គំនិតអាជីវកម្មថ្មី អាចផ្ដល់ប្រយោជន៍រួម និងជួយដល់សហគមន៍

ភ្នំពេញ ៖ ការដែលមានគំនិតក្នុងការបង្កើតអាជីវកម្មមួយឱ្យទទួលបានជោគជ័យ មិនត្រឹមតែគិតពីផលចំណេញមួយមុខនោះទេ តែត្រូវគិតពីភាពថ្មីប្លែក និងផលប្រយោជន៍ចំពោះសហគមន៍ទើបធ្វើឱ្យអាជីវកម្មនោះអាចអភិវឌ្ឍប្រកបដោយនិរន្តរភាព។ ក្នុងនោះ មានអាជីវកម្មចំនួនបីដែលបង្កើតឡើងក្រោមគំនិតច្នៃប្រឌិតខ្ពស់ ផ្ដល់ប្រយោជន៍ជារួម ពិសេសជួយជីវភាពសហគមន៍ក្នុងតំបន់។

មួយក្នុងចំណោមអាជីវកម្មទាំងបីគឺ អាជីវកម្មកែច្នៃសម្បកកង់រថយន្តចាស់ៗទៅជាធុងបរិស្ថានដែលមានរូបរាងស្អាត និងមានគម្របបិតជិត ពិសេសគឺអាចប្រើប្រាស់បានយូរឆ្នាំ។ អ្នកស្រី សឿង សុថាវី ជាម្ចាស់សិប្បកម្មកែច្នៃសំបកកង់រថយន្ត Eco Bin បានបញ្ជាក់ថា៖

«ដោយសារក្ដីស្រឡាញ់ការងារសង្គម ហើយខ្ញុំគិតថាអាជីវកម្មនេះអាចជួយដល់បរិស្ថាន និងអាចផ្ដល់ឱកាសការងារឱ្យប្រជាជនក្នុងតំបន់ផងនោះ គ្រួសារខ្ញុំបានសម្រេចចាប់យកអាជីពជាអ្នកកែច្នៃសំណល់សម្បកកង់ឡានចាស់ៗដែលមិនងាយរលាយឲ្យក្លាយជាសម្ភារៈប្រើប្រាស់មានប្រយោជន៍តាមរយៈការបង្កើតជាធុងសំរាមបរិស្ថាននេះឡើង»។

អ្នកស្រីបន្តថា ធុងបរិស្ថាននេះត្រូវបានផលិត២ប្រភេទ មានគុណភាពល្អ ក្រាស់ មាំ ស្វិត អាចប្រើប្រាស់បានច្រើនឆ្នាំទោះបីដាក់ហាលថ្ងៃ ហាងខ្យល់ក៏ដោយក៏ភាពធន់នៅតែមានដែរ ហើយចំពោះតម្លៃមាន២៥ដុល្លារ និង៣៥ដុល្លារ អាស្រ័យតាមទំហំ។ ម៉្យាងវិញទៀត ធុងប្រភេទនេះក៏ផ្ដល់នូវភាពងាយស្រួលសម្រាប់អ្នកប្រើប្រាស់ផងដែរ ពិសេសនៅពេលសម្អាត គឺគ្រាន់តែបាញ់ទឹកលាងធម្មតា មិនប្រើកម្លាំងច្រើននោះទេ ដោយសារធុងនេះមានចោះរន្ធសម្រាប់បង្ហូរទឹកស្រាប់។ ក្រៅពីនេះ វាមានដៃយួរសងខាងដែលអាចបង្កភាពងាយស្រួលដល់អ្នកប្រមូលសំរាមក្នុងការលើកចាក់ចូលទៅក្នុងរថយន្តដឹកសំរាមតែម្ដង។

អាជីវកម្មមួយទៀតនោះគឺ សិប្បកម្ម សាន ពៅ​ ដែលមានការកែច្នៃដើមត្នោតទៅជាសម្ភារៈប្រើប្រាស់ជាច្រើនមុខ ហើយសម្ភារដែលពេញនិយមជាងគេ គឺប្រភេទសម្ភារផ្ទះបាយដូចជា ចាន ស្លាបព្រា ចង្កឹះ វែក កែវ ដែលភាគច្រើនខាងហាង ក៏ដូចជាភោជនីយដ្ឋានគេត្រូវការច្រើន។

លោក សាន ពៅ ជាម្ចាស់សិប្បកម្មផ្ទាល់ បានប្រាប់ AMS ឱ្យដឹងថា៖

«ខ្ញុំចាប់ផផ្ដើមអាជីវកម្មនេះ ដោយសារតែខ្ញុំជាកូនកសិករក្រីក្រ ហើយឃើញដើមត្នោតត្រូវបានគេកាប់ចោលច្រើន ក៏បានយកវាមកច្នៃជាស្លាបព្រា និងគ្រឿងតូចផ្សេងៗទៀត លុះមានការចាប់អារម្មណ៍ ក៏បានពង្រីកជាអាជីវកម្មជាបន្តបន្ទាប់រហូតដល់យើងមានក្រុមអ្នកផលិតប្រមាណជាង ២០០ នាក់ដែលជាជនមានពិការភាព ហើយយើងក៏មានផ្ដល់នូវកន្លែងស្នាក់នៅ និងប្រាក់ខែសមរម្យ»។

ចុងក្រោយគឺអាជីវកម្មផលិតទៀនក្រអូប ដែលជួយសម្រួលអារម្មណ៍តានតឹង កាត់បន្ថយស្ត្រេស បំបាត់ភាពហត់នឿយ និងធ្វើឱ្យអារម្មណ៍ស្រស់ស្រាយក្នុងការរស់នៅប្រចាំថ្ងៃ។ កញ្ញា ភាព សុថុន ស្ថាបនិក ហត្ថានារី បានរៀបរាប់ថា៖

«កត្តាសំខាន់ៗដែលជំរុញឱ្យខ្ញុំបង្កើតហត្ថានារីឡើងគឺដោយសារមើលឃើញពីបញ្ហារបស់បងប្អូនយើងផង ណាមួយមានជំនាញផ្នែកគីមីចំណីអាហារស្រាប់ផង ទើបខ្ញុំចង់ប្រើជំនាញនេះដើម្បីបង្កើតនូវអ្វីដែលជះផលវិជ្ជមានដល់ការរស់នៅ ពិសេសជួយជីវភាពបងប្អូនស្ត្រីនៅជនបទបានមួយកម្រិតផងដែរ»។

កញ្ញាបន្ថែមទៀតថា  ផលិតផលរបស់ហត្ថានារី ផ្ដោតលើ គ្រីមធម្មជាតិ ដូចជា គ្រីមការពារមូស គ្រីមជំនួយដំណេក និងគ្រីមលាបនៅពេលឈឺក្បាល ចំណែកប្រភេទតែមាន ៩រសជាតិ មានដូចជា តែរមៀត តែខ្ញី និងតែស្លឹកគ្រៃលាយស្លឹកក្រូច និងរំដេង តែផ្កាអមតៈ តែស្លឹកតើយ តែផ្កាឡេវអាវ តែម្ជូរព្រឹក និងតែព្នៅ។ ក្រៅពីនេះគេក៏មានជាប្រភេទទៀនក្រអូបដែលមានចំនួន ១២ក្លិន ផ្សំឡើងពីវត្ថុធាតុដើមក្នុងស្រុក និងមានការរចនារូបលើដបទឹកផងដែរ។

ជារួមមកឃើញថា អាជីវកម្មនីមួយៗសុទ្ធតែមានគោលគំនិតប្លែកៗគ្នា អាស្រ័យទៅតាមតំបន់ សក្ដានុពលវត្ថុធាតុដើមសម្រាប់ផលិត ប៉ុន្តែសុទ្ធតែផ្ដល់ផលប្រយោជន៍រួមសម្រាប់ជីវភាពសហគមន៍ដូចគ្នា។ ដូច្នេះសម្រាប់បងប្អូនដែលមានគំនិតចង់បង្កើតអាជីវកម្មណាមួយ គួរគិតគូរឱ្យបានគ្រប់ជ្រុងជ្រោយទើបអាចទទួលបានជោគជ័យ៕      


របាយការណ៍ថ្មីៗ

មើលទាំងអស់ ➧

ព័ត៌មានទូទៅ

មើលទាំងអស់ ➧

ស្ថាប័នពាក់ព័ន្ធកំពុងរួមគ្នាពន្លឿនការងារចុះបញ្ជីដីបង្ហើយ រួមទាំងដីបុរាណដ្ឋាន

ព្រឹត្តិការណ៍, អចលនទ្រព្យ

• 03/07/2026

ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រសួងធម្មការ និងសាសនា, ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ, ក្រសួងមហាផៃ្ទ និងរដ្ឋបាលថ្នាក់ក្រោមជាតិ បានជួបពិភាក្សាគ្នាអំពីការផ្ដល់សេវាសាធារណៈជូនប្រជាជន

រថយន្តជាង ១៧ម៉ឺនគ្រឿង ត្រូវបានផ្គុំ និងដំឡើងនៅក្នុងស្រុក មានតម្លៃសរុបប្រមាណ ១,១ ប៊ីលានដុល្លាអាម៉េរិក

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បច្ចុប្បន្ន កម្ពុជាមានក្រុមហ៊ុនផលិត ផ្គុំ និងដំឡើងរថយន្តចំនួន ១១ទីតាំង ដែលអាចមានសមត្ថភាពផលិត ផ្គុំ និងដំឡើងរថយន្តបានប្រមាណ ៣៧.៩០០ គ្រឿងក្នុងមួយឆ្នាំ

ADB និងដៃគូដាក់ដំណើរការមូលនិធិបង្វិល ដើម្បីកាត់បន្ថយថ្លៃដើមថាមពល និងការបំភាយឧស្ម័ននៅកម្ពុជា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងដៃគូ បានដាក់ដំណើរការមូលនិធិបង្វិលសម្រាប់ប្រសិទ្ធភាពថាមពល (EERF) ជាផ្លូវការ ដើម្បីគាំទ្រដល់ការបង្កើនការវិនិយោគលើបច្ចេកវិទ្យាសន្សំសំចៃថាមពលនៅកម្ពុជា

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារក្នុងខែឧសភា

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ការនាំចេញរថយន្តអគ្គិសនី EV របស់ចិនឈានដល់ ៩,២ ពាន់លានដុល្លារអាមេរិកនៅក្នុងខែឧសភា ឆ្នាំ២០២៦ ដែលកើនឡើង ៤៩ ភាគរយធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៥ និងកើនឡើងពី ៩, ១ ពាន់ដុល្លារក្នុងខែមេសា

ICRC ប្តេជ្ញាបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា ជំរុញការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម ICRC បានប្រកាសប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុងការបន្តគាំទ្រ និងពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាលកម្ពុជា

ទំនាក់ទំនងកម្ពុជា-អាម៉េរិក កាន់តែរឹងមាំ និងមានសក្តានុពលសេដ្ឋកិច្ចខ្ពស់ ជាមួយទំហំពាណិជ្ជកម្មកើនឡើងគួរ​ឱ្យកត់សម្គាល់

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត បានគូសបញ្ជាក់ពីចលនការជាវិជ្ជមាននៃទំនាក់ទំនងកម្ពុជា-សហរដ្ឋអាម៉េរិក ដែលឆ្លុះបញ្ជាំងតាមរយៈវឌ្ឍនភាព នៃកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ ជាក់ស្តែង ក្នុងវិស័យពាណិជ្ជកម្ម និងវិនិយោគ សហរដ្ឋអាម៉េរិក នៅតែជាទីផ្សារនាំចេញធំបំផុតរបស់កម្ពុជា

តម្លៃជីកសិកម្មនៅតែបន្តថ្លៃខ្ពស់បើទោះតម្លៃប្រេងឥន្ទនៈនៅលើទីផ្សារសកលធ្លាក់ចុះក៏ដោយ

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

បើទោះបីជាតម្លៃប្រេងសាំងនៅកម្ពុជាបានធ្លាក់ចុះមកនៅត្រឹម ៤០៥០ រៀលក្នុងមួយលីត្រក៏ដោយ ក៏តម្លៃជីកសិកម្មនៅលើទីផ្សារតាមបណ្តាខេត្តមួយចំនួននៅតែថ្លៃ

ឈ្វេងយល់​ ​និងសិក្សា​តួលេខ​ខ្លះ​ៗ​ដែល​ហ្វីលីពីន​ និង​វៀតណាម​ទើប​ទទួលបាន​ចំណាត់ថ្នាក់​ថ្មី​ជា​ប្រទេស​​មាន​ចំណូល​មធ្យម​កម្រិត​ខ្ពស់​

ព្រឹត្តិការណ៍, អាជីវកម្មថ្មី និងនវានុវត្ត

• 03/07/2026

ធនាគារពិភពលោក (World Bank) កាលពីថ្ងៃទី ១ ខែកក្កដានេះ បានប្រកាសឈ្មោះប្រទេសចំនួន ៦ ថ្មីដែលនឹងត្រូវដំឡើងចំណាត់ថ្នាក់ទៅជាប្រទេសដែលមានចំណូលមធ្យមកម្រិតខ្ពស់ឬ upper-middle-income ក្នុងនោះមានហ្វីលីពីននិងវៀតណាមដែលស្ថិតនៅក្នុងតំបន់អាស៊ានរបស់យើងផង

ច្បាប់ស្តីពីការគ្រប់គ្រងភស្តុភារកម្ម នឹងកាត់បន្ថយថ្លៃដើមដឹកជញ្ជូន ជំរុញសេដ្ឋកិច្ច និង​បង្កើនសមត្ថភាពប្រកួត​ប្រជែង

ព្រឹត្តិការណ៍, សេដ្ឋកិច្ច

• 03/07/2026

ច្បាប់ស្ដីពីការគ្រប់គ្រងភស្ដុភារកម្ម គឺជាក្របខ័ណ្ឌគតិយុត្តដ៏សំខាន់ដែលត្រូវបានរៀបចំឡើងដើម្បីធ្វើទំនើបកម្ម គ្រប់គ្រង និងលើកកម្ពស់ប្រព័ន្ធដឹកជញ្ជូន និងខ្សែច្រវាក់ផ្គត់ផ្គង់នៅក្នុងប្រទេសកម្ពុជា

ចិញ្ចឹមត្រីឆ្ពង់ ជួយឱ្យប្រជានេសាទរស់នៅជាប់ដៃសមុទ្រមានជីវភាពកាន់តែប្រសើរ

ជំនួញ, ព្រឹត្តិការណ៍

• 03/07/2026

ប្រជានេសាទរស់នៅតាមដៃសមុទ្រនានា បាននាំគ្នាងាកមកចិញ្ចឹមត្រីឆ្ពង់តាមបែបវារីវប្បកម្ម កាន់តែច្រើនឡើងៗ ដោយសាររបរមួយនេះ បានជួយឱ្យពួកគាត់មានជីវភាពប្រសើរឡើង តាមរយៈការផ្គត់ផ្គង់ផលនេសាទត្រីសមុទ្រនៅលើទីផ្សារបានទៀងទាត់ ជាជាងរបរនេសាទតាមបែបប្រពៃណី