នុងស្ថានភាពប្រឈមនេះ ធនាគារជាតិកម្ពុជា នឹងបន្តតាមដានយ៉ាងប្រុងប្រយ័ត្នលើវឌ្ឍនភាពប្រព័ន្ធធនាគារកម្ពុជា និងសេដ្ឋកិច្ចជារួម ព្រមទាំងត្រៀមចាត់វិធានការតាមការចាំបាច់នានា ដើម្បីគាំទ្រដល់កំណើនសេដ្ឋកិច្ចជាតិ ខណៈដែលការរក្សាស្ថិរភាពហិរញ្ញវត្ថុនៅតែជាការងារអាទិភាពចម្បង”
សូមបញ្ជាក់ផងដែរថា យោងតាមការព្យាករណ៍របស់ធនាគារពិភពលោក (World Bank) សេដ្ឋកិច្ចកម្ពុជា នៅឆ្នាំ២០២២នេះ មានកំណើន៤.៥ភាគរយ និងឆ្នាំ២០២៣ មានកំណើនរហូតដល់៥.៨ភាគរយ។ ប៉ុន្តែ យោងតាមរបាយការណ៍របស់ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ចេញផ្សាយនៅថ្ងៃទី៦ ខែមេសា ឆ្នាំ២០២២ បានបង្ហាញថា សេដ្ឋកិច្ចកម្ពុជាត្រូវបានព្យាករថានឹងកើនឡើង ៥,៣% នៅឆ្នាំ ២០២២ និង ៦,៥% នៅឆ្នាំ ២០២៣ ដោយសារកំណើននៃការនាំចេញ ទំនិញ និងរំហូរវិនិយោគផ្ទាល់ពីបរទេស៕

ជីវប្រវត្តិ: លោកមានបទពិសោធន៍ជាង ១០ឆ្នាំក្នុងប្រព័ន្ធផ្សព្វផ្សាយផ្នែកសេដ្ឋកិច្ច អប់រំ សង្គម និងកម្សាន្ត។ បច្ចុប្បន្នលោកជាការីនិពន្ធនៃសារព័ត៌មាន AMS Economy។
របាយការណ៍ថ្មីៗ
មើលទាំងអស់ ➧
កាណាដា-អេមីរ៉ាតអារ៉ាប់ រួមគ្នាជំរុញផែនការវិនិយោគ ៥០ ពាន់លានដុល្លារ
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 18/09/2026

ឥណ្ឌា ពង្រឹងយុទ្ធសាស្ត្រ ដើម្បីគ្រប់គ្រងលើខ្សែសង្វាក់ផ្គត់ផ្គង់បន្ទះឈីបទាំងស្រុងនៅក្នុងស្រុក
បទយកការណ៍, ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 10/09/2026

អ្នកជំនាញ ៖ ចង់មានសុវត្ថិភាពគណនីហិរញ្ញវត្ថុគប្បីបង្កើនប្រសិទ្ធភាពលេខសម្ងាត់ឱ្យបានរឹងមាំ
• 09/04/2026
ព័ត៌មានទូទៅ
មើលទាំងអស់ ➧
ឥណ្ឌាបារម្ភ ពាណិជ្ជកម្មអាម៉េរិក-ចិនធូរស្រាល អាចធ្វើឱ្យខ្លួនខាតឱកាសសេដ្ឋកិច្ច និងសន្តិសុខ
ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត
• 05/10/2026
ឥណ្ឌាកំពុងបារម្ភថា ការធូរស្រាលនៃភាពតានតឹងពាណិជ្ជកម្មរវាងអាម៉េរិក និងចិន អាចធ្វើឱ្យខ្លួនខាតបង់ផលប្រយោជន៍សេដ្ឋកិច្ច និងខកខានឱកាសវិនិយោគសំខាន់ៗ

គណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី នៅតាមតំបន់គោលដៅទូទាំងប្រទេស
Top News, ព្រឹត្តិការណ៍, អចលនទ្រព្យ
• 05/10/2026
(ភ្នំពេញ)៖ ថ្នាក់ដឹកនាំក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានដាក់ចេញផែនការរៀបចំដែនដីខេត្ត-ក្រុងថ្មី ដើម្បីធានាលើការគ្រប់គ្រងការប្រើប្រាស់ដីធ្លីនៅតាមតំបន់គោលដៅទូទាំងប្រទេស និងណែនាំឱ្យគ្រប់ស្ថាប័នពាក់ព័ន្ធ បន្តពង្រឹងការរៀបចំផែនការយុទ្ធសាស្ត្រអភិវឌ្ឍន៍សេដ្ឋកិច្ច និងការដោះស្រាយបញ្ហាប្រឈមនានា រួមទាំងរំលេចអំពីវិស័យកសិឧស្សាហកម្មជាឆ្អឹងខ្នងដ៏សំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច ។ ថ្លែងក្នុងកិច្ចប្រជុំគណៈកម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់ជាតិ ដែលបានធ្វើឡើងនៅទីស្ដីការក្រសួង នារសៀលថ្ងៃទី ២ ខែតុលា ឆ្នាំ ២០២៦ ឯកឧត្តម

កម្ពុជា កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម ទៅជាអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ
Top News, ព្រឹត្តិការណ៍, សេដ្ឋកិច្ច, អាជីវកម្មថ្មី និងនវានុវត្ត
• 02/10/2026
ភ្នំពេញ ៖ រាជរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន កំពុងពិនិត្យលទ្ធភាពកែច្នៃសំរាម និងសំណល់រឹង ទៅជាថាមពលអគ្គិសនី និងឥន្ធនៈ ដើម្បីបង្កើតតម្លៃសេដ្ឋកិច្ចជាតិ។ មន្ដ្រីជាន់ខ្ពស់ក្រសួងបរិស្ថាន បានប្រាប់បណ្ដាញសារព័ត៌មាន AMS នៅថ្ងៃទី២ ខែតុលា នេះ ថា លទ្ធភាពកែច្នៃទៅរួច ឬអត់ គឺស្ថិតនៅលើទុនវិនិយោគរបស់ក្រុមហ៊ុនធំណាមួយនឹងចូលខ្លួនមកកែច្នៃ ព្រោះគម្រោងនេះត្រូវចំណាយច្រើន





វិថីហិរញ្ញវត្ថុ























































Account
Security
Favourite Content