ភ្នំពេញ៖ ធនាគារ ជីបម៉ុង គ្រោងបង្កើនហិរញ្ញប្បទានសម្រាប់វិស័យស្វាយចន្ទីនៅកម្ពុជា ដល់ប្រមាណ ៧០០លានដុល្លារអាម៉េរិក នៅឆ្នាំ២០២៧ ដើម្បីជួយផ្តល់ទុនបង្វិលដល់កសិករ និងជំរុញការបង្កើតតម្លៃបន្ថែមលើផលិតផលកសិកម្ម។
ប្រធាននាយកដ្ឋានគ្រប់គ្រងហានិភ័យ នៃធនាគារ ជីបម៉ុង លោក ជ័យ សំរេច បានឱ្យដឹងតាមរយៈវេទិកាកសិកម្មមួយកាលពីពេលថ្មីៗនេះថា ក្នុងឆ្នាំ២០២៦ ធនាគារ ជីបម៉ុង បានផ្តល់ហិរញ្ញប្បទានជាទុនបង្វិលសរុបប្រមាណ ៥០០លានដុល្លារ ដល់កសិករក្នុងវិស័យស្វាយចន្ទី។ សម្រាប់ឆ្នាំ២០២៧ ធនាគារគ្រោងបង្កើនទំហំហិរញ្ញប្បទានដល់ ៧០០លានដុល្លារ។
លោកបានបញ្ជាក់ថា កសិករម្នាក់អាចខ្ចីបានចន្លោះពី ៣លាន ទៅ ៥លានដុល្លារ ហើយកម្រិតខ្ពស់បំផុតអាចរហូតដល់ ៣០លានដុល្លារ។
លោក ជ័យ សំរេច មើលឃើញថា ការបង្កើនកញ្ចប់ហិរញ្ញប្បទានជាបន្តបន្ទាប់ នឹងផ្តល់លទ្ធភាពកាន់តែច្រើនដល់កសិករក្នុងការបង្កើតតម្លៃបន្ថែមលើផលិតផលស្វាយចន្ទី ចាប់ពីការដាំដុះរហូតដល់ការកែច្នៃជាផលិតផលសម្រេច។
លោកបានលើកឡើងថា ការប្រើប្រាស់ជី និងថ្នាំបាញ់ស្វាយចន្ទីឱ្យត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស ដើម្បីបង្កើនទិន្នផល និងគុណភាព ការសាងសង់ឃ្លាំងស្តុក និងការកែលម្អគុណភាពម៉ាស៊ីនកែច្នៃ សុទ្ធតែត្រូវការទុន និងជាផ្នែកសំខាន់ក្នុងការបង្កើតតម្លៃបន្ថែម។
ទោះជាយ៉ាងណា ប្រធានសមាគមស្វាយចន្ទីកម្ពុជា លោក អួន ស៊ីឡុត បានសង្កេតឃើញថា កញ្ចប់ហិរញ្ញប្បទានរបស់ធនាគារមួយចំនួននៅមិនទាន់ទទួលបានជោគជ័យសម្រាប់កសិករនៅឡើយ ដោយសារលក្ខខណ្ឌមួយចំនួនមានភាពលំបាក។
លោកបានលើកឧទាហរណ៍ពីការដាក់សន្និធិ ឬស្តុកជាទ្រព្យបញ្ចាំដែលអនុវត្តកាលពីឆ្នាំ២០២៥ ដែលតម្រូវឱ្យមានការគ្រប់គ្រងស្តុកគ្រាប់ស្វាយចន្ទីរួមគ្នា។ ក្នុងករណីនេះ ភាគីកសិករដែលជាម្ចាស់សហគ្រាស មិនអាចលក់ ឬចាត់ចែងស្តុកដោយខ្លួនឯងបានទេ ប្រសិនបើមិនមានការឆ្លងកាត់ធនាគារដែលផ្តល់កម្ចី។
ជាមួយគ្នានេះ អ្នកស្រាវជ្រាវផ្នែកការអភិវឌ្ឍន៍សង្គម និងសេដ្ឋកិច្ច លោកបណ្ឌិត ជ័យ តិច បានចាត់ទុកការផ្តល់ហិរញ្ញប្បទានដើម្បីបង្កើតតម្លៃបន្ថែមលើកសិផលថាជារឿងល្អ ប៉ុន្តែលោកបានអះអាងថា អត្រាការប្រាក់លើកម្ចីកសិកម្មនៅតែមានកម្រិតខ្ពស់។
លោកបានស្នើឱ្យធនាគារជាតិជួយសម្របសម្រួលលើលក្ខខណ្ឌផ្តល់កម្ចី និងបញ្ចុះអត្រាការប្រាក់ ដើម្បីឱ្យកសិករមានភាពងាយស្រួលក្នុងការប្រើប្រាស់ឥណទាន ខណៈវិស័យកសិកម្មមិនមែនជាវិស័យដែលផ្តល់ប្រាក់ចំណេញខ្ពស់ដូចវិស័យអចលនទ្រព្យ ឬអាជីវកម្មមួយចំនួនផ្សេងទៀតនោះទេ។
លោកបណ្ឌិត ជ័យ តិច ក៏បានមើលឃើញថា អ្នកមានទុន និងវិស័យធនាគារកំពុងចាប់ផ្តើមងាកមកចាប់អារម្មណ៍លើវិស័យកសិកម្មកាន់តែច្រើន ដោយសារវិស័យនេះមានសក្ដានុពលក្នុងការផ្គត់ផ្គង់ទីផ្សារក្នុងស្រុក និងបង្កើតផលិតផលដោយខ្លួនឯង។
យោងតាមប្រភពខាងលើ វិស័យកសិកម្មកម្ពុជារួមចំណែកប្រមាណ ១៦% ដល់ផលិតផលក្នុងស្រុកសរុប (GDP)។ សម្រាប់ស្វាយចន្ទី កម្ពុជាបានលក់គ្រាប់ស្រស់ទៅវៀតណាមចំនួន ១,០២០,៧៥៧តោន មានតម្លៃប្រមាណ ១,៥ពាន់លានដុល្លារអាម៉េរិក ក្នុងឆ្នាំ២០២៥។
ក្នុងរយៈពេល ៨ខែដំបូងនៃឆ្នាំ២០២៦ កម្ពុជាបានលក់ស្វាយចន្ទីចេញប្រមាណ ១,៨លានតោន ដែលមានតម្លៃប្រមាណ ១,៩ពាន់លានដុល្លារអាម៉េរិក៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content