ជាព្រឹត្តិការណ៍ប្រចាំខេត្ត ពិធីដាំផ្កាស្បៃរឿង១លានដើម ត្រូវបានធ្វើឡើងស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ដែលដឹកនាំដោយមន្ត្រីជាន់ខ្ពស់ក្រសួងបរិស្ថាន រួមជាមួយសហភាពសហព័ន្ធយុវជនកម្ពុជា(ស.ស.យ.ក) លោកគ្រូ អ្នកគ្រូ សិស្សានុសិស្ស និងប្រជាពលរដ្ឋ ចំនួន ជាង ៥០០នាក់ នៅលើទំនប់ទន្លេស្ងួត ដើម្បីទាក់ទាញទេសចរ។

ឯកឧត្តម អ៊ាង សុផល្លែត រដ្ឋលេខាធិការក្រសួងបរិស្ថានបានលើកឡើងថា មុនពេលសម្រេចដាំដើមផ្កាស្បៃរឿងយ៉ាងសន្ធឹកសន្ធាប់ទាំងនេះ មន្ត្រីជំនាញបានសិក្សាជាច្រើនដងរួចមកហើយ ដើម្បីកែលម្អសោភ័ណភាព អនាម័យ និងថែរក្សាធនធានធម្មជាតិនៃតំបន់ប្រវត្តិសាស្រ្តទន្លេស្ងួត ដើម្បីទុកជាប្រយោជន៍សំរាប់ប្រជាពលរដ្ឋ ជាពិសេស ការពង្រឹងជីវភាពសហគមន៍ តាមរយៈការអភិវឌ្ឍ វិស័យទេសចរណ៍ធម្មជាតិផ្សាភ្ជាប់ទឹកដី។
ឯកឧត្តមបានបន្តថា សមិទ្ធផលថ្មីនេះ នឹងជួយឱ្យតំបន់រមណីយដ្ឋានប្រវត្តិសាស្រ្តក្លាយជាតំបន់ទេសចរណ៍ធម្មជាតិ ប្រវត្តិសាស្រ្តដ៏ទាក់ទាញសម្រាប់ភ្ញៀវទេសចរមកពីទីជិតឆ្ងាយ ហើយនឹងបង្កើនចំណូលបន្ថែមដល់ប្រជាពលរដ្ឋនៅក្នុងសហគមន៍មូលដ្ឋាន។ ពិសេសនៅក្នុងកំឡុងពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរនាពេលខាងមុខនេះ ដែលនឹងជំរុញជីវភាពប្រជាពលរដ្ឋក៏ដូចជាអាចនឹងមានទឹកគ្រប់គ្រាន់សំរាប់បង្កបង្កើនផលគ្រប់រដូវទៀតផងដែរ។

ឯកឧត្តមបានបន្តឱ្យដឹងថា ផ្កាស្បៃរឿង១លានដើម នឹងដុះរីកសុះសាយ ព័ណ៌លឿងទុំ ស្វាគមន៍ទេវតាឆ្នាំថ្មី និងភ្ញៀវទេសចរគ្រប់គ្នា ដែលបានរួមគ្នាផ្តួចផ្តើម និងបានរៀបចំជាការដ្ឋានដាំផ្កាស្បៃរឿងចំនួន១លានដើមនៅជុំវិញទន្លេស្ងួត ក្នុងតំបន់ប្រាសាទព្រះធាតុបាស្រី ស្ថិតនៅក្នុងឃុំព្រះធាតុ ស្រុកអូររាំងឪ ខេត្តត្បូងឃ្មុំ ។
លោក ហូរ វណ្ណឌី ទីប្រឹក្សាសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជាបានកត់សម្គាល់ថាជាសកម្មភាពល្អ និងផ្តល់ផលវិជ្ជមាននៅក្នុងតំបន់, ទី១ ជាការផ្លាស់ប្តូរគំនិតថ្មី, ទី២ការតុបតែង រចនាកែលំអ , ទី៣ ដើម្បីសោភ័ណភាពរបស់ក្រុងផង របស់ជាតិផង , ទី៤ការទាក់ទាញភ្ញៀវទេសចរ និងទី៥ គឺធ្វើយ៉ាងណាឱ្យមានសណ្តាប់ធ្នាប់ល្អអនាម័យ និងចរាចរណ៍ល្អ ដែលវាជារឿងសំខាន់ នៃទេសចរណ៍ដែលនាំមកនូវផលប្រយោជន៍ទាំងអស់គ្នា។
លោកបានអបអរសាទរ និងរំពឹងថា សមិទ្ធផលផ្កាស្បៃរឿង១លានដើមនេះ ដោយកត់សម្គាល់ថា គឺជាសញ្ញាណល្អមួយ និងជាគំនិតផ្តួចផ្តើមដ៏ល្អ ក្នុងការបង្កើតផលិតផលថ្មី នៃវិស័យទេសចរណ៍ក្នុងរដូវចូលឆ្នាំប្រពៃណីខ្មែរខាងមុខ។

សូមបញ្ជាក់ថា ផ្កាស្បៃរឿង ជាប្រភេទផ្កាមួយប្រភេទដែលប្រជាជនខ្មែរយើងបានស្គាល់យ៉ាងច្បាស់ណាស់ ដោយសារងាយស្រួលដាំ ធំលូតលាស់លឿន ធន់នឹងអាកាសធាតុ ព្រមទាំងមានពណ៌ស្រស់ឆើតឆាយ ពណ៌លឿង និងទឹកក្រូច ទាក់ទាញភ្នែក។ ផ្កាប្រភេទនេះ អាចដុះបានគ្រប់ប្រភេទដី និងគ្រប់រដូវកាល មែក ឬស្លឹករបស់ផ្កាស្បៃរឿង មានក្លិនឈួល ទើបធ្វើឱ្យសត្វល្អិតមិនហ៊ានមករំខាន ហើយនៅក្នុងឬសរបស់ផ្កាស្បៃរឿងមានសារធាតុម្យ៉ាង ដែលជាសារធាតុអាចគ្រប់គ្រងបរិមាណជន្លេនជ្រោយដីបានយ៉ាងល្អ។ ក្រៅពីនេះ ផ្កាស្បៃរឿងជាប្រភេទរុក្ខជាតិដែលមានអាយុក្នុងការប្រមូលផលបានក្នុងរយៈពេលខ្លះ ពោលគឺចាប់ពី៦០ទៅ៧០ថ្ងៃ វានឹងមានរូបរាងពេញល្មមអាចនឹងបង្អួតរាងដ៏ស្រស់ស្អាតរបស់ខ្លួនជួននឹងពេលចូលឆ្នាំថ្មីតែម្តង៕




វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content