ភ្នំពេញ៖ សំណើកំណត់អត្រាពន្ធគយបដិការរបស់សហរដ្ឋអាម៉េរិកត្រឹម ១៨% លើទំនិញនាំចេញពីកម្ពុជា នឹងផ្តល់ឱកាសឱ្យកម្ពុជាពង្រឹងភាពប្រកួតប្រជែងក្នុងទីផ្សារអាម៉េរិក ជាពិសេសក្នុងវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើរ ដោយមានអត្រាពន្ធទាបជាងប្រទេសវៀតណាម និងអាចរក្សាបានប្រៀបប្រកួតប្រជែងធៀបនឹងប្រទេសបង់ក្លាដែស។
កាលពីថ្ងៃទី ២៥ ខែវិច្ឆិកា ឆ្នាំ២០២៦ តំណាងពាណិជ្ជកម្មសហរដ្ឋអាម៉េរិក (USTR) លោក Jamieson Greer បានសម្រេចក្រោមមាត្រា ៣០១ នៃច្បាប់ពាណិជ្ជកម្មឆ្នាំ ១៩៧៤ ថា សកម្មភាព គោលនយោបាយ និងការអនុវត្តរបស់ប្រទេសចំនួន ១៤ ពាក់ព័ន្ធនឹងអតិរេកសមត្ថភាពផលិតកម្មតាមរចនាសម្ព័ន្ធក្នុងវិស័យកម្មន្តសាល គឺមិនសមហេតុផល និងបង្កបន្ទុក ឬរឹតត្បិតដល់ពាណិជ្ជកម្មរបស់សហរដ្ឋអាម៉េរិក ដែលតម្រូវឱ្យចាត់វិធានការក្រោមមាត្រា ៣០១(b) នៃច្បាប់នេះ។
បន្ទាប់ពីការសម្រេចនេះ លោកប្រធានាធិបតី Donald Trump បានប្រកាសអំពីការដាក់ពន្ធគយបដិការថ្មីលើអតិរេកសមត្ថភាពឧស្សាហកម្ម។ ក្នុងចំណោមប្រទេសសេដ្ឋកិច្ចទាំង ១៤ ដែលត្រូវបានប្រកាសដោយ USTR កម្ពុជាត្រូវបានស្នើកំណត់អត្រាពន្ធ ១៨% សម្រាប់ទំនិញនាំចេញទៅកាន់ទីផ្សារអាម៉េរិក រួមជាមួយប្រទេសឥណ្ឌូនេស៊ី ម៉ាឡេស៊ី ថៃ និងបង់ក្លាដែស។
ពាក់ព័ន្ធនឹងការស្នើកំណត់អត្រាពន្ធនេះ លោក កាំង ម៉ូនីកា អគ្គលេខាធិការរងនៃសមាគមវាយនភណ្ឌ សម្លៀកបំពាក់ ស្បែកជើង និងផលិតផលធ្វើដំណើរនៅកម្ពុជា (TAFTAC) បានចាត់ទុកថា នេះគឺជាលទ្ធផលវិជ្ជមានសម្រាប់កម្ពុជានៅក្នុងដំណាក់កាលនេះ។
លោកបានថ្លែងថា៖ «សំណើពន្ធគយរបស់សហរដ្ឋអាម៉េរិករហូតដល់ ១៨% ធ្វើឱ្យយើងស្ថិតនៅលើកម្រិតស្មើគ្នាជាមួយបង់ក្លាដែស និងឥណ្ឌូនេស៊ី ហើយផ្តល់ឱ្យវិស័យកាត់ដេរ ស្បែកជើង និងផលិតផលធ្វើដំណើររបស់យើងនូវឧត្តមភាពពន្ធគយកម្រិតមធ្យមលើប្រទេសវៀតណាម ទោះបីជាវៀតណាមទទួលបានអត្រាពន្ធមានលក្ខខណ្ឌ ២០% ក៏ដោយ»។
TAFTAC ក៏បានថ្លែងអំណរគុណដល់ក្រុមការងារពាណិជ្ជកម្មអន្តរក្រសួងរបស់រាជរដ្ឋាភិបាលកម្ពុជា និងដៃគូពាក់ព័ន្ធ ជាពិសេសសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា ចំពោះការចូលរួម និងការដាក់ស្នើឯកសារនានាក្នុងអំឡុងពេលនៃការស៊ើបអង្កេតផងដែរ។
លោក កាំង ម៉ូនីកា បានបញ្ជាក់បន្ថែមថា អត្រាពន្ធទាំងនេះនៅតែជាអត្រាបណ្តោះអាសន្ន ហើយសមាគមនឹងបន្តធ្វើការជាមួយរាជរដ្ឋាភិបាល និងភាគីពាក់ព័ន្ធ ដើម្បីរក្សាអត្រាពន្ធចុងក្រោយរបស់កម្ពុជាឱ្យស្ថិតនៅត្រឹម ១៨% ឬទាបជាងនេះ។ សម្រាប់ជំហានបន្ទាន់ កម្ពុជាត្រូវបន្តចូលរួមជាមួយ USTR ដើម្បីផ្តល់មតិយោបល់ និងសក្ខីកម្មពាក់ព័ន្ធនានា។
ទន្ទឹមនឹងនេះ លោកបណ្ឌិត ជ័យ តិច អ្នកវិភាគសង្គម និងសេដ្ឋកិច្ច បានលើកឡើងថា អត្រាពន្ធ ១៨% ដែលសហរដ្ឋអាម៉េរិកបានស្នើដាក់លើប្រទេសដៃគូទាំង១៤ រួមទាំងប្រទេសមួយចំនួនក្នុងតំបន់អាស៊ាន គឺពាក់ព័ន្ធនឹងការដែលតុលាការកំពូលសហរដ្ឋអាម៉េរិកបានលុបចោលពន្ធគយសកលដែលរដ្ឋបាលលោក Donald Trump បានដាក់កាលពីពេលមុន។ កាលនោះ កម្ពុជាបានប្រឈមនឹងអត្រាពន្ធដំបូងរហូតដល់ ៤៩% មុនពេលចរចាបញ្ចុះមកត្រឹម ១៩%។
លោកបណ្ឌិត បានពន្យល់ថា ដើម្បីឆ្លើយតបនឹងសាលក្រមរបស់តុលាការកំពូល រដ្ឋបាលលោក Donald Trump បានបង្កើតយន្តការចំនួនពីរសម្រាប់ការវាយតម្លៃ និងការដាក់ពន្ធ។ ក្រោមយន្តការទាំងនេះ កម្ពុជាបានឆ្លងកាត់ការវាយតម្លៃទីមួយពាក់ព័ន្ធនឹងពលកម្មដោយបង្ខំ ដែលនាំឱ្យមានអត្រាពន្ធ ១០% និងការវាយតម្លៃទីពីរពាក់ព័ន្ធនឹងអតិរេកសមត្ថភាពឧស្សាហកម្ម ដែលនាំឱ្យមានអត្រាពន្ធ ៨%។ អត្រាទាំងពីរបូកបញ្ចូលគ្នាស្មើនឹង ១៨% ដែលទាបជាងអត្រា ១៩% កាលពីពេលមុន។
លោកបណ្ឌិត ជ័យ តិច បានសង្កត់ធ្ងន់ថា បើប្រៀបធៀបនឹងប្រទេសប្រកួតប្រជែងដែលនាំចេញផលិតផលស្រដៀងគ្នាទៅកាន់ទីផ្សារអាម៉េរិក កម្ពុជានៅតែមានសក្តានុពលប្រកួតប្រជែង ហើយអាចពង្រឹងសក្តានុពលនេះបន្ថែមទៀតនាពេលអនាគត។
ជាក់ស្តែង ប្រទេសវៀតណាមអាចប្រឈមនឹងអត្រាពន្ធចុងក្រោយរហូតដល់ ៣៥% អាស្រ័យលើប្រភេទផលិតផល និងលក្ខខណ្ឌជាក់លាក់ ដែលតាមការវិភាគរបស់លោក គឺជាបន្ទុកពន្ធខ្ពស់ជាងកម្ពុជា។ ចំណែកប្រទេសបង់ក្លាដែស ទោះបីទទួលបានអត្រាពន្ធ ១៨% ដូចកម្ពុជាក៏ដោយ ក៏ប្រទេសនេះកំពុងប្រឈមនឹងការកើនឡើងថ្លៃដើមផលិតកម្ម ដែលអាចប៉ះពាល់ដល់ភាពប្រកួតប្រជែងរបស់ខ្លួន។
លោកបណ្ឌិតបានបញ្ជាក់ថា៖ «នេះគឺដោយសារតែបង់ក្លាដែសទើបតែសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមារបស់ខ្លួនសម្រាប់ឆ្នាំ២០២៧ លើសពី ៣០% ដែលជំរុញឱ្យថ្លៃដើមផលិតកម្មកើនឡើង និងធ្វើឱ្យថមថយឧត្តមភាពប្រកួតប្រជែងរបស់ខ្លួន។ ដូច្នេះ កម្ពុជានៅតែរក្សាបាន និងថែមទាំងពង្រឹងសក្តានុពលប្រកួតប្រជែងរបស់ខ្លួនក្នុងការនាំចេញទំនិញទៅកាន់សហរដ្ឋអាម៉េរិក ដែលនៅតែជាទីផ្សារនាំចេញធំបំផុតតែមួយគត់របស់កម្ពុជា»។
ទោះជាយ៉ាងណា លោកបណ្ឌិត ជ័យ តិច បានគូសបញ្ជាក់ថា កម្ពុជាចាំបាច់ត្រូវពិនិត្យលក្ខខណ្ឌដែលសហរដ្ឋអាម៉េរិកបានកំណត់ឱ្យបានម៉ត់ចត់ ដោយសារភាគីអាម៉េរិកបានផ្តល់ឱកាសឱ្យកម្ពុជាដាក់មតិកែលម្អ និងបន្តចរចាបន្ថែម មុនពេលអត្រាពន្ធចុងក្រោយចូលជាធរមាននៅចុងខែមករា ឆ្នាំ២០២៧។
លោកបណ្ឌិត បានផ្តល់អនុសាសន៍ថា រាជរដ្ឋាភិបាលគួរពិនិត្យឡើងវិញនូវលក្ខខណ្ឌមួយចំនួនពាក់ព័ន្ធនឹងការនាំចូលវត្ថុធាតុដើមពីសហរដ្ឋអាម៉េរិក ដូចជា ក្រណាត់ អំបោះ និងកប្បាស ដើម្បីបង្កើនលទ្ធភាពទទួលបានលក្ខខណ្ឌអនុគ្រោះ និងអត្រាពន្ធ ០% សម្រាប់ការនាំចេញផលិតផលវាយនភណ្ឌដែលប្រើប្រាស់វត្ថុធាតុដើមពីសហរដ្ឋអាម៉េរិក។
លោកបណ្ឌិត បានបន្តថា៖ «នេះក៏រួមបញ្ចូលទាំងការពង្រឹងបន្ថែមទៀតនូវស្តង់ដារការងារ ការដោះស្រាយលក្ខខណ្ឌពលកម្មដោយបង្ខំ និងការធានាឱ្យបាននូវការអនុលោមតាមវិធានដើមកំណើតទំនិញ»។
បន្ថែមពីនេះ លោកបណ្ឌិត បានលើកឡើងថា កម្ពុជាគួរធ្វើការរួមគ្នាជាមួយវិស័យឯកជន ដើម្បីពិនិត្យកំណត់មុខទំនិញដែលមានសក្តានុពលអាចនាំចេញក្រោមឋានៈប្រទេសដែលទទួលបានការអនុគ្រោះពាណិជ្ជកម្ម (MFN)។ ផលិតផលដែលមានសក្តានុពលខ្ពស់ និងអាចមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ទទួលបានអត្រាពន្ធ ០% រួមមាន ផលិតផលសិប្បកម្មធ្វើដោយដៃ ផលិតផលសរីរាង្គ និងកសិផលកែច្នៃមួយចំនួនរបស់កម្ពុជា ដូចជាគ្រាប់ស្វាយចន្ទីជាដើម។
លោកបណ្ឌិត ជ័យ តិច បានសង្កត់ធ្ងន់ថា វិស័យទាំងនេះមានសក្តានុពលទាំងក្នុងការផលិត និងការនាំចេញទៅកាន់ទីផ្សារអាម៉េរិក ដែលអាចជួយឱ្យកម្ពុជាពង្រីកការនាំចេញផលិតផលដែលទទួលបានអត្រាពន្ធទាប ឬការលើកលែងពន្ធ ០% ពេញលេញបន្ថែមទៀត។
យោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) បង្ហាញថា ទំហំពាណិជ្ជកម្មទ្វេភាគីរវាងកម្ពុជា និងសហរដ្ឋអាម៉េរិក សម្រេចបាន ១៣,៨២ ពាន់លានដុល្លារអាម៉េរិក ក្នុងរយៈពេល ១០ ខែដំបូងនៃឆ្នាំ២០២៦។
ក្នុងនោះ កម្ពុជានាំចេញទំនិញទៅកាន់អាម៉េរិកក្នុងទំហំទឹកប្រាក់ ១៣,២៧ ពាន់លានដុល្លារអាម៉េរិក កើនឡើង ២៧,៨ ភាគរយ បើធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៥។ ចំណែកការនាំចូលទំនិញពីសហរដ្ឋអាម៉េរិកមកកម្ពុជា មានទំហំជិត ៥៥០ លានដុល្លារអាម៉េរិក កើនឡើង ៦៨,២ ភាគរយ៕





វិថីហិរញ្ញវត្ថុ






























































Account
Security
Favourite Content