បរទេស៖ យោងតាមប្រភពព័ត៌មានពី CAN បានរាយការណ៍ថា កូរ៉េខាងត្បូងមានបំណងចង់ពង្រឹងទំនាក់ទំនងឡើងវិញជាមួយប្រទេសចិនបន្ទាប់ពីមានភាពតានតឹងជាមួយគ្នាក្នុងរយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះ។

កាលពីថ្ងៃអាទិត្យ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Lee Jae Myung បានបញ្ជូនគណៈប្រតិភូពិសេសដឹកនាំដោយអតីតប្រធានសភា លោក Park Byeong-seug ទៅកាន់ទៅទីក្រុងប៉េកាំង ដើម្បីជួបជាមួយរដ្ឋមន្ត្រីការបរទេសកំពូលរបស់ចិន លោក Wang Yi ។ លោក Park Byeong-seug បានលើកឡើងថា លោកសង្ឃឹមថាកូរ៉េខាងត្បូង និងចិន ធ្វើការរួមគ្នាដើម្បីបើកទ្វារឱ្យមានទំនាក់ទំនងភាគីទាំងពីរមានភាពប្រក្រតីឡើងវិញ ដោយសារមានភាពតានតឹងក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។ មិនត្រឹមតែប៉ុណ្ណោះ លោកបានបញ្ជាក់ថា រដ្ឋាភិបាលថ្មីរបស់កូរ៉េខាងត្បូងនឹងបន្តការអភិវឌ្ឍន៍ភាពជាដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្ររវាងកូរ៉េខាងត្បូង-ចិន ដោយផ្អែកលើផលប្រយោជន៍ជាតិ ខណៈពេលដែលបន្តអភិវឌ្ឍសម្ព័ន្ធភាពកូរ៉េខាងត្បូង-អាម៉េរិកផងដែរ។
នៅថ្ងៃចន្ទដើមសប្ដាហ៍នេះ ក្រសួងការបរទេសកូរ៉េខាងត្បូងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា លោក Park Byeong-seug បានប្រគល់លិខិតមួយពីប្រធានាធិបតីកូរ៉េខាងត្បូងទៅឱ្យលោក Wang Yi ដើម្បីប្រគល់ជូនប្រធានាធិបតីចិន Xi Jinping និងអញ្ជើញលោកចូលរួមកិច្ចប្រជុំកំពូលនៃក្រុមសហប្រតិបត្តិការសេដ្ឋកិច្ចអាស៊ីប៉ាស៊ីហ្វិក (APEC) ក្នុងខែតុលាខាងមុខនេះ។ មិនត្រឹមតែប៉ុណ្ណោះ កូរ៉េខាងត្បូង និងចិនបានព្រមព្រៀងគ្នាឆ្ពោះទៅរកវឌ្ឍនភាពសំខាន់ៗលើកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ច និងសង្វាក់ផ្គត់ផ្គង់។

ទន្ទឹមនឹងនេះ រដ្ឋមន្ត្រីការបរទេសចិន លោក Wang Yi បានស្វាគមន៍ដំណើរទស្សនកិច្ចរបស់គណៈប្រតិភូកូរ៉េខាងត្បូង និងបានកោតសរសើរចំពោះសារនៃការអភិវឌ្ឍន៍ទំនាក់ទំនងរវាងប្រទេសទាំងពីរ។ លោក Wang Yi បានលើកឡើងថា ការអភិវឌ្ឍន៍នៃទំនាក់ទំនងរបស់ប្រទេសទាំងពីរបានបង្ហាញពីភាពជាអ្នកជិតខាងដ៏ល្អ និងការស្វែងរកមូលដ្ឋានរួមគ្នា ខណៈពេលដែលរក្សាភាពខុសគ្នា និងពង្រីកកិច្ចសហប្រតិបត្តិការ គឺជាជម្រើសដ៏ត្រឹមត្រូវ។ លោកបន្ថែមថា គោលនយោបាយរបស់ប្រទេសចិន គឺរក្សាស្ថិរភាពជាមួយកូរ៉េខាងត្បូង ហើយលោកបានជំរុញឱ្យភាគីទាំងពីរពង្រឹងមនោសញ្ចេតនាជាតិ និងគ្រប់គ្រងអារម្មណ៍ឱ្យបានត្រឹមត្រូវ ដើម្បីជំរុញទំនាក់ទំនងទ្វេភាគីទៅមុខជាលំដាប់។
គួរឲ្យបញ្ជាក់ដែរថា ចិន និងកូរ៉េខាងត្បូងមានភាពតានតឹងចាប់តាំងពីជម្លោះឆ្នាំ ២០១៧ ជុំវិញបញ្ហាកូរ៉េខាងត្បូងដាក់ពង្រាយប្រព័ន្ធការពារមីស៊ីលរបស់អាម៉េរិក ដែលទីក្រុងប៉េកាំងបានជំទាស់។ ក្រោយមក ភាពតានតឹងកាន់តែក្តៅឡើងក្នុងឆ្នាំ ២០២៣ ដោយសារអតីតកូរ៉េខាងត្បូងលោក Yoon Suk Yeol បានបញ្ចេញមតិរិះគន់ទៅលើទីក្រុងប៉េកាំង៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content