ភ្នំពេញ៖ លទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ បានបង្ហាញថា រយៈពេលជាង ១០ ឆ្នាំ ចាប់រាប់ពីឆ្នាំ ២០១១ មកដល់ឆ្នាំ ២០២២ ចំនួនអង្គភាពសេដ្ឋកិច្ចនៅកម្ពុជាបានកើនឡើងពីចំនួនជាង ៥០ ម៉ឺនអង្គភាព ទៅចំនួនជាង ៧៥ ម៉ឺនអង្គភាពសេដ្ឋកិច្ច ពោលគឺកើនឡើងប្រមាណជិត ៥០ ភាគរយ។
តួលេខលទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ ត្រូវបានប្រកាសផ្សព្វផ្សាយ នៅថ្ងៃទី ១៨ ខែមករា ឆ្នាំ ២០២២ នេះ ក្រោមអធិបតីឯកឧត្តមកិត្តិសេដ្ឋាបណ្ឌិត ឆាយ ថន ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងផែនការ ដែលជាទិន្នន័យសំខាន់ឆ្លុះបញ្ចាំងពីសេដ្ឋកិច្ចកម្ពុជា ក្នុងរយៈពេល ១០ ឆ្នាំ ព្រោះជំរឿននេះគឺរៀបចំឡើងក្នុងរយៈពេល ១០ ឆ្នាំម្ដង។

លទ្ធផលជំរឿនសេដ្ឋកិច្ចនេះបានមកពីការចុះសម្ភាសន៍អង្គភាពសេដ្ឋកិច្ច ដែលសំដៅលើសហគ្រាសអជីវកម្ម ដូចជាសហគ្រាសគ្រប់ប្រភេទ រោងចក្រ សហគ្រាសរដ្ឋ ឯកជន សិប្បកម្ម អជីវកម្ម លក់ដុំលក់រាយ និងសេវាកម្មផ្សេងៗ។
ឯកឧត្តមទេសរដ្ឋមន្រ្តី ឆាយ ថន រដ្ឋមន្រ្តីក្រសួងផែនការ បានថ្លែងថា លទ្ធផលបឋមនៃជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២ នេះជារួម គឺមានសារៈសំខាន់យ៉ាងខ្លាំង។ ទិន្នន័យដែលទទួលបានពីជំរឿនសេដ្ឋកិច្ចនេះគឺនឹងប្រើប្រាស់ ដើម្បីធ្វើបច្ចុប្បន្នភាពនៃខឿនសេដ្ឋកិច្ចកម្ពុជា អំពីមូលដ្ឋានគ្រឹះនៃអង្គភាពសេដ្ឋកិច្ច សហគ្រាសឧស្សាហកម្ម ពាណិជ្ជកម្ម និងសេវាកម្ម។
លទ្ធផលនេះក៏នឹងប្រើប្រាស់ដើម្បីបំពេញតម្រូវការទិន្នន័យចាំបាច់ ដែលកើនឡើងជាលំដាប់របស់អ្នកប្រើប្រាស់ ពីបណ្តាក្រសួង ស្ថាប័ននៃរាជរដ្ឋាភិបាលកម្ពុជា មន្ត្រីរាជការថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ អង្គការមិនមែនរដ្ឋាភិបាល ផ្នែកវិស័យឯកជន សហគមន៍ជាតិនិងអន្តរជាតិ ក្រុមអ្នកស្រាវជ្រាវ និងដៃគូអភិវឌ្ឍនានា។
សូមបញ្ជាក់ថា ជំរឿនសេដ្ឋកិច្ចនៅកម្ពុជារៀបចំឡើងបានចំនួន ២ ដងមកហើយ ដោយលើកទី ១ គឺជំរឿនសេដ្ឋកិច្ចឆ្នាំ ២០១១ និងជំរឿនលើកទី ២ ធ្វើឡើងនៅឆ្នាំ ២០២២ ដែលប្រកាសលទ្ធផលបឋមនាពេលនេះ។
លោកជំទាវ ហង់ លីណា ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកវិទ្យាស្ថានជាតិស្ថិតិនៃក្រសួងផែនការ បានបញ្ជាក់ថា ឆ្នាំ ២០១១ នៃជំរឿនលើកទី ១ គឺមានអង្គភាពសេដ្ឋកិច្ច ត្រឹមតែជាង ៥០ ម៉ឺនអង្គភាពតែប៉ុណ្ណោះ។ ចំនួនអង្គភាពសេដ្ឋកិច្ចបានហក់ឡើងមកដល់ជាង ៧៥ ម៉ឺនអង្គភាព សម្រាប់ជំរឿនសេដ្ឋកិច្ចឆ្នាំ ២០២២។
លើសពីនេះ ទិន្នន័យជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ នឹងរួមចំណែកក្នុងដំណើរការអនុវត្តគោល នយោបាយវិមជ្ឈការ និងវិសហមជ្ឈការ គោលដៅអភិវឌ្ឍន៍សេដ្ឋកិច្ច បរិស្ថាន សង្គម និងវប្បធម៌ របស់រាជរដ្ឋាភិបាលកម្ពុជា ការគណនាកំណើនសេដ្ឋកិច្ច ក្នុងការគាំទ្រធ្វើផែនការដោយផ្អែកលើស្ថិតិជាមូលដ្ឋាន និងការអភិវឌ្ឍប្រព័ន្ធស្ថិតិជាតិនៃកម្ពុជាផងដែរ៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content