បរទេស៖ វៀតណាម បានកំណត់គោលដៅនាំចេញចេកឲ្យឈានដល់តម្លៃ ១ ពាន់លានដុល្លារ ដោយសារការកើនឡើងនៃការវិនិយោគ និងការពង្រីកទីផ្សារនាំចេញ នេះបើយោងតាមសេចក្ដីរាយការណ៍ពី VN Express ។
យោងតាមអ្នកជំនាញទីផ្សារបានឱ្យដឹងថា ការនាំចេញចេករបស់វៀតណាមអាចសម្រេចបានលើសពី ១ ពាន់លានដុល្លារក្នុងពេលអនាគតដ៏ខ្លីខាងមុខ ដោយសារការកើនឡើងនៃការវិនិយោគ ដែលជំរុញដោយខ្សែសង្វាក់តម្លៃ និងការពង្រីកទីផ្សារនាំចេញ។
លោកសាស្ត្រាចារ្យ Le Quoc Doanh អតីតអនុរដ្ឋមន្ត្រីក្រសួងកសិកម្ម និងអភិវឌ្ឍន៍ជនបទវៀតណាម បានលើកឡើងថា វៀតណាម អាចបង្កើនទិន្នផលចេកប្រហែល ២,៨ លានតោនក្នុងមួយឆ្នាំៗ និងកើនឡើងជាលំដាប់ ដែលឆ្លុះបញ្ចាំងពីការពង្រីកសមត្ថភាពផលិតកម្មរបស់ឧស្សាហកម្មនេះ។ កាលពីឆ្នាំ២០២៤ ការនាំចេញផ្លែចេក បានសម្រេចប្រមាណ ៣៧៨ លានដុល្លារ ដែលជាប់ចំណាត់ថ្នាក់ទី ៤ ក្នុងចំណោមការនាំចេញផ្លែឈើ ដូចជា ធុរេន ស្រកានាគ និងដូង។ យ៉ាងណាមិញ លោក Doanh លើកឡើងថា តួលេខនេះនៅតែមានកម្រិតតិចតួច បើប្រៀបធៀបទៅនឹងទំហំផលិតកម្ម និងសក្តានុពលរួមរបស់ឧស្សាហកម្មនេះ។
លោក Pham Quoc Liem ប្រធានសាជីវកម្មកសិកម្ម U&I បានលើកឡើងថា ទីផ្សារចេកពិភពលោកមានតម្លៃប្រហែល ១៥,៣ ពាន់លានដុល្លារក្នុងឆ្នាំ២០២៤ ហើយព្យាករណ៍ អាចនឹងកើនឡើងដល់ ២១ ពាន់លានដុល្លារនៅឆ្នាំ២០៣០។ សម្រាប់ផ្នែកផលិតកម្មចេករបស់លើពិភពលោក វៀតណាម ជាប់ចំណាត់ថ្នាក់ទី ៩ ប៉ុន្តែការនាំចេញរបស់វៀតណាមនៅតែមានកម្រិតទាបនៅឡើយ។ ចេករបស់វៀតណាមកាន់កាប់ចំណែកទីផ្សារជិត ៤០% នៅក្នុងប្រទេសចិន ប្រហែល ៣% នៅជប៉ុន និងក្រោម ១៧% នៅកូរ៉េខាងត្បូង ។

សូមជម្រាបថា ឧស្សាហកម្មចេកវៀតណាមនៅបន្តប្រឈមមុខនឹងបញ្ហាបើទោះបីជាមានទស្សនវិស័យខ្លាំងក៏ដោយ ខណៈដែលមន្ត្រីជំនាញបានលើកឡើងថា ចំណេះដឹងផ្នែកទីផ្សារនៅតែមានកម្រិតសម្រាប់អ្នកផលិត ជាពិសេសសម្រាប់ការនាំចេញជាក់ស្តែងមិនត្រូវគ្នាទៅនឹងតម្រូវការទីផ្សារ។ មិនត្រឹមតែប៉ុណ្ណោះ បញ្ហាបច្ចេកទេសទាក់ទងនឹងការដាក់ដំណាំ និងកម្រិតសំណល់ជាតិគីមីកំពុងដាក់សម្ពាធកាន់តែខ្លាំងលើកសិករ និងអ្នកនាំចេញ។
គួរបញ្ជាក់ថា បច្ចុប្បន្ន ដំណាំចេកនៅវៀតណាមមានយ៉ាងហោចណាស់ ១៦៣ ០០០ ទៅ ១៦៥ ០០០ ហិកតានៅឆ្នាំ២០២៥ ជាមួយនឹងទិន្នផលប៉ាន់ស្មាន ២,៧៥ លានតោនក្នុងមួយឆ្នាំៗ ហើយអាចឈានដល់ ៣ តោននៅឆ្នាំ២០៣០៕




វិថីហិរញ្ញវត្ថុ





















Account
Security
Favourite Content