ភ្នំពេញ ៖ វិស័យធានារ៉ាប់រងនៅកម្ពុជាត្រូវបានគេទទួលស្គាល់ថាជាវិស័យមួយដែលមានភាពវ័យក្មេងជាងគេបំផុតក្នុងចំណោមវិស័យសសរស្តម្ភនៃប្រព័ន្ធហិរញ្ញវត្ថុនៅកម្ពុជា ខណៈដែលទើបបង្កើតឡើងកាលពីទសវត្សរ៍ឆ្នាំ១៩៩០ប៉ុណ្ណោះដែលធៀបទៅនឹងបណ្តាប្រទេសផ្សេងៗ វិស័យនេះអាចមានអាយុកាលដល់ទៅរាប់រយឆ្នាំ។
ក្នុងឱកាសនៃពិធីបើកវគ្គបណ្តុះបណ្តាលសម្រាប់អ្នកសារព័ត៌មានស្តីពីវិស័យធានាគារហិរញ្ញវត្ថុ និងធានារ៉ាប់រងនៅកម្ពុជា ប្រធានសមាគមធានារ៉ាប់រងកម្ពុជា លោក ហ៊ុយ វ៉ាថារ៉ូ បានលើកឡើងថា ស្ថិតនៅក្នុងដំណាក់កាលវិវត្តខ្លួនឆ្ពោះទៅមុខក្លាយទៅជាវិស័យដ៏ធំមួយនៅកម្ពុជាអស់រយៈពេលជាង៥ឆ្នាំចុងក្រោយនេះ កំណើននៃសកម្មភាពទិញធានារ៉ាប់រងមានកំណើនជាមធ្យមដល់ទៅ២០ភាគរយ និងធ្លាក់ចុះបន្តិចប៉ុណ្ណោះកាលពីអំឡុងពេលកូវីដត្រឹមតែ១០ភាគរយ ប៉ុន្តែប្រតិបត្តិការប្រចាំឆ្នាំចុងក្រោយនេះក្រុមហ៊ុនសេវាធានារ៉ាប់រងទាំង៤០អាចទាញបានប្រាក់ចំណូលដល់ទៅ ៣៣០លានដុល្លារ។
លោក ហ៊ុយ វ៉ាថារ៉ូ បានលើកឡើងថា ថ្វីត្បិតតែជាវិស័យដែលមានវ័យក្មេងជាងគេ ប៉ុន្តែធានារ៉ាប់រងនៅតែមានសក្តានុពលខ្លាំងជាងគេក្នុងការជួយជំរុញមួយផ្នែកនៃវិស័យសេដ្ឋកិច្ចនៅកម្ពុជាបើទោះបីជាបច្ចុប្បន្នទំហំនៃប្រាក់ចំណូលសរុបមានត្រឹមប្រហាក់ប្រហែលទៅនឹង១ភាគរយប៉ុណ្ណោះនៃសេដ្ឋកិច្ចកម្ពុជា ធៀបទៅនឹងបណ្តាប្រទេសមួយចំនួនក្នុងតំបន់ដែលពួកគេអាចធ្វើបានទៅដល់កម្រិតពី៤ភាគរយ ឬ៨ភាគរយ។
លោកប្រធានសមាគមធានារ៉ាប់រងរូបនេះបានពន្យល់ថា ទំហំទីផ្សារធានារ៉ាប់រងនៅកម្ពុជាមិនត្រឹតែពីអាចជួយធានាបាននូវស្ថិរភាពហិរញ្ញវត្ថុចំពោះអាជីវកម្មដែលប្រឈមមុខទៅនឹងវិបត្តិ និងបញ្ហានានានោះទេ វាថែមទាំងអាចយកទៅចាក់បញ្ចូលក្នុងសេដ្ឋកិច្ចរបស់ប្រទេសទៀតផងនៅពេលដែលទំហំនេះកាន់តែកើនឡើង។ កាតព្វកិច្ចសំខាន់របស់ក្រុមហ៊ុនធានារ៉ាប់រងត្រូវតែធានាឲ្យបាននូវបេសកកម្មដែលខ្លួនបានសន្យាជាមួយនឹងអតិថិជន ដូច្នេះទុនដែលប្រមូលបាននឹងមិនទាន់ត្រូវបានប្រើប្រាស់ភ្លាមនោះទេ។
លោកបន្តថា នៅពេលដែលប្រាក់ធានារ៉ាប់រងដែលបណ្តាក្រុមហ៊ុនប្រមូលបានមានចំនួនកាន់តែច្រើននោះវានឹងអាចយកទៅធ្វើការប្រើប្រាស់ផ្សេងទៀតរួមទាំងការវិនិយោគក្នុងប្រទេសបានច្រើនរូបភាពដូចជាការវិនិយោគដោយផ្ទាល់ ឬមិនផ្ទាល់ ជាពិសេសគឺអាចយកទៅធ្វើជាប្រាក់បញ្ញើដែលអាចជួយជំរុញលំហូរសាច់ប្រាក់សម្រាប់ប្រតិបត្តិការកម្ចីនៅតាមបណ្តាស្ថាប័នធានាគារ ឬមីក្រូហិរញ្ញវត្ថុផង។ គួរឲ្យដឹងដែរថា សេវាធានារ៉ាប់រង់គឺជាប្រព័ន្ធគ្រប់គ្រងនិភ័យដ៏មានប្រសិទ្ធភាពមួយ ឬអាចផ្តល់និយមន័យដោយងាយ និងស្រួលយល់ថា គឺជារបាំងការពារប្រព័ន្ធហិរញ្ញវត្ថុនៃបុគ្គល ឬក្រុមហ៊ុនអាជីវកម្ម ដែលបានទិញសេវានេះដោយសង្ឃឹមថានឹងអាចគេចចេញពីបញ្ហាហិរញ្ញវត្ថុដោយសារគ្រោះថ្នាក់ជាយថាហេតុ និងដោយប្រការណាមួយដែលមិនអាចទាយទុកជាមុនបាន៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content