ភ្នំពេញ ៖ តំណាងបណ្តាវិនិយោគិនជនជាតិកូរ៉េខាងត្បូង និងជាប្រធានសមាគមអ្នកនាំចូលនៃសាធារណរដ្ឋកូរ៉េ បានបង្ហើបឱ្យដឹងថា ធុរជនកូរ៉េមានបំណងចង់មកបង្កើតរោងចក្រវិស័យផលិតកម្មនៅកម្ពុជាក្នុងតំបន់សេដ្ឋកិច្ចពិសេសដើម្បីនាំចេញទៅទីផ្សារក្រៅប្រទេស។
ក្នុងជំនួបជាមួយឯកឧត្តម ពេជ ឫទ្ធី រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម នៅក្នុងសប្ដាហ៍នេះ លោក គីម ប៊្យុង ក្វាន់(KIM Byung-Kwan) ប្រធានសមាគមអ្នកនាំចូលនៃសាធារណរដ្ឋកូរ៉េ បានលើកឡើងថា គោលបំណងនៃជំនួបនេះធុរជនសាធារណរដ្ឋកូរ៉េមានគោលបំណងចង់ផ្សារភ្ជាប់កិច្ចសហប្រតិបត្តិការរវាងក្រសួងពាណិជ្ជកម្ម និងសមាគមអ្នកនាំចូលនៃសាធារណរដ្ឋកូរ៉េ ក្នុងការបង្កើនសកម្មភាពធុរកិច្ច និងវិនិយោគរវាងកម្ពុជា – កូរ៉េ ។
ឯកឧត្តម ពេជ ឫទ្ធី បានស្វាគមចំពោះគោលបំណងរបស់ធុរជនកូរ៉េដែលមានចាប់អារម្មណ៍ចង់មកវិនិយោគនៅកម្ពុជា ជាពិសេសការបង្កើតរោងចក្រក្នុងវិស័យផលិតកម្មនៅតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការ ក៏បានលើកទឹកចិត្តដល់វិនិយោគិនកូរ៉េ ឱ្យមកបណ្តាក់ទុននៅកម្ពុជា ដោយសារកម្ពុជាមានសក្តានុពលផ្នែកសេដ្ឋកិច្ច និងមានគោលនយោបាយលើកទឹកចិត្តអ្នកវិនិយោគដែលនឹងទទួលបានផលប្រយោជន៍ពីកិច្ចព្រមព្រៀងសេរីនានា។
ដោយឡែកឯកឧត្តមរដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏បានជួបពិភាក្សាការងារជាមួយគណៈប្រតិភូធុរកិច្ចខេត្តយូណាននៃសាធារណរដ្ឋប្រជាមានិតចិន ដើម្បីលើកកម្ពស់កិច្ចសហប្រតិបត្តិការវិស័យពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ចិន ឱ្យមានការកើនឡើងបន្ថែមទៀត ជាពិសេសការធ្វើពាណិជ្ជកម្មផលិតផលកសិកម្ម៕






វិថីហិរញ្ញវត្ថុ



































































Account
Security
Favourite Content