ទុនឥណទាន និងការធានាហិរញ្ញប្បទានសរុបជិត ១,៨០០ លានដុល្លារអាម៉េរិក ត្រូវបានបញ្ចេញតាមរយៈស្ថាប័នរដ្ឋ និងឯកជនចំនួន ៨ ដើម្បីគាំទ្រដល់សហគ្រាសធុនមីក្រូ តូច និងមធ្យម (MSMEs) នៅកម្ពុជា ក្នុងគោលដៅជំរុញការរីកចម្រើននៃអាជីវកម្ម និងកំណើនសេដ្ឋកិច្ចជាតិ។
ថ្លែងក្នុងវេទិកាថ្នាក់ជាតិស្តីពីហិរញ្ញប្បទានសម្រាប់សហគ្រាសធុនមីក្រូ តូច និងមធ្យម លើកទី១ ឆ្នាំ២០២៦ កាលពីសប្តាហ៍មុន ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ មានប្រសាសន៍ថា ក្នុងបរិបទដែលសេដ្ឋកិច្ចកម្ពុជាប្រឈមនឹងភាពមិនច្បាស់លាស់ រាជរដ្ឋាភិបាលតែងផ្តល់អាទិភាពខ្ពស់ដល់ការអភិវឌ្ឍ និងការគាំពារវិស័យឯកជន ជាពិសេសសហគ្រាសធុនមីក្រូ តូច និងមធ្យម។
ជាមួយគ្នានេះ រាជរដ្ឋាភិបាលបានបង្កើតស្ថាប័នគាំទ្រសំខាន់ៗចំនួន ៨ បន្ថែមលើគ្រឹះស្ថានធនាគារ និងគ្រឹះស្ថានហិរញ្ញវត្ថុឯកជន ដើម្បីពង្រីកលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់អាជីវកម្ម។ ស្ថាប័នទាំង ៨ រួមមាន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា សាជីវកម្មធានាឥណទានកម្ពុជា ផ្សារមូលបត្រកម្ពុជា មូលនិធិអភិវឌ្ឍន៍សហគ្រិនភាព មូលនិធិអភិវឌ្ឍន៍ជំនាញ សហគ្រិនខ្មែរ និងមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មី «តេជោ»។
លោកបណ្ឌិត ឌុច ដារិន្ទ សេដ្ឋវិទូ បានលើកឡើងថា ហិរញ្ញប្បទានទាំងនេះជួយដោះស្រាយបញ្ហាប្រឈមសំខាន់មួយរបស់ MSMEs គឺការខ្វះលទ្ធភាពទទួលបានទុន។ លោកបញ្ជាក់ថា ការទទួលបានទុនអាចជួយឱ្យសហគ្រាសពង្រីកផលិតកម្ម ទិញបច្ចេកវិទ្យា បង្កើតការងារ និងពង្រីកទីផ្សាររបស់ខ្លួន។
តាមការបញ្ជាក់របស់ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន ធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្ម បានផ្តល់សំពៀតឥណទានសរុបប្រមាណ ៥៣០ លានដុល្លារអាម៉េរិក ដល់ MSMEs ក្រុមហ៊ុន សហគមន៍កសិកម្ម និងតួអង្គពាក់ព័ន្ធក្នុងខ្សែច្រវាក់តម្លៃកសិកម្ម និងកសិឧស្សាហកម្ម។ ធនាគារនេះក៏បានចូលរួមផ្តល់ហិរញ្ញប្បទានបៃតង និងហិរញ្ញប្បទានប្រកបដោយចីរភាព ដើម្បីគាំទ្រវិស័យកសិកម្ម និងការអភិវឌ្ឍសេដ្ឋកិច្ចជនបទ តាមរយៈការផ្តល់ឥណទានដែលមានអត្រាការប្រាក់សមរម្យ និងលក្ខខណ្ឌអនុគ្រោះ។
ដោយឡែក ធនាគារសហគ្រាសធុនតូច និងមធ្យមកម្ពុជា (SME Bank) បានបញ្ចេញហិរញ្ញប្បទានផ្ទាល់ និងតាមរយៈគម្រោងសហហិរញ្ញប្បទានសរុបប្រមាណ ៦៥០ លានដុល្លារអាម៉េរិក ជូនដល់សហគ្រាសធុនតូច និងមធ្យមប្រមាណ ៤,០០០ ក្នុងវិស័យអាទិភាពនានា ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល។
ចំណែកសាជីវកម្មធានាឥណទានកម្ពុជា បានផ្តល់ការធានាឥណទានចំនួន ៩,៨៩១ គណនី ដែលមានទំហំឥណទានសរុបជិត ៦០០ លានដុល្លារអាម៉េរិក។ ក្នុងចំណោមគណនីទាំងនេះ ប្រមាណ ៩២% ជាគណនីរបស់សហគ្រាសធុនមីក្រូ តូច និងមធ្យម ដែលបង្ហាញពីតួនាទីរបស់យន្តការធានាឥណទានក្នុងការជួយឱ្យអាជីវកម្មមានលទ្ធភាពទទួលបានកម្ចីពីគ្រឹះស្ថានហិរញ្ញវត្ថុ។
ក្រៅពីឥណទាន និងការធានាឥណទាន ផ្សារមូលបត្រកម្ពុជាក៏បានបើកលទ្ធភាពឱ្យសហគ្រាសធុនតូច និងមធ្យមប្រមូលទុនតាមរយៈទីផ្សារមូលបត្រកម្មសិទ្ធិ ដោយផ្តល់លក្ខខណ្ឌអំណោយផលតាមរយៈទីផ្សារកំណើន។ ទីផ្សារនេះតម្រូវឱ្យក្រុមហ៊ុនមានដើមទុនអប្បបរមាត្រឹម ៥០ ម៉ឺនដុល្លារអាម៉េរិក និងមានប្រាក់ចំណេញយ៉ាងតិចមួយឆ្នាំ។ ជាក់ស្តែង មានក្រុមហ៊ុនចំនួន ៣ បានចុះបញ្ជីជួញដូរនៅក្នុងទីផ្សារនេះ ដោយប្រមូលទុនបានសរុបប្រមាណ ១៤ លានដុល្លារអាម៉េរិក។
យោងតាមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ MSMEs ត្រូវបានចាត់ទុកជា «ឆ្អឹងខ្នងនៃសេដ្ឋកិច្ចជាតិ»។ ជាក់ស្តែង តាមជំរឿនសេដ្ឋកិច្ចឆ្នាំ២០២២ របស់វិទ្យាស្ថានជាតិស្ថិតិ សហគ្រាសទាំងនេះបានរួមចំណែកប្រមាណ ៦៣% នៃផលិតផលក្នុងស្រុកសរុប និងផ្តល់ការងារជូនប្រជាជនលើសពី ៧០% ដោយមិនរាប់បញ្ចូលវិស័យកសិកម្ម។
ទោះជាយ៉ាងណា លោកបណ្ឌិត ឌុច ដារិន្ទ បានកត់សម្គាល់ថា នៅមានចំណុចខ្វះខាតមួយចំនួនពាក់ព័ន្ធនឹងតម្រូវការហិរញ្ញប្បទាន និងការទទួលបានកម្ចីរបស់ MSMEs។ លោកបានផ្តល់អនុសាសន៍ចំនួន ៣ រួមមាន ការពិចារណាឱ្យបានប្រុងប្រយ័ត្នលើការធានាឥណទាន ការធ្វើឱ្យនីតិវិធីកាន់តែសាមញ្ញ និងការពង្រឹងការបណ្តុះបណ្តាលលើផ្នែកគណនេយ្យ ហិរញ្ញវត្ថុ បច្ចេកវិទ្យា និងការគ្រប់គ្រងអាជីវកម្ម។
ជាការឆ្លើយតប ឯកឧត្តម អូន ព័ន្ធមុនីរ័ត្ន បានបញ្ជាក់ថា រាជរដ្ឋាភិបាលយកចិត្តទុកដាក់ខ្ពស់លើការធានានិរន្តរភាព ប្រសិទ្ធភាព និងស័ក្តិសិទ្ធិភាពនៃយន្តការហិរញ្ញប្បទានទាំងនេះ ដើម្បីផ្តល់ជម្រើសហិរញ្ញប្បទានជាច្រើនដែលសមស្របតាមប្រភេទអាជីវកម្មនីមួយៗ។ គោលដៅគឺជួយឱ្យសហគ្រាសគ្រប់ទំហំ និងធុរកិច្ចថ្មី មានលទ្ធភាពពង្រីកអាជីវកម្ម និងពង្រឹងតួនាទីរបស់វិស័យឯកជនក្នុងការគាំទ្រសេដ្ឋកិច្ចជាតិ។
ឯកឧត្តមបានបន្ថែមថា ភាគីពាក់ព័ន្ធកំពុងយកចិត្តទុកដាក់អភិវឌ្ឍអេកូប្រព័ន្ធហិរញ្ញវត្ថុ និងអេកូប្រព័ន្ធឌីជីថល សម្រាប់ខ្សែច្រវាក់ផ្គត់ផ្គង់ហិរញ្ញប្បទាន ដើម្បីសម្រួលដល់ការវាយតម្លៃហានិភ័យ និងបង្កើតយន្តការផ្តល់ហិរញ្ញប្បទានដែលមានភាពបត់បែន ប៉ុន្តែប្រកបដោយការប្រុងប្រយ័ត្ន។ យន្តការនេះនឹងជួយជំរុញការផ្តល់ឥណទានក្នុងអត្រាការប្រាក់ទាបសមរម្យ និងរយៈពេលសមស្រប តាមរយៈគ្រឹះស្ថានហិរញ្ញវត្ថុជាដៃគូ ព្រមទាំងពង្រីកបណ្តាញតួអង្គពាក់ព័ន្ធ និងការផ្សព្វផ្សាយព័ត៌មានអំពីលទ្ធភាពទទួលបានហិរញ្ញប្បទានឱ្យកាន់តែទូលំទូលាយ៕





វិថីហិរញ្ញវត្ថុ

































































Account
Security
Favourite Content