បរទេស៖ យោងតាមប្រភពពីរ៉យទ័រ បានរាយការណ៍ថា តម្លៃប្រេងឆៅបានឡើងថ្លៃជាង ១ ភាគរយក្នុងមួយបារ៉ែល បន្ទាប់ពីភាពភ័យខ្លាចសេដ្ឋកិច្ចធ្លាក់ចុះនៅតាមបណ្តាប្រទេសធំលើសកលលោកត្រូវបានថមថយ។
នៅក្នុងសប្ដាហ៍នេះ តម្លៃប្រេងឆៅម៉ាក Brent បានឡើងថ្លៃ ១,៦ ភាគរយរ ៨១,០៤ ដុល្លារក្នុងមួយបារ៉ែល ខណៈដែលតម្លៃប្រេងឆៅម៉ាក West Texas Intermediate (WTI) បានឡើងថ្លៃ ១,៥ ភាគរយ ឬ ៧៨,១៦ ដុល្លារក្នុងមួយបារ៉ែល។ ថ្មីៗនេះ ទិន្នន័យបានបង្ហាញថា ការលក់រាយនៅសហរដ្ឋអាមេរិកបានកើនឡើងច្រើនជាងការរំពឹងទុកនៅក្នុងខែកក្កដា ខណៈដែលអត្រាដាក់ពាក្យសុំអត្ថប្រយោជន៍អត់ការងារធ្វើបានកើនឡើងតិចជាងការរំពឹងទុក។ មិនត្រឹមតែប៉ុណ្ណោះ តម្លៃទំនិញប្រើប្រាស់របស់សហរដ្ឋអាមេរិកបានកើនឡើងក្នុងកម្រិតមធ្យមក្នុងអំឡុងខែកក្កដា រហូតមានការរំពឹងទុកថា ធនាគារកណ្តាលនឹងកាត់បន្ថយអត្រាការប្រាក់នៅខែកញ្ញាខាងមុខនេះ ដែលអាចជំរុញសកម្មភាពសេដ្ឋកិច្ច និងកំណើនប្រើប្រាស់ប្រេងឡើងវិញ។
កាលពីប៉ុន្មានថ្ងៃមុន តម្លៃប្រេងទាំងពីរម៉ាកបានធ្លាក់ចុះជាង ១ ភាគរយ បន្ទាប់ពីស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងដោយមិននឹកស្មានដល់។ កាលពីសប្តាហ៍មុន ស្តុកប្រេងឆៅរបស់សហរដ្ឋអាមេរិកបានកើនឡើងចំនួន ១,៤ លានបារ៉ែលជាលើកដំបូងចាប់តាំងពីខែមិថុនា។ លើសពីនេះ ការប្រើប្រេងរបស់ចិនក៏បានជះឥទ្ធិពលលើទីផ្សារប្រេងផងដែរ ដោយសារតែការធ្លាក់ចុះនៃតម្រូវការ និងការធ្លាក់ចុះនៃទិន្នផលចម្រាញ់នៅក្នុងប្រទេសសេដ្ឋកិច្ចធំទី២ នៅលើពិភពលោក។
លោក Tim Snyder ប្រធានសេដ្ឋវិទូមកពី Matador Economics លើកឡើងថា តម្លៃប្រេងក៏ត្រូវបានជំរុញដោយការព្រួយបារម្ភពីបញ្ហាភូមិសាស្ត្រនយោបាយផងដែរ ពាក់ព័ន្ធនឹងរបៀបដែលអ៊ីរ៉ង់ឆ្លើយតបចំពោះការសម្លាប់មេដឹកនាំក្រុមសកម្មប្រយុទ្ធហាម៉ាសកាលពីខែមុន។ ទន្ទឹមនឹងនេះ កិច្ចចរចាបទឈប់បាញ់ថ្មីនៅតំបន់ហ្គាហ្សាកំពុងដំណើរការនៅក្នុងរដ្ឋធានីដូហា ប្រទេសកាតា។ យ៉ាងណាមិញ អាជ្ញាធរសុខាភិបាលប៉ាឡេស្ទីនបាននិយាយថា ចំនួនអ្នកស្លាប់ដោយសារសង្គ្រាមបានកើនឡើងលើសពី ៤ ម៉ឺននាក់ ខណៈដែលទាមទារឱ្យបញ្ចប់ការប្រយុទ្ធគ្នានៅក្នុងរង្វង់ទឺកដីប៉ាឡេស្ទីន។ មួយវិញទៀត ភាពតានតឹងនៃជម្លោះរុស្ស៊ី-អ៊ុយក្រែនក៏កំពុងកើនឡើងផងដែរ។ រុស្ស៊ីបាននិយាយថា ខ្លួននឹងពង្រឹងការការពារព្រំដែន ពង្រឹងការបញ្ជា និងបញ្ជូនកងកម្លាំងបន្ថែមទៀត បន្ទាប់ពីអ៊ុយក្រែនបានធ្វើការវាយប្រហារដ៏ធំបំផុតលើទឹកដីអធិបតេយ្យភាពរបស់ខ្លួនចាប់តាំងពីសង្គ្រាមលោកលើកទីពីរមក៕