ភ្នំពេញ ៖ សម្រាប់កម្ពុជា វិស័យសុខាភិបាលបានស្គាល់ភាពរីកចម្រើនកាន់តែខ្លាំងពីមួយឆ្នាំទៅមួយឆ្នាំ ដែលនាំឱ្យអាត្រាមរណៈរបស់ប្រជាជនក៏មានការថយចុះ។ និយាយដោយឡែក ជាលក្ខខណ្ឌទូទៅ សេដ្ឋកិច្ចគ្រួសារមួយអាចរីកចម្រើនទៅបាន ក៏អាស្រ័យទៅលើកត្តាសុខភាពរបស់សមាជិកគ្រួសារជាសំខាន់ផងដែរ។ ក្នុងន័យនេះ ប្រសិនបើនរណាម្នាក់ក្នុងគ្រួសារមាននូវជំងឺ ឬសុខភាពមិនអំណោយផល វានឹងធ្វើឱ្យសមាជិកដទៃទៀតខាតបង់ពេលវេលាក្នុងការរកប្រាក់ចំណូល។
ដោយសារតែមូលហេតុនេះ ទើបធ្វើឱ្យក្រុមហ៊ុនថែទាំសុខភាពចល័តមួយលេចរូបរាងឡើង ដែលបង្កើតឡើងតាំងតែពីឆ្នាំ២០១៦ ដោយមានឈ្មោះថា Much Mobile Healthcare ក្នុងនាមជាក្រុមហ៊ុនដំបូងគេនៅកម្ពុជា ដែលផ្ដល់សេវាកម្មថែទាំសុខភាពអ្នកជំងឺដល់ផ្ទះ។

កញ្ញា ប៊ុន ស្រីនាថ ដែលជាគិលានុបដ្ឋាយិកាកំពុងបម្រើការងារនៅក្នុងក្រុមហ៊ុនថែទាំសុខភាពខាងលើនេះបានឱ្យដឹងថា ខ្លួនពិតជារំភើបក្នុងការរួមដំណើរជាមួយក្រុមហ៊ុន ដើម្បីផ្ដល់សេវាកម្មថែទាំសុខភាពអតិថិជនដល់ផ្ទះដែលជាសេវាដំបូងគេនៅកម្ពុជា។
កញ្ញាបានបន្តឱ្យដឹងទៀតថា ៖
«នៅក្នុងការបំពេញការងាររាល់ថ្ងៃ ខ្ញុំតែងតែឭអតិថិជនយើងគាត់និយាយសរសើរ និងអរគុណយើងដែលមើលថែឪពុក ឬម្ដាយរបស់គាត់បានល្អ ដែលធ្វើឱ្យគាត់មានពេលវេលាធ្វើការ រកស៊ីដោយមិនមានការបារម្ភ។ កន្លងមក ករណីដែលគ្រួសារណាមួយមានឪពុកម្ដាយឈឺ កូនៗតែងតែជួបបញ្ហាក្នុងការស្វែងរកអ្នកថែទាំ ហើយបើសិនជារកបាន ក៏មិនមែនជាអ្នកថែទាំជំនាញដែរ អីចឹងទៅទោះមានអ្នកមើលថែមែន ក៏ពួកគាត់នៅតែមិនទុកចិត្ត និងមានការព្រួយបារម្ភជានិច្ច។» នេះបើតាមការរៀបរាប់របស់គិលានុ បដ្ឋាយិកា ប៊ុន ស្រីនាថ។
សម្រាប់កញ្ញា ក្នុងនាមជាអ្នកថែទាំ កញ្ញាមានមោទនភាពជាខ្លាំងដែលបានរួមចំណែកធ្វើឱ្យគ្រួសារមួយមានស្ថិរភាពផ្នែកហិរញ្ញវត្ថុ រីឯការរស់នៅក៏មានភាពល្អប្រសើរជាងមុន សមាជិកគ្រួសារនីមួយៗក៏សប្បាយចិត្ត មិនស្មុគស្មាញ។ យ៉ាងណាមិញ ក្រុមហ៊ុនថែទាំសុខភាពចល័តមិនត្រឹមតែបានជួយទៅដល់សុខុមាលភាពប្រជាជនផ្ទាល់នោះទេ បន្ថែមពីនេះ ក្រុមហ៊ុនក៏បានផ្ដល់អត្ថប្រយោជន៍ជាច្រើនទៀតទៅដល់បុគ្គលិកផងដែរ។

ទាក់ទិននឹងចំណុចនេះ អ្នកស្រី ឌីផន ភិរម្យ ដែលជាអគ្គនាយិការក្រុមហ៊ុន Much Mobile Healthcare បានឱ្យដឹងថា អ្នកស្រីបានគិតគូរទៅដល់បុគ្គលិកតាមរយៈការផ្ដល់នូវសេវាធានារ៉ាប់រងផ្សេងៗ។ ក្រៅពីនោះ អ្នកស្រីតែងមានវគ្គបណ្ដុះបណ្ដាលថ្មីៗទៅដល់បុគ្គលិក ដើម្បីបន្តពង្រឹងសមត្ថភាពរបស់ពួកគេក្នុងការថែទាំ និងព្យាបាលអ្នកជំងឺ។ ពិសេសជាងនេះទៅទៀតនោះគឺ អ្នកស្រីផ្ដល់ឱកាសជូននិស្សិតពេទ្យដែលមកពីបណ្ដាខេត្តនានាដែលមានការខ្វះខាតផ្នែកហិរញ្ញវត្ថុឱ្យបានចូលហាត់ការ និងបម្រើការងារនៅក្រុមហ៊ុនអ្នកស្រីផងដែរ។
គួរបញ្ជាក់ថា ក្រុមហ៊ុន Much Mobile Healthcare ជាក្រុមហ៊ុនមួយដែលជាប់ជាអាជីវកម្មបរិយាបន្ន ជាអាជីវកម្មគំរូ ដែលបានផ្ដល់ប្រយោជន៍ដ៏ធំធេងចូលទៅក្នុងសង្គម និងមានគំនិតច្នៃប្រតិដ្ឋខ្ពស់៕





វិថីហិរញ្ញវត្ថុ
































































Account
Security
Favourite Content