ភ្នំពេញ ៖ សមាគម មីក្រូហិរញ្ញវត្ថុកម្ពុជា នាថ្ងៃទី៩ ខែកក្កដា ឆ្នាំ២០២៥ ដោយមានកិច្ចគាំទ្រពីអង្គការ Water.org បានរៀបចំកម្មវិធីសិក្ខាសាលាផ្សព្វផ្សាយស្តីពី «ការជំរុញការលក់ផលិតផលឥណទានទឹកស្អាត និងអនាម័យតាមរយៈការអនុវត្តជាក់ស្តែង» ក្នុងគោលបំណងបញ្ជ្រាបការយល់ដឹងកាន់តែស៊ីជម្រៅពាក់ព័ន្ធនឹងការធ្វើប្រតិបត្តិការផ្តល់ឥណទានទឹកស្អាត និងអនាម័យ យុទ្ធសាស្ត្រក្នុងការកំណត់អតិថិជនគោលដៅ ក៏ដូចជាការធ្វើទីផ្សារឱ្យមានភាពទាក់ទាញ និងប្រសិទ្ធភាពខ្ពស់។ បន្ថែមលើនេះសិក្ខាសាលាដដែលក៏មានគោលបំណងដើម្បីចែករំលែកនូវសមិទ្ធផលសម្រេចបាន និងផលជះវិជ្ជមានចំពោះសហគមន៍របស់គម្រោងឥណទានទឹកស្អាត និងអនាម័យ (WCAD) ដែលបានដាក់ឱ្យអនុវត្តចាប់តាំងពីពាក់កណ្តាលឆ្នាំ២០២៣។

ថ្លែងនៅក្នុងសិក្ខាសាលាដែលមានការចូលរួមពីតំណាងគ្រឹះស្ថានហិរញ្ញវត្ថុជិត ៨០នាក់ លោកជំទាវ ឌិត នីតា ប្រធានក្រុមប្រឹក្សាភិបាល សមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា បានលើកឡើងពីសារៈសំខាន់នៃសិក្ខាសាលាផ្សព្វផ្សាយព្រមទាំងបានលើកទឹកចិត្តដល់គ្រឹះស្ថានដែលបានចូលរួមក្នុងគម្រោងឱ្យបន្តគាំទ្រ និងចូលរួមសហការជាមួយសមាគមបន្ថែមទៀតដើម្បីចូលរួមចំណែកក្នុងការអនុវត្តគម្រោងឱ្យកាន់តែមានភាពរីកចម្រើន។
លោកជំទាវបានមានប្រសាសន៍បញ្ជាក់ថា ៖
«ឥណទានទឹកស្អាត និងអនាម័យមិនមែនត្រឹមតែជាផលិតផល និងការផ្តល់សេវាកម្មហិរញ្ញវត្ថុប៉ុណ្ណោះទេ តែវាជាដំណោះស្រាយប្រកបដោយនវានុវត្តន៍ ដែលផ្តល់លទ្ធភាពឲ្យប្រជាជនផ្លាស់ប្តូរជីវភាពរស់នៅប្រកបដោយសុខភាពល្អ អនាម័យ និងសេចក្តីថ្លៃថ្លូ។ ការចូលរួមរបស់សមាជិកទាំង១៨ ស្ថាប័ន ក្នុងការអនុវត្តឥណទានទឹកស្អាត និងអនាម័យ គឺបង្ហាញពីការប្តេជ្ញាចិត្តខ្ពស់ក្នុងការចូលរួមចំណែកលេីកកម្ពស់សុខភាពសារធារណៈ»។
បន្ថែមលើនេះ លោកជំទាវ ប្រធានក្រុមប្រឹក្សាភិបាលក៏បានរំលេចផងដែរ ពីផលជះវិជ្ជមាននៃគម្រោង WCAD ចំពោះសហគមន៍ ជាពិសេសប្រជាពលរដ្ឋនៅតាមទីជនបទឱ្យមានលទ្ធភាពទទួលបានហិរញ្ញប្បទានដ៏សមស្របសម្រាប់តម្រូវការអាជីវកម្ម ក៏ដូចជាជួយលើកកម្ពស់ដល់សុខមាលភាពរបស់ប្រជាពលរដ្ឋផងដែរ។

គួររម្លឹកដែរថា គិតត្រឹមបំណាច់ខែមិថុនា ឆ្នាំ២០២៥ គម្រោង WCAD បានផ្តល់ឥណទានសរុប ២១,៤ លានដុល្លារសហរដ្ឋអាម៉េរិក ដល់ប្រជាពលរដ្ឋ និងក្រុមគ្រួសារជាង ១៣ម៉ឺននាក់ នៅទូទាំងប្រទេស។ ផលជះវិជ្ជមានទាំងនេះជាសក្តីភាពបង្ហាញពីការយកចិត្តទុកដាក់ និងការចូលរួមចំណែកដ៏សំខាន់របស់វិស័យមីក្រូហិរញ្ញវត្ថុនៅកម្ពុជា និងភាគីពាក់ព័ន្ធដើម្បីសម្រេចបាននូវផែនការយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល ក៏ដូចជាការលើកកម្ពស់ជីវភាពរស់នៅ និងសុខមាលភាពរបស់ប្រជាពលរដ្ឋនៅតាមទីជនបទតាមរយៈការជំរុញលទ្ធភាពទទួលបានហិរញ្ញប្បទានសម្រាប់ការផ្គត់ផ្គង់ទឹកស្អាតនិងអនាម័យ៕

























វិថីហិរញ្ញវត្ថុ
























Account
Security
Favourite Content