ពិធីបើក «ពិព័រណ៍កម្ពុជា-ហុងកុង»ត្រូវបានប្រារព្ធឡើងនៅ Factory Phnom Penh ដែលជាជាវេទិកានៃជំនួប និងការចាប់ដៃគូរពាណិជ្ជកម្ម (Businesses Matching) រវាងកម្ពុជា-ហុងកុងនៃប្រទេសចិន ដែលនឹងជួយជំរុញពាណិជ្ជកម្ម វិនិយោគ ទេសចរណ៍ នៃកម្ពុជា-ហុងកុងនៃប្រទេសចិន កាន់តែមានរំហូរកាន់តែខ្លាំងក្លាបន្ថែមទៀត។ នេះជាក្តីរំពឹងរបស់ឯកឧត្តម រាជ រ៉ា រដ្ឋលេខាធិការ ក្រសួងពាណិជ្ជកម្ម ដែលបានអញ្ជើញជាអធិបតីក្នុង «ពិព័រណ៍កម្ពុជា-ហុងកុង»ដែលបានប្រារព្ធឡើងនៅ Factory Phnom Penh កាលពីពេលថ្មីៗនេះ។
ឯកឧត្តម រដ្ឋលេខាធិការ បានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជាទីបំផុតចំពោះប្រតិភូពាណិជ្ជករមកពីហុងកុង ដែលបានអញ្ជើញចូលរួមក្នុងកម្មវិធីផ្លាស់ប្តូរពាណិជ្ជកម្មដ៏សំខាន់នេះ និងបានគូសបញ្ជាក់ថា ៖ ព្រះរាជាណាចក្រកម្ពុជា និងសាធារណៈរដ្ឋប្រជាមានិតចិន បានបង្កើតទំនាក់ទំនងការទូតជាមួយគ្នា រយៈពេល៦៥ឆ្នាំមកហើយ។តាមរយៈទំនាក់ទំនងការទូតនេះ ភាគីទាំង២ កម្ពុជា-ចិន បានបង្កើនចំណងមិត្តភាពទ្វេភាគីកាន់តែរឹងមាំ និងស៊ីជម្រៅពីមួយឆ្នាំ ទៅមួយឆ្នាំ និងបានឈានឡើងមួយកម្រិតពីមិត្តភាពដែកថែប ទៅជាមិត្តភាព កិច្ចសហប្រតិបត្តិការត្បូងពេជ្រ និងបានប្តេជ្ញារួមគ្នាជំរុញសកម្មភាពពាណិជ្ជកម្ម ឱ្យដល់កម្រិតគោលដៅដ៏ប្រសើរមួយ។
កម្ពុជា-ចិន បានក្លាយជាដៃគូយុទ្ធសាស្រ្ត និងកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយចាប់តាំងពីឆ្នាំ២០១0 កន្លងមក។ ចក្ខុវិស័យរបស់រដ្ឋាភិបាលនៃប្រទេសទាំង២ កម្ពុជា-ចិន ក្នុងក្របខ័ណ្ឌ គោលនយោបាយវិថីសូត្រ ខ្សែក្រវាត់ សេដ្ឋកិច្ច និងផ្លូវសូត្រសមុទ្រសតវត្សរ៍ទី២១ បានប្តេជ្ញាខិតខំរួមគ្នា ជំរុញការកសាង សហគមន៍ជោគវាសនាតែមួយ កម្ពុជា-ចិន និងប្តេជ្ញាជំរុញទំហំពាណិជ្ជកម្មទ្វេភាគីឱ្យកើនឡើងលើស ១២ ពាន់ លានដុល្លារអាមេរិក ក្នុងឆ្នាំ២០២៣ នេះ។
កម្ពុជា-ចិន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី ដែលបានចូលជាធរមានកាលពីថ្ងៃទី១ ខែមករា ឆ្នាំ២០២២ កន្លងទៅ និងកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីអាស៊ាន-ហុងកុង ដែលបានចូលជាធរមានកាលពីថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០២១ ។ ទំហំពាណិជ្ជកម្មរវាងប្រទេសយើងទាំង២ កាន់តែរីកចម្រើនមួយកម្រិតទៀត ដោយក្នុងឆ្នាំ២០២២ ទំហំពាណិជ្ជកម្មសរុប កម្ពុជា-ចិន សម្រេចបានជាង ១១,៦៨៦ លានដុល្លារអាមេរិក កើនឡើងប្រមាណ ៥% បើធៀបនឹង រយៈពេលដូចគ្នា ក្នុងឆ្នាំ២០២១។ ឆ្នាំ២០២២ ទំហំពាណិជ្ជកម្មកម្ពុជា-ហុងកុងនៃប្រទេសចិន សម្រេចបានជាង ១ពាន់លានដុល្លារ ដែលក្នុងនោះកម្ពុជានាំចេញទៅហុងកុងមានជាង ១៨២លានដុល្លារ និងនាំចូលពីហុងកុងវិញជាង ៨២៦លានដុល្លារ។
ចំពោះអត្ថប្រយោជន៍ ដែលទទួលបានពីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទ្វេភាគី បានធ្វើឱ្យមានកំណើននៃការនាំចេញជាបន្តបន្ទាប់ ជាក់ស្តែងក្នុងរយៈពេល ត្រីមាសទី១ ដើមឆ្នាំ២០២៣ នេះ កម្ពុជា បាននាំចេញអង្ករទៅកាន់ទីផ្សារប្រទេសចិន ចំនួនជាង ៥ ម៉ឺនតោន កើនឡើង៤៩,៨% ធៀបនឹងរយៈពេលដូចគ្នា កាលពីឆ្នាំ២០២១។
រីឯការនាំចេញផ្លែចេកស្រស់ ក្នុងត្រីមាសទី១ ដើមឆ្នាំ២០២៣ នេះ កម្ពុជា បាននាំចេញផ្លែចេកស្រស់ ទៅកាន់ទីផ្សារប្រទេសចិន បានជាង ៨ម៉ឺនតោន ដែលមានតម្លៃនាំចេញចំនួន ៥២ លានដុល្លារអាមេរិក។ ចំពោះគម្រោងវិនិយោគវិញ ទោះស្ថិតក្នុងគ្រាលំបាកដែលបណ្តាលមកពីការកើតឡើងនូវជំងឺកូវីដ-១៩ កាលពីពេលកន្លងទៅ ចិន បានដាក់ទុនវិនិយោគនៅកម្ពុជាមានចំនួន ១៨៦ គម្រោង គិតជាទឹកប្រាក់សរុបចំនួនប្រមាណ ៤,០០០ លានដុល្លារអាមេរិក (ទិន្នន័យទទួលបានពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា)។
រយៈពេល៧ខែឆ្នាំ២០២៣ នេះការធ្វើពាណិជ្ជកម្មរបស់កម្ពុជាសម្រេចបានទំហំទឹកប្រាក់ ២៧ពាន់លានដុល្លារ ថយចុះ១៥,៦% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២២, ការនាំចេញរបស់កម្ពុជាសម្រេចបាន ១៣ពាន់លានដុល្លារ ថយចុះ១,៨% ហើយការនាំចូលវិញមានចំនួន ១៤ពាន់លានដុល្លារ ថយចុះ២៥,៦%។ បើទោះបីជាទំហំពាណិជ្ជកម្មសរុបរបស់កម្ពុជាមានការថមថយបន្តិចក្តី ប៉ុន្តែទំហំពាណិជ្ជកម្មកម្ពុជា-ចិន នៅតែបន្តកំណើន ដោយក្នុងរយៈពេល៧ខែ ឆ្នាំ២០២៣ នេះ កម្ពុជា-ចិន សម្រេចបានពាណិជ្ជកម្មរួមគ្នាជាង ៧ពាន់លានដុល្លារ កើនឡើង ១,៨% ដែលក្នុងនោះកម្ពុជានាំចេញទៅចិនមានជាង ៨១៤លានដុល្លារ កើនឡើង១៦,២% និងនាំចូលពីប្រទេសចិនមានជាង ៦,២៧លានដុល្លារ កើនឡើង ០,១៤%៕