បរទេស៖ ម៉ាឡេស៊ីបានក្លាយជាប្រទេសដែលមានសេដ្ឋកិច្ចឌីជីថលរីកលូតលាស់លឿនជាងគេបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលជំរុញដោយពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce), ការកក់សំបុត្រយន្តហោះ, និង សេវាហិរញ្ញវត្ថុឌីជីថល បើយោងតាមការរាយការណ៍ពី The Investor ។

របាយការណ៍ដែលចេញផ្សាយដោយ Google, Temasek, និង Bain & Company កត់សម្គាល់ថា ពាណិជ្ជកម្មអេឡិចត្រូនិក (E-commerce) របស់ម៉ាឡេស៊ីបន្តរឺកលូតលាស់ក្នុងល្បឿនលឿន ដែលជាកត្តាជំរុញដ៏ធំបំផុតនៃសេដ្ឋកិច្ចឌីជីថលរបស់ប្រទេស។ វិស័យនេះកើនឡើង ២១% និងឈានដល់ ២០ ពាន់លានដុល្លារ បើធៀបនឹងឆ្នាំ ២០២៤ ដែលត្រូវបានគាំទ្រដោយការកើនឡើងនៃវេទិកាធំៗក្នុងតំបន់ និងការកើនឡើងនៃការធ្វើវីដេអូពាណិជ្ជកម្ម។ ការធ្វើដំណើរដែលកក់សំបុត្រ ឬ ទិញសេវាតាមអ៊ីនធឺណិត គឺជាកត្តាជំរុញទីពីរសម្រាប់សេដ្ឋកិច្ច ឌីជីថលរបស់ម៉ាឡេស៊ី និង ខ្ពស់ជាងគេនៅអាស៊ីអាគ្នេយ៍ ដោយការកក់សំបុត្រយន្តហោះនៅក្នុងកំណត់ត្រាប្រទេសនេះកើនឡើងខ្លាំងដល់ទៅ ១៩%។ វាត្រូវបានជំរុញដោយការធ្វើឱ្យប្រសើរឡើងនៃការតភ្ជាប់ផ្លូវអាកាស ការបន្ធូរបន្ថយច្បាប់ទិដ្ឋាការ និងយុទ្ធនាការផ្សព្វផ្សាយតទេសចរណ៍តាមប្រព័ន្ធឌីជីថល “Visit Malaysia 2026” ។ មិនត្រឹមតែប៉ុណ្ណោះ សេវាហិរញ្ញវត្ថុឌីជីថលកើនឡើងខ្លាំងដល់ទៅ ២៨% ដោយការទូទាត់តាមឌីជីថលឈានដល់ ២១៣ ពាន់លានដុល្លារក្នុងតម្លៃប្រតិបត្តិការសរុប (GTV) នៅឆ្នាំ ២០២៥។ សន្ទុះនេះត្រូវបានគាំទ្រដោយការផ្លាស់ប្តូររបស់ម៉ាឡេស៊ីឆ្ពោះទៅរកការទូទាត់ឌីជីថលដោយគ្មានសាច់ប្រាក់ ហើយការទូទាត់ឆ្លងកាត់ព្រំដែនបានពង្រីកយ៉ាងខ្លាំងជាមួយនឹងស្តង់ដារ DuitNow QR ខណៈដែលើការធ្វើអន្តរកម្មនៅក្នុងតំបន់អាស៊ីអាគ្នេយ៍កំពុងរីកលូតលាស់ខ្លាំង។

នៅកម្រិតតំបន់អាស៊ីអាគ្នេយ៍ជារួម សេដ្ឋកិច្ចឌីជីថលរបស់តំបន់នេះត្រូវបានព្យាករថានឹងកើនឡើងលើសពី ៣០០ ពាន់លានដុល្លារនៅក្នុងតម្លៃទំនិញសរុប (GMV) ក្នុងឆ្នាំ ២០២៥ ដែលកើនឡើង ១៥% ពីឆ្នាំមុន។ ក្នុងនាមជាសេដ្ឋកិច្ចធំជាងគេទីប្រាំរបស់ពិភពលោកដែលមានប្រជាជនសរុបជាង ៦៨០ លាននាក់ អាស៊ីអាគ្នេយ៍បានពង្រីកវិស័យឌីជីថលយ៉ាងឆាប់រហ័សក្នុងរយៈពេលមួយទសវត្សរ៍កន្លងមកនេះ ដោយបង្ហាញពីភាពធន់រឹងមាំ និងសមត្ថភាពរកចំណូល បើទោះបីជាមានការរីករាលដាលនៃបញ្ហាជាសកលក៏ដោយ៕




វិថីហិរញ្ញវត្ថុ






















Account
Security
Favourite Content