ភ្នំពេញ ៖ ការប្រើប្រាស់ឥណទានពីគ្រឹះស្ថានហិរញ្ញវត្ថុឱ្យចំគោលដៅ អាចជួយប្រជាពលរដ្ឋទទូលបានចំណូលឋិតឋេរ និងជីវភាពក្រុមគ្រួសារល្អប្រសើរ។ ជាក់ស្តែង កញ្ញា ម៉ៃ ស្រីឌី ដែលមានសមាជិកគ្រួសារនៅក្នុងបន្ទុកសរុប ០៣នាក់ ហើយមានមុខរបរចម្បងក្នុងគ្រួសារជាអ្នកលក់ផលិតផលបំប៉នសុខភាព និងថែរក្សាសម្រស់ បានរៀបរាប់ថា កញ្ញាបានចាប់ផ្តើមមុខរបរនេះតាំងពីឆ្នាំ២០១៨ មកម្ល៉េះ ដោយប្រើប្រាស់ដើមទុនបន្ថែមពីកម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុចំនួន ៤៥០០ ដុល្លារ ដើម្បីទិញផលិតផលយកមកលក់រាយ និងលក់បន្តទៅតំណាងចែកចាយ ហើយកម្ចីនេះបានធ្វើឱ្យក្រុមគ្រួសារកញ្ញាមានជីវភាពល្អប្រសើរជាងមុន ។
កញ្ញាបានឱ្យដឹងថា ដោយសារតែផលិតផលនៅក្នុងស្តុកមានការខ្វះខាតនៅពេលដែលអតិថិជនមកទិញ ឬតំណាងចែកចាយធ្វើការកម្ម៉ង់ ហេតុដូចនេះ កញ្ញាបានសម្រេចចិត្តប្រើប្រាស់ប្រាក់កម្ចីរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុជាបន្តបន្ទាប់ ហើយរហូតមកដល់បច្ចុប្បន្ននេះ កញ្ញាបានប្រើប្រាស់កម្ចីពីគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមួយជាលើកទី៣ ដោយស្នើសុំកម្ចីចំនួន ១៣០០០ ដុល្លារ ក្នុងគោលបំណងទិញផលិតផលចូលស្តុកបន្ថែមដើម្បីឱ្យបានគ្រប់មុខ និងបន្តពង្រីកតំណាងចែកចាយបន្ថែមទៀត។
កញ្ញា ម៉ៃ ស្រីឌី បាននិយាយថា តាំងពីកញ្ញាបានប្រើប្រាស់កម្ចីនោះមក ធ្វើឱ្យក្រុមគ្រួសារកញ្ញាមានជីវភាពល្អប្រសើរជាងមុន ដែលក្រុមគ្រួសារកញ្ញាអាចរកប្រាក់ចំណូលបានរហូតដល់ ១០០០ ដុល្លារ ក្នុងមួយខែ ហើយធ្វើឲ្យការចាយវាយ ការហូបចុក ឬក៍ថ្នាំសង្កូវ និងតម្រូវការចាំបាច់ផ្សេងៗនៅក្នុងគ្រួសារអាចរ៉ាប់រងបាន។
ដោយឡែក កាលពីអំឡុងពេលជួបបញ្ហាកូវីដ១៩ សម្រាប់អាជីវកម្មកញ្ញាក៍រងផលប៉ះពាល់បន្តិចបន្តួចដែរ តែយ៉ាងណាមិញតម្រូវការថ្នាំបំប៉នសុខភាព និងថែរក្សាសម្រស់ នៅតែមានទីផ្សារ ស្របនឹងផលិតផលមានគុណភាពល្អ ដូចនេះការលក់ដូររបស់កញ្ញានៅតែអាចទប់ទល់ និងដោះស្រាយបានអំឡុងពេលវិបត្តិនេះ។
សម្រាប់ទៅថ្ងៃអនាគត កញ្ញា ម៉ៃ ស្រីឌី ចង់ពង្រីកមុខរបរនេះឲ្យកាន់តែធំ ដើម្បីអាចរកប្រាក់ចំណូលបានកាន់តែច្រើន ដែលអាចធ្វើឲ្យកញ្ញា និងក្រុមគ្រួសារមានលទ្ធភាពដើម្បីកែលម្អគេហដ្ឋានដែលកំពុងរស់នៅសព្វថ្ងៃឲ្យបានសមរម្យ។ ជាចុងក្រោយ កញ្ញា និងក្រុមគ្រួសារបានថ្លៃងអំណរគុណដល់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ដែលបានផ្តល់ប្រាក់កម្ចីដល់កញ្ញា តាំងពីការលក់ដូរតិចតួច រហូតដល់មានអាជីវកម្មធំមួយដែលកំពុងដំណើរការមកដល់សព្វថ្ងៃនេះ។
ជារួម វិស័យមីក្រូហិរញ្ញវត្ថុនៅតែបន្តចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ច តាមរយៈការផ្តល់ផលិតផល និងសេវាហិរញ្ញវត្ថុផ្លូវការដល់ប្រជាពលរដ្ឋ ជាពិសេសប្រជាពលរដ្ឋនៅតាមតំបន់ជនបទ បើទោះបីជាទិន្នន័យនៃទ្រព្យសកម្ម និងឥណទានអតិថិជនរបស់គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុបង្ហាញពីការថយចុះក៏ដោយ។
យោងតាមរបាយការណ៍ប្រចាំឆមាសទី១ និងទិសដៅការងារឆមាសទី២ ឆ្នាំ២០២៤ របស់ធនាគារជាតិនៃកម្ពុជា បានបង្ហាញថា គិតត្រឹមឆមាសទី១ ឆ្នាំ២០២៤ ទ្រព្យសកម្មគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុមានចំនួន ២៥ ទ្រីលានរៀល (៦,២ ប៊ីលានដុល្លារអាមេរិក) ដែលក្នុងនោះឥណទានអតិថិជនមានចំនួន ២០,៨ ទ្រីលានរៀល (៥,២ ប៊ីលានដុល្លារអាមេរិក) ស្មើនឹង ១,៦ លានគណនី។ គួរបញ្ជាក់ថា ទិន្នន័យនេះមិនរាប់បញ្ចូលធនាគារដែលជាសមាជិករបស់សមាគមទេ។
ឥណទានទាំងនេះបានផ្តល់ទៅកាន់វិស័យសំខាន់ៗក្នុងសេដ្ឋកិច្ច រួមមាន៖ ក្រុមគ្រួសារមានចំណែក ៣២,៦% កសិកម្ម ២១,៤% ពាណិជ្ជកម្មនិងជំនួញ ២០,២% សេវាកម្ម ១១,៧% សំណង់ ៦,៨% ដឹកជញ្ជូន ២,៨% កម្មន្តសាល ២,៥% និងផ្សេងៗ ២,១%។ ទន្ទឹមនេះ វិស័យមីក្រូហិរញ្ញវត្ថុបានទទួលប្រាក់បញ្ញើ ៨,៨ ទ្រីលានរៀល (២,២ ប៊ីលានដុល្លារអាមេរិក) ស្មើនឹង ២ លានគណនី៕