បរទេស៖ តម្លៃប្រេងឆៅអន្តរជាតិបានធ្លាក់ចុះជាង ១ ភាគរយនៅថ្ងៃចន្ទដើមសប្តាហ៍នេះ បន្ទាប់ពីមន្ត្រីអ៊ីរ៉ង់ និងកាតារបន្តជួបពិភាក្សាគ្នារយៈពេលបីថ្ងៃជាប់ៗគ្នា ក្នុងកិច្ចខិតខំប្រឹងប្រែងជំរុញឱ្យមានកិច្ចព្រមព្រៀងបញ្ចប់សង្គ្រាមរវាងអាម៉េរិក-អ៊ីស្រាអែល និងអ៊ីរ៉ង់។ នេះបើយោងតាមការរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន Reuters។
តាមទិន្នន័យទីផ្សារ តម្លៃប្រេងឆៅ Brent បានធ្លាក់ចុះ ១,៤ ភាគរយ មកនៅត្រឹម ១១១,៨៤ ដុល្លារក្នុងមួយបារ៉ែល ខណៈប្រេងឆៅ West Texas Intermediate (WTI) របស់អាម៉េរិកបានធ្លាក់ចុះ ១,៥ ភាគរយ មកនៅត្រឹម ១០២,៥៦ ដុល្លារក្នុងមួយបារ៉ែល។
លោក Tim Waterer ប្រធានផ្នែកវិភាគទីផ្សារនៅក្រុមហ៊ុន KCM Trade បានលើកឡើងថា ការធ្លាក់ចុះនេះកើតឡើងបន្ទាប់ពីតម្លៃប្រេងបានកើនឡើងយ៉ាងខ្លាំងកាលពីសប្តាហ៍មុន ដោយសារក្តីសង្ឃឹមមួយផ្នែកលើការចរចាតាមផ្លូវការទូត និងការថមថយនៃការវាយប្រហារផ្នែកយោធា។
ទោះជាយ៉ាងណា លោកថា ទីផ្សារនៅតែមានការប្រុងប្រយ័ត្នចំពោះហានិភ័យនៃការប្រែប្រួលស្ថានការណ៍នយោបាយពាក់ព័ន្ធនឹងអ៊ីរ៉ង់ ដែលអាចជំរុញឱ្យតម្លៃប្រេង Brent កើនឡើងដល់ ១២០ ដុល្លារក្នុងមួយបារ៉ែល។
កាលពីថ្ងៃអាទិត្យ រដ្ឋមន្ត្រីការបរទេសអ៊ីរ៉ង់ លោក Abbas Araqchi បានថ្លែងថា គោលបំណងនៃជំនួបពិភាក្សាដែលមានការវិវត្តជាវិជ្ជមាននេះ គឺដើម្បីបន្តការពិគ្រោះយោបល់ជាមួយអ្នកសម្របសម្រួលរបស់កាតារ។ លោកបានបញ្ជាក់ថា ទីក្រុងតេអេរ៉ង់បានត្រៀមខ្លួនរួចជាស្រេចទាំងសម្រាប់ការការពារខ្លួន និងការទូត។
ការចរចានេះធ្វើឡើងចំពេលមានការវាយប្រហារលើនាវាដឹកប្រេងដែលធ្វើដំណើរឆ្លងកាត់ច្រកសមុទ្រ Hormuz ដែលកំពុងបង្កើនថ្លៃដើមថាមពល និងការដឹកជញ្ជូនតាមផ្លូវសមុទ្រនៅទូទាំងពិភពលោក។
ជាមួយគ្នានេះ អារ៉ាប៊ីសាអូឌីតបានបង្កើនការនាំចេញប្រេងឆៅរបស់ខ្លួនកាលពីខែតុលា បើធៀបនឹងខែកញ្ញា ទោះបីជាហេដ្ឋារចនាសម្ព័ន្ធថាមពលរបស់ប្រទេសនេះរងការវាយប្រហារពីក្រុម Houthis ដែលជាសម្ព័ន្ធមិត្តរបស់អ៊ីរ៉ង់ក៏ដោយ។
ចំណែកអង្គការប្រទេសនាំចេញប្រេង និងសម្ព័ន្ធមិត្ត (OPEC+) បានសម្រេចរក្សាគោលដៅផលិតកម្មប្រេងឱ្យនៅថេរដដែលសម្រាប់ខែធ្នូ ដោយមិនមានការកែសម្រួលគោលនយោបាយរហូតដល់ឆ្នាំ២០២៧។
សម្រាប់កម្ពុជា ការធ្លាក់ចុះនៃតម្លៃប្រេងឆៅនៅទីផ្សារអន្តរជាតិ មិនមានន័យថា តម្លៃប្រេងសាំង និងម៉ាស៊ូតក្នុងស្រុកនឹងធ្លាក់ចុះភ្លាមៗនោះទេ។ មូលហេតុគឺកម្ពុជានាំចូលផលិតផលប្រេងដែលបានចម្រាញ់រួច ដូចជាប្រេងសាំង និងប្រេងម៉ាស៊ូត ជាជាងនាំចូលប្រេងឆៅមកចម្រាញ់ដោយផ្ទាល់។
លើសពីនេះ ស្ថានីយប្រេងក្នុងស្រុកនៅមានស្តុកប្រេងដែលបានទិញទុកពីមុន ហើយតម្លៃលក់រាយក៏ត្រូវគិតគូរពីថ្លៃដើមនៃស្តុកប្រេងចាស់ និងថ្លៃដឹកជញ្ជូនផងដែរ។ កត្តាទាំងនេះធ្វើឱ្យតម្លៃប្រេងលក់នៅកម្ពុជាមិនចាំបាច់ប្រែប្រួលស្របគ្នាភ្លាមៗទៅតាមការឡើងចុះនៃតម្លៃប្រេងឆៅនៅទីផ្សារពិភពលោកឡើយ៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content