ភ្នំពេញ៖ មុខរបរចិញ្ចឹមអន្ទង់សាច់នៅកម្ពុជាមានសក្ដានុពលបង្កើនប្រាក់ចំណូលកសិករ ដោយសារមានតម្រូវការទីផ្សារ និងតម្លៃលក់អាចឡើងដល់ ៤ ម៉ឺនរៀលក្នុងមួយគីឡូក្រាម។ ទោះជាយ៉ាងណា កសិករក្នុងស្រុកកំពុងប្រឈមសម្ពាធប្រកួតប្រជែងពីអន្ទង់ចិញ្ចឹមនាំចូលពីប្រទេសវៀតណាម ដែលមានតម្លៃថោកជាង និងធ្វើឱ្យទីផ្សារកាន់តែចង្អៀត។
តាមការអង្កេតទីផ្សារ អន្ទង់ជាវារីសត្វដែលមានសារធាតុចិញ្ចឹមខ្ពស់ និងមានការពេញនិយមពីអ្នកបរិភោគ។ នៅលើទីផ្សារទូទៅ អន្ទង់សាច់អាចលក់បានក្នុងតម្លៃចន្លោះពី ២៥ ០០០ ទៅ ៤០ ០០០ រៀលក្នុងមួយគីឡូក្រាម អាស្រ័យលើទំហំ។ ផ្ទុយទៅវិញ អន្ទង់ចិញ្ចឹមនាំចូលពីវៀតណាមមានតម្លៃត្រឹម ១៤ ០០០ ទៅ ១៥ ០០០ រៀលក្នុងមួយគីឡូក្រាម ដែលបង្កើនសម្ពាធលើកសិករចិញ្ចឹមក្នុងស្រុក។
លោក ពិន ប្រសើរ ម្ចាស់កសិដ្ឋានចិញ្ចឹមអន្ទង់គំរូ ស្ថិតនៅភូមិគោកជួន ឃុំពួក ស្រុកពួក ខេត្តសៀមរាប បានប្រាប់បណ្តាញព័ត៌មាន AMS ថា បច្ចុប្បន្នទីផ្សារអន្ទង់មានសភាពចង្អៀត ដោយសារការនាំចូលអន្ទង់ពីប្រទេសជិតខាងក្នុងបរិមាណច្រើន ធ្វើឱ្យកសិករក្នុងស្រុកពិបាកលក់ក្នុងតម្លៃខ្ពស់។ បញ្ហានេះក៏បានធ្វើឱ្យលោកត្រូវផ្អាកគម្រោងរៀបចំទីតាំងបង្កាត់ពូជអន្ទង់ក្នុងស្រុក ដែលមានគោលបំណងកាត់បន្ថយការពឹងផ្អែកលើការនាំចូលពូជពីខាងក្រៅ។
លោកបានមានប្រសាសន៍ថា៖ «បញ្ហាទីផ្សារអន្ទង់សព្វថ្ងៃចង្អៀត ដោយសារអន្ទង់ត្រូវបាននាំចូលពីប្រទេសវៀតណាមក្នុងចំនួនមួយ ដែលធ្វើឱ្យកសិករចិញ្ចឹមអន្ទង់លក់មិនបានតម្លៃខ្ពស់ ហើយក៏ទើបតែកើតមាននៅឆ្នាំនេះទេ»។
ទោះបីជាប្រឈមបញ្ហាទីផ្សារក៏ដោយ លោក ពិន ប្រសើរ ដែលមានបទពិសោធន៍ចិញ្ចឹមអន្ទង់ជាង ៣ ឆ្នាំ បានបន្តអភិវឌ្ឍកសិដ្ឋានរបស់ខ្លួន ដោយបច្ចុប្បន្នមានអាងចិញ្ចឹមចំនួន ២១ និងអន្ទង់សរុបជាង ៦ ម៉ឺនក្បាល។ លោកបានអនុវត្តបច្ចេកទេសចិញ្ចឹមក្នុងអាងស៊ីម៉ង់ត៍ ដោយដាក់អន្ទង់រហូតដល់ ៧០០ ក្បាលក្នុងមួយម៉ែត្រការ៉េ ខ្ពស់ជាងកម្រិតទូទៅដែលមានប្រមាណ ៥០០ ក្បាលក្នុងមួយម៉ែត្រការ៉េ។
តាមបទពិសោធន៍របស់លោក ការចិញ្ចឹមអន្ទង់ក្នុងអាងប្លាស្ទិកគួរដាក់កូនអន្ទង់ប្រមាណ ៥០០ ក្បាលក្នុងមួយម៉ែត្រការ៉េ ដើម្បីជួយធានាអត្រារស់របស់កូនពូជ កាត់បន្ថយការចំណាយពេល និងទទួលបានទិន្នផលល្អ។ ការលែងកូនអន្ទង់ចូលក្នុងអាងគួរធ្វើនៅពេលអាកាសធាតុត្រជាក់ ដូចជាពេលព្រឹក ឬរសៀល ដោយលែងសន្សឹមៗ និងបន្ថែមទឹកចូលក្នុងថង់ ឬធុងបន្តិចម្ដងៗ ដើម្បីឱ្យអន្ទង់ស៊ាំនឹងបរិស្ថានថ្មី។
លោកបានបញ្ជាក់ថា ការចិញ្ចឹមអន្ទង់ត្រូវចំណាយពេលប្រមាណ ៨ ខែ ទើបអាចប្រមូលផលបាន ដោយអន្ទង់មួយក្បាលមានទម្ងន់ចន្លោះពី ១៥០ ទៅ ២២០ ក្រាម និងទទួលបានទិន្នផលពី ៣០០ ទៅ ៤០០ គីឡូក្រាមក្នុងមួយអាង។
ចំពោះការថែទាំ អន្ទង់ត្រូវការទឹកស្អាត និងចំណីដែលមានប្រូតេអ៊ីនខ្ពស់ ដូចជា កាកសំណល់ត្រី ខ្យង និងជន្លេន លាយជាមួយកន្ទក់ ម្សៅត្រី និងម្សៅមី។ កសិដ្ឋានរបស់លោកចំណាយចំណីប្រមាណ ២៥ ទៅ ៣០ គីឡូក្រាមក្នុងមួយថ្ងៃ ស្មើនឹងថវិកាប្រមាណ ២៥ ម៉ឺនរៀលក្នុងមួយថ្ងៃ។
ដោយអនុវត្តការចិញ្ចឹមជាលក្ខណៈវិលជុំ លោកអាចប្រមូល និងផ្គត់ផ្គង់អន្ទង់ទៅទីផ្សារបានប្រមាណ ៣០ គីឡូក្រាមក្នុងមួយថ្ងៃ ក្នុងតម្លៃបោះដុំចន្លោះពី ១៤ ០០០ ទៅ ១៦ ០០០ រៀលក្នុងមួយគីឡូក្រាម ឬប្រហែល ៤ ដុល្លារអាម៉េរិក។
ទោះបីការចិញ្ចឹមអន្ទង់ក្នុងអាងប្លាស្ទិក និងអាងស៊ីម៉ង់ត៍ជារបរដែលអាចអនុវត្តបាននៅតាមតំបន់ផ្សេងៗ និងងាយស្រួលក្នុងការគ្រប់គ្រងក៏ដោយ ក៏ការប្រកួតប្រជែងតម្លៃជាមួយអន្ទង់នាំចូលនៅតែជាបញ្ហាប្រឈមសម្រាប់កសិករក្នុងស្រុក។
តាមការសង្កត់ធ្ងន់របស់អ្នកជំនាញ និងកសិករគំរូ ដើម្បីធានាចីរភាពនៃមុខរបរនេះ និងបង្កើនសមត្ថភាពប្រកួតប្រជែងជាមួយផលិតផលនាំចូល កម្ពុជាចាំបាច់ត្រូវបង្កើតខ្សែច្រវាក់ផលិតកម្មពូជអន្ទង់ក្នុងស្រុកដោយខ្លួនឯង ព្រមទាំងមានការគាំទ្រក្នុងការកាត់បន្ថយថ្លៃដើមចំណី ដើម្បីជួយកសិករបង្កើនប្រសិទ្ធភាពផលិតកម្ម និងរក្សាប្រៀបប្រកួតប្រជែងលើទីផ្សារ៕









វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content