បរទេស៖ សហរដ្ឋអាម៉េរិក បានសម្រេចចិត្តពន្យារពេលដំឡើងពន្ធលើការនាំចូលគ្រឿងសង្ហារឹមសម្រាប់រយៈពេលមួយឆ្នាំ ដែលនឹងត្រូវចូលជាធរមាននៅឆ្នាំ២០២៧ នេះបើយោងតាមសេចក្ដីរាយការណ៍ពី CNA។
ពាក់ព័ន្ធទៅនឹងផែនការ និងការអនុវត្តអត្រាពន្ធគយរបស់សហរដ្ឋអាម៉េរិក កាលពីដំបូងឡើយ ប្រធានាធិបតី លោក Donald Trump បានប្រកាសពីការដំឡើងពន្ធ ៣០% លើគ្រឿងសង្ហារឹមប្រភេទពូក និង ៥០% ទៅលើទូផ្ទះបាយ និងតុទូគ្រឿងសម្អាងជាដើម ដែលត្រូវចូលជាធរមាននៅថ្ងៃ ១ ខែមករា ឆ្នាំ២០២៦ ។ ប៉ុន្តែ កាលពីថ្ងៃពុធ សប្ដាហ៍នេះ ដោយសារយល់ឃើញថា ការចំណាយប្រចាំថ្ងៃរបស់ពលរដ្ឋអាម៉េរិកមានការឡើងថ្លៃ លោក Trump បានសម្រេចចិត្តពន្យារពេលដំឡើងពន្ធលើគ្រឿងសង្ហារឹមទាំងនោះសម្រាប់រយៈពេលពេញមួយឆ្នាំ ដោយនឹងចូលជាធរមាននៅថ្ងៃទី ១ ខែមករា ឆ្នាំ២០២៧ខាងមុខនេះ ខណៈដែលពន្ធលើការនាំចូលគ្រឿងសង្ហារឹមទៅកាន់ទឹកអាម៉េរិកទាំងនោះត្រូវបានរក្សានៅត្រឹមអត្រា ២៥% ។
ទន្ទឹមនឹងនេះ សេតវិមានបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ដោយសារការចរចាប្រកបដោយប្រសិទ្ធភាពទាក់ទងនឹងការនាំចូលផលិតផលឈើដែលកំពុងបន្តមាននៅឡើយ ប្រធានាធិបតីកំពុងពន្យារពេលលើការដំឡើងពន្ធ ដើម្បីអនុញ្ញាតឱ្យមានការចរចាបន្ថែមទៀតជាមួយនឹងប្រទេសផ្សេងៗដែលជាអ្នកនាំចូល។

គួរឲ្យបញ្ជាក់ដែរថា អត្រាពន្ធរបស់ប្រធានាធិបតី Trump ដែលបានប្រកាសនៅក្នុងឆ្នាំ២០២៥ បានប៉ះពាល់ដល់ទំនិញជាច្រើន រាប់ចាប់តាំងពីដែកថែបរហូតដល់រថយន្ត ខណៈដែលមានការស៊ើបអង្កេតបន្ថែមទៀតលើការនាំចូល និងជំរុញឲ្យមានការដំឡើងពន្ធថ្មី។ កាលពីខែតុលា អត្រាពន្ធ ១០% ត្រូវបានអនុវត្តលើការនាំចូលប្រភេទឈើទន់ និងឈើសម្រាប់សាងសង់បានចូលជាធរមានជាមួយនឹងអត្រាពន្ធ ២៥% លើគ្រឿងសង្ហារឹម និងទូផ្ទះបាយមួយចំនួន។ គោលនយោបាយពន្ធគយរបស់រដ្ឋបាល Trump នាពេលនេះ គឺជាមធ្យោបាយមួយក្នុងចំណោមមធ្យោបាយផ្សេងទៀត ដើម្បីជំរុញឱ្យឧស្សាហកម្មអាម៉េរិក និងកិច្ចការពារសន្តិសុខជាតិមានប្រសិទ្ធភាពកាន់តែប្រសើរ។ ជាមួយគ្នានេះ ប្រសិនបើអត្រាពន្ធខ្ពស់លើគ្រឿងសង្ហារឹមត្រូវបានចូលជាធរមាននៅថ្ងៃព្រហស្បតិ៍ដូចដែលគ្រោងទុកនោះ វានឹងប៉ះពាល់ដល់ការនាំចូលពីប្រទេសដូចជាវៀតណាម និងចិន ដែលជាអ្នកផ្គត់ផ្គង់គ្រឿងសង្ហារឺមសំខាន់ៗ និងធំជាងគេទៅកាន់ទីផ្សារអាម៉េរិក៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content