ភ្នំពេញ ៖ ក្រសួងពាណិជ្ជកម្មនាថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៣ បានចេញផ្សាយនូវសេចក្ដីជូនដំណឹងមួយអំពីការបិទស្លាកតម្លៃលើមុខទំនិញ និងសេវាកម្មគ្រប់ប្រភេទ ជាពិសេសនៅតំបន់ទេសចរណ៍។ ការចាប់អនុវត្តរបស់ក្រសួងពាណិជ្ជកម្មបែបនេះ ធ្វើឡើងក្រោយការអំពាវនាវរបស់សម្ដេចនាយករដ្ឋមន្ត្រីកាលពីថ្ងៃទី ១៦ ខែមីនាកន្លងទៅ ក្នុងគោលបំណងជួយសម្រួលដល់ភ្ញៀវទេសចរក្នុងស្រុក និងក្រៅស្រុក លើការទិញទំនិញ ឬប្រើប្រាស់សេវាកម្មផ្សេងៗ ដោយមានតម្លៃស្រាប់ៗ។
នៅក្នុងសេចក្ដីជូនដំណឹងចំនួនមួយទំព័ររបស់ក្រសួងពាណិជ្ជកម្មបានណែនាំយ៉ាងដូច្នេះថា ពាណិជ្ជករ អាជីវករ សេវាករទាំងអស់ ដែលកំពុងធ្វើសកម្មភាពពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្ម ក្នុងប្រទេសកម្ពុជា ត្រូវតែបិទស្លាកថ្លៃលើគ្រប់មុខទំនិញ និងសេវាដែលតាំងលក់ក្នុងហាង ឬអគារលក់ទំនិញរបស់ខ្លួនជាប្រាក់រៀល លើកលែងតែហាង ឬបញ្ចរលក់ទំនិញបន្ទាប់បន្សំ។
ក្នុងករណីទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មមិនជាប់ពន្ធ (Duty free shop) ដែលមានកាអនុញ្ញាតដោយរាជរដ្ឋាភិបាល ចាំបាច់ត្រូវតែបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស ម្ចាស់ទីតាំងពាណិជ្ជកម្ម អាជីវកម្ម និងសេវាកម្មទាំងនោះត្រូវមកសុំការអនុញ្ញាតពីអង្គភាពច្រកចេញ -ចូលតែមួយរដ្ឋបាលខេត្ត។

សម្រាប់លិខិតអនុញ្ញាតបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស មានសុពលភាពរយ:ពេល០១ឆ្នាំ ហើយនៅពេលលិខិតអនុញ្ញាតហួសសុពលភាព អាជីវករ និងសេវាករចាំបាច់ត្រូវសុំការអនុញ្ញាតសារជាថ្មីពីអង្គភាពច្រកចេញ-ចូលតែមួយរដ្ឋបាលខេត្ត។ ម្យ៉ាងទៀត ពាណិជ្ជករ អាជីវករ និងសេវាករ ជាម្ចាស់ហាងលក់ទំនិញរួចពន្ធ (Duty free shop) ដែលសុំលិខិតអនុញ្ញាតបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេស ត្រូវមានកាតព្វកិច្ចបង់កម្រៃសេវាសាធារណ:ជូនរដ្ឋ។
នៅក្នុងសេចក្ដីជូនដំណឹងដដែល ក្រសួងបានសង្កត់ធ្ងន់ថា ការបិទស្លាកថ្លៃត្រូវសរសេរជាភាសាខ្មែរនៅខាងមុខ ឬនៅពីលើ និងអក្សរអង់គ្លេសនៅបន្ទាប់ ឬបន្ទាត់ខាងក្រោម និងភាសាបរទេសទី៣នៅបន្ទាប់ទៀត អាស្រ័យតាមស្ថានភាពជាក់ស្ដែងនៃអតិថិជនរបស់អាជីវកម្ម។ សម្រាប់ស្ថានីយ / ដេប៉ូលក់រាយប្រេងឥន្ធន:ទាំងអស់ ត្រូវមានដាក់តាំងបង្ហាញនៅបរិវេណខាងមុខទីតាំងអាជីវកម្ម ឬកន្លែងងាយមើលឃើញចម្ងាយប្រមាណជា២០០ម៉ែត្រ។

ដើម្បីធានាឱ្យការអនុវត្តដែលមានភាពជាប់លាប់ នាយកដ្ឋានអភិវឌ្ឍន៍វិស័យឯកជន អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែងនិងបង្ក្រាបការក្លែងបន្លំ (ក.ប.ប) និងមន្ទីរពាណិជ្ជកម្មរាជធានី-ខេត្តទាំងអស់ ត្រូវរួមសហការជាមួយក្រសួង ស្ថាប័នមាន សមត្ថកិច្ច ចុះត្រួតពិនិត្យ និងណែនាំអំពីការបិទស្លាកថ្លៃ ជារៀងរាល់ខែ។ ដោយឡែក គ្រប់អាជីវករ សេវាករ ពាណិជ្ជករទាំងឡាយណា ដែលមិនបានអនុវត្តតាមការណែនាំរបស់ក្រសួងខាងលើនេះត្រូវទទួលខុសត្រូវតាមច្បាប់ជាធរមាន។ គួររំលឹកថា កាលពីថ្ងៃទី១៦ ខែមីនា កន្លងទៅ ក្នុងឱកាសអញ្ជើញចែកសញ្ញាបត្រជូន និស្សិតសាកលវិទ្យាល័យបៀលប្រាយ សម្ដេចតេជោ បានអំពាវនាវដល់ក្រសួងពាណិជ្ជកម្ម និងក្រសួងទេសចរណ៍ឱ្យធ្វើការរួមគ្នាក្នុងការពង្រឹងការដាក់ស្លាកតម្លៃលើផលិតផលផ្សេងៗ ជាពិសេសគឺក្នុងតំបន់ទេសចរណ៍៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content