នាវាវេស្ទឺដាំ (Westerdam) ដែលកាលពីប្រមាណជិត៤ឆ្នាំមុន ត្រូវបានប្រទេសជាច្រើនបដិសេដមិនឱ្យចូលចុះចតដោយសារសង្ស័យមានអ្នកផ្ទុកមេរោគនៃជំងឺកូវីដ-១៩ ប៉ុន្តែត្រូវបានកម្ពុជាទទួលស្វាគមន៍យ៉ាងកក់ក្ដៅនោះ បានត្រឡប់មកកាន់កម្ពុជាវិញនាព្រឹកថ្ងៃទី ២៨ ខែធ្នូ ឆ្នាំ ២០២៣នេះ។
ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍បានមានប្រសាសន៍ដោយក្ដីរីករាយថា នេះជាព្រឹត្តិការណ៍ប្រវត្តិសាស្ត្រមួយដែលនាវា Westerdam បានត្រឡប់មកវិញ ចាប់តាំងពីចូលចតនៅកម្ពុជាកាលពីខែកុម្ភៈ ឆ្នាំ២០២០។ ទាំងអ្នកដំណើរ និងនាវិកសុទ្ធតែបានទទួលនូវការស្វាគមន៍ដ៏យ៉ាងពិសេសពីកម្ពុជា។

ឯកឧត្តមបន្តគូសបញ្ជាក់ទៀតថា៖
«ភ្ញៀវថ្ងៃនេះគឺមានចំនួន ១៩៩១នាក់ ហើយតាមរយៈឱកាសនេះ យើងអាចវាយតម្លៃថាការធ្វើដំណើរតាមនាវាចរណ៍ មានភាពវិជ្ជមានខ្ពស់ ដែលជាការបើកផ្លូវឱ្យមានការធ្វើដំណើរជាបន្តបន្ទាប់នៅឆ្នាំក្រោយទៀត»។
ឯកឧត្តមរដ្ឋមន្ត្រីបន្តរំលឹកដែរថា៖
« នេះក៏ជាចំណុចមួយដ៏មានសារៈសំខាន់ដែលសម្ដេចតេជោបានខិតខំជំរុញធ្វើយ៉ាងណាឱ្យមានការទទួលស្គាល់ថា កម្ពុជា ជាប្រទេសតូច តែមានបេះដូងធំ។ មិនត្រឹមតែប៉ុណ្ណោះ ក្នុងឱកាសចូលចុះចតនៅកម្ពុជាថ្ងៃនេះ មានភ្ញៀវទេសចរមួយចំនួនបានចុះ មកទស្សនាខេត្តព្រះសីហនុ និងមួយចំនួនទៀតបានឆ្លៀតទៅរហូតដល់ខេត្តកែបទៀតផង»។

តាមរយៈសញ្ញាវិជ្ជមាននេះ ឯកឧត្តមរដ្ឋមន្ត្រីបានធ្វើការកត់សម្គាល់ថា សកម្មភាពទាក់ទងនឹងទេសចរណ៍ និងនាវាចរណ៍នេះ គឺមានលក្ខណៈពិសេស ហើយសង្ឃឹមថាក្នុងពេលអនាគត កម្ពុជានឹងអាចកសាងហេដ្ឋារចនាសម្ព័ន្ធ ដើម្បីសម្រួលនូវភាពទាក់ទាញយកទេសចរតាមផ្លូវទឹកមកបន្ថែម។ ជាមួយគ្នានេះ ដើម្បីអាចទាក់ទាញភ្ញៀវទេសចរអន្តរជាតិបានកាន់តែច្រើន ក្រសួងក៏មាននូវយុទ្ធសាស្ត្រ «បង្កើន៥» ដែលកំពុងតែសហការអនុវត្តឱ្យលេចចេញជារូបរាងឡើងផងដែរ។

គួរបញ្ជាក់ថា នាវាវេស្ទឺដាំបានចូលមកកម្ពុជាជាលើកទី២ នៅព្រឹកថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ ជាមួយនឹងភ្ញៀវចំនួន ១ ៩៩១នាក់ ក្នុងនោះស្រី ១ ០៣២នាក់ និងមានចំនួន៥៤សញ្ជាតិ។ នាវិករបស់នាវាមានចំនួន ៧៨៣នាក់ ក្នុងនោះស្រី ៦៤៨នាក់ និងមាន ៣០សញ្ជាតិខុសៗគ្នា។
ដោយឡែក ចំនួនសញ្ជាតិដែលមានភ្ញៀវច្រើនជាងគេរួមមាន អាមេរិក កាណាដា និងអូស្ត្រាលី។ មុនមកដល់កម្ពុជា នាវាវេស្ទឺដាំបានចូលចុះចតនៅប្រទេសថៃ ហើយនឹងបន្តទៅកាន់ប្រទេសវៀតណាមបន្ទាប់ពីកម្ពុជាផងដែរ៕





វិថីហិរញ្ញវត្ថុ























Account
Security
Favourite Content